KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Chronicles - របាក្សត្រ ទី២ 17 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះបាទយ៉ូសាផាត បានឡើងស្នងរាជ្យព្រះបាទអេសា ជាបិតា ហើយស្តេចពង្រឹងកម្លាំងតទល់នឹងស្រុកអ៊ីស្រាអែល។   2  ស្តេចបានដាក់ទ័ពនៅតាមទីក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំក្នុងស្រុកយូដានិង ដាក់ខ្សែត្រៀមនៅតាមក្រុងនានា ក្នុងស្រុកអេប្រាអ៊ីម ជាក្រុងដែលព្រះបាទអេសា ជាបិតា ដណ្តើមយកបាន។   3  ព្រះអម្ចាស់គង់នៅជាមួយព្រះបាទយ៉ូសាផាត ដ្បិតស្តេចប្រព្រឹត្តតាមមាគ៌ាដើមដំបូងរបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោ គឺទ្រង់ពុំបានស្វែងរកព្រះបាលទេ។   4  ស្តេចបានស្វែងរកព្រះនៃអយ្យកោរបស់ស្តេច និង ធ្វើតាមបទបញ្ជារបស់ព្រះអង្គ គឺទ្រង់មិនធ្វើដូចអ្នកស្រុកអ៊ីស្រាអែលទេ។   5  ព្រះអម្ចាស់ពង្រឹងរាជ្យសម្បត្តិរបស់ស្តេចអោយបានរឹងប៉ឹង ហើយប្រជាជនយូដាទាំងមូល តែងតែនាំយកតង្វាយមកថ្វាយព្រះបាទយ៉ូសាផាត។ ស្តេចមានទ្រព្យសម្បត្តិ និង កិត្តិយសយ៉ាងច្រើនបំផុត។   6  ស្តេចខ្នះខ្នែងធ្វើតាមមាគ៌ារបស់ព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ហើយលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និង បង្គោលរបស់ព្រះអាសេរ៉ាអស់ពីទឹកដីយូដា។   7  នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសាផាតស្តេចបានចាត់មន្ត្រីមួយក្រុម គឺមាន លោកបេន-ហែល លោកអូបាឌា លោកសាការី លោកនេថានេល និង លោកមីកាយ៉ាអោយចុះទៅអប់រំប្រជាជននៅតាមក្រុងនានាក្នុងស្រុកយូដា។   8  ក្រុមលេវី ដែលមានលោកសេម៉ាយ៉ា លោកនេថានា លោកសេបាឌា លោកអេសាអែលលោកសេមីរ៉ាម៉ុត លោកយ៉ូណាថាន លោកអដូនីយ៉ា លោកថូប៊ីយ៉ា លោកថូប-អដូនីយ៉ា ព្រមទាំងក្រុមបូជាចារ្យ ដែលមានលោកអេលីសាម៉ា និង លោកយ៉ូរ៉ាម ក៏រួមដំណើរជាមួយមន្ត្រីទាំងនោះដែរ។   9  ពួកគេបង្រៀនប្រជាជននៅស្រុកយូដា ដោយយកក្រឹត្យវិន័យ របស់ព្រះអម្ចាស់ ទៅជាមួយផង។ ពួកគេធ្វើដំណើរតាមក្រុងទាំងអស់នៃស្រុកយូដា ហើយប្រៀនប្រដៅអ្នកស្រុក។   10  ព្រះអម្ចាស់បានធ្វើអោយនគរទាំងប៉ុន្មាននៅជុំវិញស្រុកយូដា ភ័យខ្លាចជាខ្លាំង ពួកគេមិនហ៊ានធ្វើសង្គ្រាមតទល់នឹងព្រះបាទយ៉ូសាផាតឡើយ។   11  ជនជាតិភីលីស្ទីននាំយកតង្វាយ និង សួយសារអាករ ជាប្រាក់មកថ្វាយព្រះបាទយ៉ូសាផាត។ ជនជាតិអារ៉ាប់ក៏នាំយកចៀមឈ្មោល៧ ៧០០ក្បាល និង ពពែឈ្មោល៧ ៧០០ ក្បាលមកថ្វាយស្តេចដែរ។   12  ព្រះបាទយ៉ូសាផាតមានអំណាចកាន់តែខ្លាំងឡើងៗ។ ស្តេចសង់បន្ទាយជាច្រើននៅស្រុកយូដា ព្រមទាំងសង់ក្រុងនានា ជាកន្លែងសំរាប់ផ្ទុកស្បៀង។   13  ស្តេចមានក្រសួងការងារជាច្រើន នៅតាមក្រុងនានាក្នុងស្រុកយូដា ព្រមទាំងមានទាហានដ៏ចំណានៗ និង វិរបុរសដ៏អង់អាចនៅក្រុងយេរូសាឡឹម។   14  ទាហានទាំងនោះមានចែកជាកងពល តាមក្រុមគ្រួសាររបស់ពួកគេ។ ក្នុងកុលសម្ព័ន្ធយូដា មានមេបញ្ជាការកងពល ដូចតទៅ : លោកអ័ឌណា ជាមេបញ្ជាការលើកងពល ៣០០ ០០០នាក់។   15  សហការីរបស់គាត់មាន លោកយ៉ូហាណាន ជាមេបញ្ជាការលើកងពល២៨០ ០០០ នាក់។   16  សហការីមួយរូបទៀត គឺលោកអម៉ាស៊ីយ៉ា ជាកូនរបស់លោកស៊ិកគ្រី ដែលបានស្ម័គ្រចិត្តញែកខ្លួនថ្វាយព្រះអម្ចាស់ និង ជាមេបញ្ជាការលើកងពល ២០០ ០០០ នាក់។   17  ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានលោកអេលីយ៉ាដា ជានាយទាហានដ៏អង់អាច និង ជាមេបញ្ជាការលើកងពល ២០០ ០០០ នាក់ជាទាហានដែលប្រដាប់ខ្លួនដោយធ្នូ និង ខែល។   18  សហការីរបស់គាត់មានលោកយ៉ូសាបា ជាមេបញ្ជាការលើកងពល ១៨០ ០០០ នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ។   19  អ្នកទាំងនេះសុទ្ធតែនៅបំរើស្តេច រួមទាំងអ្នកឯទៀតៗ ដែលស្តេចដាក់អោយប្រចាំការនៅតាមក្រុងដែលមានកំពែងរឹងមាំទាំងប៉ុន្មាន ក្នុងស្រុកយូដា។