KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Samuel - សំាយូអែល ទី ១ 6 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ហិបរបស់ព្រះអម្ចាស់ស្ថិតនៅលើទឹកដីភីលីស្ទីន អស់រយៈពេលប្រាំពីរខែ។   2  ជនជាតិភីលីស្ទីនហៅពួកបូជាចារ្យ និង គ្រូទាយរបស់ពួកគេមកសួរថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះអម្ចាស់? សូមប្រាប់យើងមកតើយើងត្រូវបញ្ជូនហិបនេះទៅកន្លែងដើមវិញដោយវិធីណា?»។   3  ពួកគេតបមកវិញថា៖ «បើសិនជាអ្នករាល់គ្នាចង់បញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅវិញ សូមកុំបញ្ជូនទៅដោយឥតផ្ញើអ្វីទៅជាមួយឡើយ គឺត្រូវយកតង្វាយទៅថ្វាយព្រះអង្គ សូមព្រះអង្គលើកលែងទោសអោយអ្នករាល់គ្នាដើម្បីអ្នករាល់គ្នាបានជាសះស្បើយ ហើយដឹងអំពីមូលហេតុដែលព្រះអង្គដាក់ទោសអ្នករាល់គ្នា»។   4  ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកតង្វាយអ្វីទៅថ្វាយ ដើម្បីសូមព្រះអង្គលើកលែងទោសអោយ?»។ ពួកបូជាចារ្យ និង ពួកគ្រូទាយឆ្លើយថា៖ «សូមយករូបប្ញសដូងបាតធ្វើពីមាសចំនួនប្រាំ និង រូបកណ្តុរមាសប្រាំស្របតាមចំនួនស្តេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និង ស្តេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។   5  ចូរឆ្លាក់រូបឫសដូងបាត និង រូបកណ្តុរដែលរាតត្បាតស្រុករបស់អ្នករាល់គ្នា រួចលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលទៅ នោះប្រហែលជាព្រះអង្គនឹងបន្ធូរបន្ថយទណ្ឌកម្មលើអ្នករាល់គ្នា លើព្រះរបស់អ្នករាល់គ្នា និង លើស្រុករបស់អ្នករាល់គ្នាផង។   6  ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តរឹងរូស ដូចជនជាតិអេស៊ីប និង ព្រះចៅផារ៉ោនដូច្នេះ? ព្រះជាម្ចាស់បានដាក់ទោសជនជាតិអេស៊ីបយ៉ាងធ្ងន់ រហូតដល់ពួកគេយល់ព្រមអោយជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកនោះ។   7  ចូររៀបចំរទេះថ្មីមួយ ព្រមទាំងយកមេគោពីរក្បាល ដែលកំពុងបំបៅកូន និង ពុំដែលទឹមសោះមកទឹមរទេះនោះរួចបំបែកកូនវាដោយឃាំងទុកក្នុងក្រោល។   8  ចូរយកហិបរបស់ព្រះអម្ចាស់ទៅដាក់លើរទេះ រួចយកវត្ថុធ្វើអំពីមាសដាក់ក្នុងប្រអប់មួយជិតហិប។ វត្ថុទាំងនោះជាតង្វាយសំរាប់សូមព្រះអង្គលើកលែងទោស។ បន្ទាប់មក ទុកអោយមេគោនាំហិបនោះ ចេញទៅដោយគ្មានអ្នកបរ។   9  ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះឆ្ពោះទៅស្រុកអ៊ីស្រាអែលត្រង់បេតសេម៉េស នោះសអោយឃើញថា ពិតជាព្រះអម្ចាស់ដែលបានធ្វើអោយពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនព្រះអង្គទេ ដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។   10  ជនជាតិភីលីស្ទីនក៏ធ្វើតាម។ ពួកគេយកមេគោពីរក្បាលដែលកំពុងបំបៅកូន មកទឹមរទេះហើយបង្ឃាំងកូនវានៅក្នុងក្រោល។   11  ពួកគេយកហិបរបស់ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលមានរូបកណ្តុរមាស និង រូបឫសដូងបាតធ្វើអំពីមាសដាក់លើរទេះ។   12  មេគោទាំងនោះដើរតំរង់ទៅកាន់បេតសេម៉េស វាដើរតាមផ្លូវទាំងស្រែករោទ៍ តែមិនងាកឆ្វេងងាកស្តាំឡើយ។ ស្តេចត្រាញ់នៃជនជាតិភីលីស្ទីននាំគ្នាដើរតាមក្រោយរទេះនោះ រហូតដល់ព្រំប្រទល់បេតសេម៉េស។   13  ពេលនោះ ប្រជាជននៅបេតសេម៉េសកំពុងតែច្រូតស្រូវ នៅតាមជ្រលងភ្នំ។ កាលពួកគេងើបមុខឡើង ក្រឡេកមើលទៅ ឃើញហិបនោះមកដល់ពួកគេត្រេកអរយ៉ាងខ្លាំង។   14  រទេះមកដល់ចំការរបស់លោកយ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ហើយឈប់នៅទីនោះ ជិតផ្ទាំងសិលាធំមួយ។ ប្រជាជននៅបេតសេម៉េសនាំគ្នាពុសរទេះធ្វើជាអុស ហើយយកមេគោទាំងពីរ មកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។   15  ពួកលេវីបានយកហិបរបស់ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលដាក់វត្ថុធ្វើអំពីមាសជាប់មកជាមួយ ទៅដាក់លើផ្ទាំងសិលា។ នៅថ្ងៃនោះ ប្រជាជននៅបេតសេម៉េសនាំគ្នាថ្វាយតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាដល់ព្រះអម្ចាស់។   16  កាលបានឃើញហេតុការណ៍ទាំងអស់នោះហើយ ស្តេចត្រាញ់ទាំងប្រាំនៃជនជាតិភីលីស្ទីនវិលត្រឡប់មកក្រុងអេក្រូនវិញ នៅថ្ងៃដដែល។   17  ជនជាតិភីលីស្ទីនបានផ្ញើរូបប្ញសដូងបាតធ្វើអំពីមាសចំនួនប្រាំមកថ្វាយព្រះអម្ចាស់ ដើម្បីសូមព្រះអង្គលើកលែងទោសអោយ គឺមួយសំរាប់ក្រុងអាសដូឌ មួយសំរាប់ក្រុងកាសាមួយសំរាប់ក្រុងអាសកាឡូន មួយសំរាប់ក្រុងកាថ និង មួយទៀតសំរាប់ក្រុងអេក្រូន។   18  គេក៏ផ្ញើរូបកណ្តុរមាសតាមចំនួនក្រុងភីលីស្ទីនទាំងប៉ុន្មាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចត្រាញ់ទាំងប្រាំដែរ ដោយរាប់ចាប់តាំងពីក្រុងដែលមានកំពែងរឹងមាំ រហូតដល់ភូមិតូចៗដែលគ្មានកំពែង។ ផ្ទាំងសិលាដ៏ធំក្នុងចំការរបស់លោកយ៉ូស្វេជាអ្នកភូមិបេតសេម៉េស ជាកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ នៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ជាបន្ទាល់ពីហេតុការណ៍នោះ។   19  ព្រះអម្ចាស់បានដាក់ទោសប្រជាជននៅបេតសេម៉េស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ព្រះអម្ចាស់។ ព្រះអង្គបានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខដោយព្រះអម្ចាស់ដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។   20  ប្រជាជននៅបេតសេម៉េសពោលថា៖ «តើនរណាអាចឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធនេះបាន? តើយើងអាចផ្ទេរហិបរបស់ព្រះអង្គ ទៅកន្លែងណា ដើម្បីអោយចេញឆ្ងាយពីពួកយើង?»។   21  ពួកគេចាត់អ្នកនាំសារអោយទៅអ្នកស្រុកគារយ៉ាត-យារីម ដើម្បីប្រាប់ថា៖ «ពួកភីលីស្ទីននាំហិបរបស់ព្រះអម្ចាស់មកវិញហើយ សូមអញ្ជើញមកទទួលយកទៅស្រុករបស់បងប្អូនចុះ!»។