KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Samuel - សំាយូអែល ទី ១ 7 - Khmer, Central - Old Version - Bible.is - KMHKOV

  1  អ្នកស្រុកគារយ៉ាត-យារីមនាំគ្នាមក ហើយយកហិបរបស់ព្រះអម្ចាស់ទៅតម្កល់ក្នុងផ្ទះរបស់លោកអប៊ីណាដាប់ដែលស្ថិតនៅលើភ្នំ។ ពួកគេតែងតាំងលោកអេឡាសារជាកូនរបស់លោកអប៊ីណាដាប់ អោយថែរក្សាហិបរបស់ព្រះអម្ចាស់។   2  ជាយូរលង់ក្រោយមក គឺប្រមាណម្ភៃឆ្នាំក្រោយពេលដែលគេយកហិប ទៅតម្កល់នៅគារយ៉ាត-យារីម ពូជពង្សអ៊ីស្រាអែលទាំងមូលនាំគ្នាស្រែកអង្វររកព្រះអម្ចាស់។   3  ពេលនោះលោកសាំយូអែលមានប្រសាសន៍ទៅកាន់ពូជពង្សអ៊ីស្រាអែលទាំងមូលថា៖ « បើសិនជាអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និង ព្រះអាស្តារ៉ូត ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ និង គោរពបំរើតែព្រះអង្គមួយប៉ុណ្ណោះ នោះព្រះអង្គនឹងរំដោះអ្នករាល់គ្នាពីកណ្តាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។   4  ជនជាតិអ៊ីស្រាអែលបាននាំគ្នាបោះបង់ចោលព្រះបាល និង ព្រះអាស្តារ៉ូត ហើយគោរពបំរើតែព្រះអម្ចាស់ប៉ុណ្ណោះ។   5  លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរប្រមូលផ្តុំជនជាតិអ៊ីស្រាអែលទាំងអស់ នៅមីសប៉ា រួចហើយខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ អោយអ្នករាល់គ្នា»។   6  ជនជាតិអ៊ីស្រាអែលក៏ប្រជុំគ្នានៅមីសប៉ាពួកគេបានដងទឹកយកទៅចាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយតមអាហារនៅថ្ងៃនោះ។ ពួកគេសារភាពថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់ព្រះអម្ចាស់»។ លោកសាំយូអែលគ្រប់គ្រងប្រជាជនអ៊ីស្រាអែល នៅមីសប៉ា។   7  កាលជនជាតិភីលីស្ទីនបានឮដំណឹងថាជនជាតិអ៊ីស្រាអែលប្រជុំគ្នានៅមីសប៉ា ពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏លើកទ័ពទៅវាយជនជាតិអ៊ីស្រាអែល។ ដំណឹងនេះបានធ្វើអោយជនជាតិអ៊ីស្រាអែលភ័យខ្លាចជាខ្លាំង។   8  ពួកគេជំរាបលោកសាំយូអែលថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំឡើយ! តែសូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើងដើម្បីអោយព្រះអង្គសង្គ្រោះយើងពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន»។   9  លោកសាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ រួចទូលអង្វរសូមព្រះអម្ចាស់ជួយជនជាតិអ៊ីស្រាអែលព្រះអង្គក៏ឆ្លើយតបមកលោកវិញ។   10  នៅពេលដែលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុតកងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ នៅថ្ងៃនោះព្រះអម្ចាស់ធ្វើអោយមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្តាលអោយពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល។   11  កងទ័ពអ៊ីស្រាអែលចេញពីមីសប៉ាដេញតាមប្រហារពួកភីលីស្ទីន រហូតដល់បេតកា។   12  លោកសាំយូអែលបានយកថ្មមកដាក់នៅចន្លោះមីសប៉ា និង សេន ហើយដាក់ឈ្មោះថ្មនោះថាអេបេន-អេស៊ើរ ដោយពោលថា ព្រះអម្ចាស់បានសង្គ្រោះយើងរហូតដល់ពេលនេះ។   13  កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់បានសំដែងប្ញទ្ធានុភាពប្រឆាំងនឹងជនជាតិភីលីស្ទីនអស់មួយជីវិតរបស់លោកសាំយូអែល។   14  ក្រុងទាំងប៉ុន្មាន ដែលពួកភីលីស្ទីនវាយដណ្តើមយកពីអ៊ីស្រាអែលនោះ គឺចាប់តាំងពីក្រុងអេក្រុនរហូតដល់កាថ និង តំបន់ជិតខាងបានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីស្រាអែលជនជាតិអ៊ីស្រាអែលរំដោះយកទឹកដីទាំងនោះ ពីកណ្តាប់ដៃរបស់ពួកភីលីស្ទីន។ មួយវិញទៀតជនជាតិអ៊ីស្រាអែលនិង ជនជាតិអាម៉ូរី ក៏រស់នៅយ៉ាងសុខសាន្តជាមួយគ្នាដែរ។   15  លោកសាំយូអែលបានគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់មួយជីវិត។   16  រៀងរាល់ឆ្នាំលោកតែងធ្វើដំណើរជុំវិញស្រុកអ៊ីស្រាអែលពីបេតអែលទៅគីលកាល់ និង មីសប៉ាហើយលោកកាត់ក្តីអោយជនជាតិអ៊ីស្រាអែលនៅកន្លែងទាំងនោះ។   17  បន្ទាប់មកលោកវិលត្រឡប់ទៅគេហដ្ឋានរបស់លោកនៅរ៉ាម៉ាវិញ គឺទីនោះហើយដែលលោកកាត់ក្តីអោយជនជាតិអ៊ីស្រាអែល និង សង់អាសនៈមួយថ្វាយព្រះអម្ចាស់។