KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Samuel - សំាយូអែល ទី ១ 5 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ពួកភីលីស្ទីនដណ្តើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយដឹកពីអេបេន-អេស៊ើរទៅក្រុងអាសដូឌ។   2  ពួកភីលីស្ទីនយកហិបរបស់ព្រះជាម្ចាស់ ចូលទៅក្នុងវិហាររបស់ព្រះដាកុន ហើយតម្កល់នៅជិតរូបសំណាករបស់ព្រះដាកុន។   3  លុះស្អែកឡើង ពួកអ្នកក្រុងអាសដូឌក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដីខាងមុខហិបរបស់ព្រះអម្ចាស់។ ពួកគេលើករូបព្រះដាកុននោះឡើងដាក់ត្រង់កន្លែងដើមវិញ។   4  លុះស្អែកឡើង ពួកគេក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដីខាងមុខហិបរបស់ព្រះអម្ចាស់ទៀត។ ក្បាល និង ដៃទាំងពីររបស់រូបព្រះដាកុនបាក់ខ្ទាតទៅនៅមាត់ទ្វារវិហារ គឺមាននៅសល់តែដងខ្លួនប៉ុណ្ណោះ។   5  ហេតុនេះហើយបានជារហូតមកទល់សព្វថ្ងៃ ពួកបូជាចារ្យរបស់ព្រះដាកុន និង អស់អ្នកដែលចូលក្នុងវិហារ ព្រះដាកុនមិនហ៊ានដើរជាន់មាត់ទ្វារវិហារនេះឡើយ។   6  ព្រះអម្ចាស់សំដែងប្ញទ្ធានុភាពដាក់ទោសអ្នកក្រុងអាសដូ ឌ គឺព្រះអង្គបង្កអោយមានវិនាសកម្មក្នុងចំណោមពួកគេ ព្រះអង្គធ្វើអោយប្រជាជននៅក្រុងអាសដូឌ និង ស្រុកភូមិនៅជុំវិញ កើតប្ញសដូងបាត។   7  កាលពួកគេឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនៅក្នុងស្រុកយើងឡើយ ដ្បិតប្ញទ្ធានុភាពរបស់ព្រះនេះសង្កត់មកលើពួកយើង និង ព្រះដាកុនរបស់យើងខ្លាំងណាស់»។   8  ពួកគេចាត់មនុស្សអោយទៅអញ្ជើញស្តេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមករួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណា ចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែល?»។ ស្តេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលទៅក្រុងនោះ។   9  កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ ព្រះអម្ចាស់ក៏បានដាក់ទោសក្រុងនោះដែរដោយធ្វើអោយមានកើតវឹកវរយ៉ាងខ្លាំង នៅក្នុងទីក្រុង គឺព្រះអង្គដាក់ទណ្ឌកម្មពួកគេអោយកើតប្ញសដូងបាត តាំងពីអ្នកតូច រហូតដល់អ្នកធំ។   10  ដូច្នេះ ពួកគេបញ្ជូនហិបរបស់ព្រះជាម្ចាស់ទៅក្រុងអេក្រូនវិញ។ ប៉ុន្តែ ពេលគេនាំហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងអេក្រូន ប្រជាជននៅក្រុងនោះនាំគ្នាស្រែកឡើងថា៖ «គេបានផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែល មកក្នុងក្រុងយើងដើម្បីសម្លាប់យើងទាំងអស់គ្នាហើយ»។   11  ពួកគេក៏ចាត់មនុស្សអោយទៅអញ្ជើញស្តេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមករួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំអោយយើងទាំងអស់គ្នាត្រូវស្លាប់ ដោយសារហិបនោះ»។ នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួលច្របល់យ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់បានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។   12  អស់អ្នកដែលនៅសល់ពីស្លាប់សុទ្ធតែកើតឫសដូងបាត ហើយសំរែករបស់ពួកគេលាន់ឮរំពង រហូតដល់លើមេឃ។