KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Chronicles - របាក្សត្រ ទី២ 21 - Khmer, Central - Old Version - Bible.is - KMHKOV

  1  កាលព្រះបាទយ៉ូសាផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។   2  ព្រះបាទយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្តេចអសារាយេហ៊ីអែល សាការីអសារា មីកែល និង សេផាធា ហើយទាំងអស់គ្នា សុទ្ធតែជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្តេចអ៊ីស្រាអែល។   3  ព្រះបាទយ៉ូសាផាតជាបិតាបានចែកអំណោយជាមាសជាប្រាក់យ៉ាងច្រើន អោយបុត្រឯទៀតៗ ព្រមទាំងប្រគល់ក្រុងនានាដែលមានកំពែងរឹងមាំ ក្នុងស្រុកយូដាអោយបុត្រទាំងនោះកាន់កាប់ទៀតផង តែស្តេចប្រគល់រាជសម្បត្តិអោយព្រះបាទយ៉ូរ៉ាម ព្រោះជាបុត្រច្បង។   4  កាលព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យបិតា និង ពង្រឹងអំណាចបានហើយ ស្តេចធ្វើគុតអនុជទាំងអស់ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រាអែលទៀតផង។   5  នៅពេលឡើងសោយរាជ្យ ព្រះបាទយ៉ូរ៉ាមមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។   6  ស្តេចដើរតាមមាគ៌ារបស់ស្តេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និង ប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះស្តេចបានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយស្តេចប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់។   7  ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហប្ញទ័យនឹងលុបបំបាត់រាជវង្សរបស់ព្រះបាទដាវីឌទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយព្រះបាទដាវីឌ ហើយព្រះអង្គក៏បានសន្យាថានឹងប្រោសប្រទានអោយពូជពង្សរបស់ព្រះបាទដាវីឌឡើងសោយរាជ្យរហូតតទៅ។   8  ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្តេចមួយអង្គ អោយឡើងគ្រងរាជ្យលើពួកគេ។   9  ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅដោយមានពួកមេទ័ព និង រទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្តេច និង ពួកមេបញ្ជាការកងរទេះចំបាំង។ ស្តេចក៏តើនឡើងនៅពេលយប់ហើយវាយបើកផ្លូវ។   10  តាំងពីពេលនោះមកជនជាតិអេដុមបានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះបាទយ៉ូរ៉ាមដែរ ព្រោះស្តេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។   11  ព្រះបាទយ៉ូរ៉ាមបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ លើភ្នំទាំងឡាយក្នុងស្រុកយូដា។ ស្តេចជំរុញអ្នកក្រុងយេរូសាឡឹម និង អ្នកស្រុកអោយគោរពព្រះដទៃ។   12  ស្តេចបានទទួលលិខិតមួយច្បាប់ពីព្យាការីអេលីយ៉ា ដែលមានសេចក្តីដូចតទៅ"ព្រះអម្ចាស់ ជាព្រះរបស់ព្រះបាទដាវីឌជាអយ្យកោរបស់ព្រះករុណា មានព្រះបន្ទូលថាព្រះករុណាពុំបានដើរតាមមាគ៌ារបស់ព្រះបាទយ៉ូសាផាត ជាបិតារបស់ព្រះករុណាទេ ហើយព្រះករុណាក៏មិនដើរតាមមាគ៌ារបស់ព្រះបាទអេសា ជាស្តេចស្រុកយូដាដែរ។   13  ផ្ទុយទៅវិញ ព្រះករុណាដើរតាមផ្លូវរបស់ស្តេចទាំងឡាយនៃស្រុកអ៊ីស្រាអែល ព្រះករុណាទាក់ទាញអ្នកស្រុកយូដានិង អ្នកក្រុងយេរូសាឡឹមអោយគោរពព្រះដទៃ ដូចរាជវង្សរបស់ស្តេចអហាប់បានប្រព្រឹត្ត ហើយព្រះករុណាបានសម្លាប់ប្អូនបង្កើតរបស់ព្រះករុណា ដែលសុទ្ធតែជាមនុស្សប្រសើរជាងព្រះករុណាដែរ។   14  ហេតុនេះព្រះអម្ចាស់នឹងប្រហារប្រជារាស្ត្រព្រមទាំងបុត្រា មហេសី និង ទ្រព្យសម្បត្តិរបស់ព្រះករុណាដោយគ្រោះកាចដ៏សាហាវ។   15  រីឯព្រះករុណាវិញ ព្រះជាម្ចាស់នឹងធ្វើអោយព្រះករុណាមានជំងឺជាទម្ងន់ គឺព្រះករុណានឹងមានរោគពោះវៀន ដែលបណ្តាលអោយព្រះករុណាឈឺចាប់កាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាយចេញមក"។   16  ព្រះអម្ចាស់បានជំរុញជនជាតិភីលីស្ទីន និង ជនជាតិអារ៉ាប់ដែលរស់នៅក្បែរជនជាតិអេត្យូពីអោយមានគំនិតប្រឆាំងនឹងព្រះបាទយ៉ូរ៉ាម។   17  អ្នកទាំងនោះលើកគ្នាចូលមករាតត្បាតស្រុកយូដា និង រឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងវាំងស្តេច ព្រមទាំងចាប់បុត្រ និង មហេសីរបស់ស្តេចនាំយកទៅជាមួយផង គឺនៅសល់តែសម្តេចអហាស៊ីយាមួយអង្គគត់ ដែលក្មេងជាងគេ។   18  បន្ទាប់មក ព្រះអម្ចាស់ប្រហារស្តេចដោយជំងឺពោះវៀន ដែលពុំអាចព្យាបាលអោយជាបានឡើយ។   19  ជំងឺនោះកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ប្រមាណជាពីរឆ្នាំក្រោយមក ពោះវៀនរបស់ស្តេចយ៉ូរ៉ាមក៏ធ្លាយចេញពីរូបកាយ ហើយស្តេចសោយទិវង្គត ដោយឈឺចាប់បំផុត។ ប្រជាជនពុំបានធ្វើពិធីថ្វាយព្រះភ្លើងចំពោះស្តេច ដូចគេបានធ្វើចំពោះអយ្យកោរបស់ស្តេចឡើយ។   20  ព្រះបាទយ៉ូរ៉ាមឡើងសោយរាជ្យនៅពេលមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្តេចសោយទិវង្គតគ្មាននរណាសោកស្តាយទេ។ គេបញ្ចុះសពនៅបុរីព្រះបាទដាវីឌ តែមិនតម្កល់នៅក្នុងផ្នូរដែលគេបំរុងទុកសំរាប់ព្រះមហាក្សត្រឡើយ។