1 ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទព្រះបាទដាវីឌមានអំណាចកាន់តែរឹងមាំឡើង។ ព្រះអម្ចាស់ ជាព្រះរបស់ស្តេច គង់នៅជាមួយ ហើយប្រោសប្រទានអោយស្តេចបានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។ 2 ព្រះបាទសាឡូម៉ូនកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រាអែលទាំងអស់ និង មេក្រុមគ្រួសារ។ 3 ព្រះបាទសាឡូម៉ូន និង អង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅគីបៀន ដ្បិតព្រះពន្លាជួបព្រះជាម្ចាស់ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គបានសង់ នៅវាលរហោស្ថានស្ថិតនៅទីនោះ។ 4 រីឯហិបរបស់ព្រះជាម្ចាស់ ព្រះបាទដាវីឌដង្ហែពីក្រុងគាយ៉ាត់-យារីម មកតម្កល់នៅកន្លែងដែលស្តេចត្រៀមទុក ក្នុងពន្លានៅក្រុងយេរូសាឡឹម។ 5 អាសនៈលង្ហិនដែលលោកបេតសាលាលជាកូនរបស់លោកយូរី និង ជាចៅរបស់លោកហើរបានធ្វើ ក៏ស្ថិតនៅមុខព្រះពន្លានៅគីបៀនដែរ។ នៅទីនោះព្រះបាទសាឡូម៉ូន និង អង្គប្រជុំទាំងមូលនាំគ្នាទូលសួរព្រះអម្ចាស់។ 6 ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។ 7 នៅយប់នោះ ព្រះអម្ចាស់សំដែងបានអោយព្រះបាទសាឡូម៉ូនឃើញ ហើយមានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វីចូរសុំមកចុះយើងនឹងប្រគល់អោយ»។ 8 ព្រះបាទសាឡូម៉ូនទូលព្រះជាម្ចាស់វិញថា៖ «ព្រះអង្គបានសំដែងព្រះហឫទ័យមេត្តាករុណាដ៏ធំធេងចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ហើយព្រះអង្គក៏អោយទូលបង្គំឡើងគ្រងរាជ្យតពីបិតាទៀត។ 9 បពិត្រ ព្រះជាម្ចាស់ ឥឡូវនេះ ព្រះអង្គសំរេចព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំហើយ ដ្បិតព្រះអង្គបានតែងតាំងទូលបង្គំអោយគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនាដូចធូលី។ 10 សូមប្រោសប្រទានអោយទូលបង្គំមានប្រាជ្ញា និង ការយល់ដឹងដើម្បីអោយទូលបង្គំចេះដឹកនាំប្រជារាស្ត្រនេះ។ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនរបស់ព្រះអង្គបាន?»។ 11 ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «អ្នកមិនបានទូលសូម អោយមានទ្រព្យសម្បត្តិស្តុកស្តម្ភភាពថ្កុំថ្កើងរុងរឿង ឬ អោយបច្ចាមិត្តរបស់អ្នកត្រូវស្លាប់ហើយក៏មិនបានទូលសូមអោយមានអាយុវែងដែរ តែអ្នកទូលសូមអោយមានប្រាជ្ញា និង ការយល់ដឹងដើម្បីគ្រប់គ្រងលើប្រជារាស្ត្រដែលយើងបានតែងតាំងអ្នកអោយគ្រងរាជ្យលើពួកគេ។ ដោយអ្នកមានបំណងដូច្នេះ 12 យើងអោយអ្នកមានប្រាជ្ញា និង ការយល់ដឹង។ លើសពីនេះ យើងក៏ផ្តល់អោយអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភភាពថ្កុំថ្កើងរុងរឿង គ្មានស្តេចណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តីឬ ទៅអនាគតក្តី»។ 13 ព្រះបាទសាឡូម៉ូន យាងពីកន្លែងសក្ការៈតាមទួលខ្ពស់ នៅគីបៀនគឺត្រង់ពន្លាជួបព្រះអម្ចាស់វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ 14 ព្រះបាទសាឡូម៉ូនប្រមូលរទេះចំបាំង និង ពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និង ពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្តេចទុកមួយចំនួនអោយនៅជាមួយស្តេចក្នុងក្រុងយេរូសាឡឹម និង មួយចំនួនទៀតអោយទៅនៅតាមក្រុងនានាដែលស្តេចបំរុងសំរាប់ទ័ពទាំងនោះ។ 15 ព្រះរាជាបានធ្វើអោយក្រុងយេរូសាឡឹមមានប្រាក់ មាស សម្បូណ៌ដូចដុំថ្ម និង មានឈើតាត្រៅសម្បូណ៌ដូចដើមរាំងដែលដុះនៅតាមវាលទំនាប។ 16 ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និង គីលីគាមកថ្វាយព្រះបាទសាឡូម៉ូន។ 17 ពួកគេនាំរទេះមកពីស្រុកអេស៊ីបរទេះមួយមានតម្លៃជាប្រាក់សុទ្ធ ប្រាំមួយរយស្លឹង និង សេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និង រទេះទៅលក់ថ្វាយស្តេចទាំងប៉ុន្មាននៃជនជាតិហេត និង ស្តេចនៃជនជាតិស៊ីរីដែរ។