1 នៅថ្ងៃទីបី លោកដាវីឌ និង អស់អ្នកដែលនៅជាមួយលោកបានទៅដល់ក្រុងស៊ីគឡាក់។ ប៉ុន្តែ មុននោះជនជាតិអាម៉ាឡេកបានរាតត្បាតតំបន់ណេកិប និង ក្រុងស៊ីគឡាក់។ ពួកគេដុតកំទេចក្រុងស៊ីគឡាក់ចោល 2 ហើយកៀរពួកស្រីៗ និង អស់អ្នកដែលរស់នៅក្រុងនោះ ទាំងក្មេងទាំងចាស់នាំយកទៅជាឈ្លើយ។ ពួកគេមិនបានសម្លាប់នរណាម្នាក់ឡើយ គឺគ្រាន់តែកៀរយកទៅជាមួយរួចបន្ដដំណើរទៅមុខទៀត។ 3 កាលលោកដាវីឌ និង អស់អ្នកដែលនៅជាមួយលោកមកដល់ទីក្រុងវិញ ឃើញក្រុងនោះត្រូវគេដុតបំផ្លាញ ហើយប្រពន្ធកូនប្រុសកូនស្រី ត្រូវខ្មាំងកៀរយកទៅជាឈ្លើយដូច្នេះ 4 លោកដាវីឌ និង អស់អ្នកដែលនៅជាមួយនាំគ្នាស្រែកទ្រហោយំ រហូតទាល់តែលែងមានកម្លាំងយំទៀត។ 5 ភរិយាទាំងពីរនាក់របស់លោកដាវីឌ គឺនាងអហ៊ីណោមដែលជាអ្នកស្រុកយេសរាល និង នាងអប៊ីកែលជាប្រពន្ធរបស់សពលោកណាបាល អ្នកភូមិកើមែលក៏ត្រូវគេកៀរយកទៅដែរ។ 6 ពេលនោះ លោកដាវីឌមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយលោកគិតគ្នាចង់យកដុំថ្មគប់សម្លាប់លោក ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុសកូនស្រីរបស់ពួកគេ។ ប៉ុន្តែព្រះអម្ចាស់ជាព្រះរបស់លោកដាវីឌ ប្រទានអោយលោកមានកម្លាំងចិត្តឡើងវិញ។ 7 លោកដាវីឌមានប្រសាសន៍ទៅកាន់លោកបូជាចារ្យអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេកថា៖«សូមយកអាវអេផូដ មកអោយខ្ញុំ!»។ លោកអបៀថើរក៏ទៅយកអាវអេផូដមកជូន។ 8 លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំដេញតាមពួកចោរនោះ តើទូលបង្គំតាមទាន់ឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។ 9 លោកដាវីឌ និង ទាហានទាំងប្រាំមួយរយនាក់ដែលនៅជាមួយលោក នាំគ្នាចេញដំណើរទៅ។ លុះទៅដល់ទឹកជ្រោះបេសោរទាហានមួយក្រុមឈប់នៅទីនោះ។ 10 លោកដាវីឌ និង ទាហានបួនរយនាក់បន្តដំណើរទៅទៀត ដោយទុកទាហានពីររយនាក់អោយនៅខាងក្រោយ ព្រោះពួកគេហេវហត់ពេកពុំអាចឆ្លងទឹកជ្រោះបេសោរនោះបាន។ 11 ពួកគេបានប្រទះឃើញជនជាតិអេស៊ីបម្នាក់នៅឯវាល ហើយនាំមកជូនលោកដាវីឌ។ គេយកនំបុ័ង និង ទឹកអោយគាត់បរិភោគ 12 ព្រមទាំងអោយនំធ្វើពីផ្លែឧទុម្ពរក្រៀម និង ផ្លែទំពំាងបាយជូរក្រៀមពីរកញ្ចប់មកគាត់ដែរ។ ក្រោយពីបានបរិភោគរួចហើយ គាត់ក៏មានកម្លាំងឡើងវិញ ដ្បិតគាត់អត់បាយអត់ទឹកចំនួនបីថ្ងៃបីយប់មកហើយ។ 13 លោកដាវីឌសួរគាត់ថា៖ «តើអ្នកជាកូនចៅនរណា? ហើយមកពីណាដែរ?»។ គាត់ឆ្លើយថា៖«ខ្ញុំបាទជាយុវជនជាតិអេស៊ីប និង ជាបាវបំរើរបស់ជនជាតិអាម៉ាឡេកម្នាក់។ ម្ចាស់របស់ខ្ញុំបាទបោះបង់ខ្ញុំបាទចោលចំនួនបីថ្ងៃមកហើយ ព្រោះខ្ញុំបានមានជំងឺ។ 14 កាលពីមុន ពួកយើងបានទៅរាតត្បាត នៅប៉ែកខាងត្បូងស្រុករបស់ជនជាតិកេរេធីម ទឹកដីជនជាតិយូដា និង ខាងត្បូងស្រុកកាលែប ហើយដុតក្រុងស៊ីគឡាក់ចោលផង»។ 15 លោកដាវីឌសួរទៀតថា៖ «តើអ្នកអាចនាំខ្ញុំទៅរកពួកចោរនោះបានឬទេ?»។ បុរសនោះឆ្លើយថា៖«ខ្ញុំបាទអាចនាំលោកទៅរកពួកគេបាន តែសូមលោកមេត្តាស្បថក្នុងនាមព្រះជាម្ចាស់ថា លោកមិនសម្លាប់ខ្ញុំបាទចោលទេ ហើយក៏មិនប្រគល់ខ្ញុំបាទ ទៅអោយម្ចាស់របស់ខ្ញុំបាទវិញដែរ»។ 16 បុរសនោះនាំលោកដាវីឌ ទៅដល់ពួកអាម៉ាឡេក ដែលស្នាក់នៅពាសពេញក្នុងតំបន់នោះ ហើយកំពុងតែស៊ីផឹកសប្បាយ ដោយសារគេរឹបយកបានជ័យភ័ណ្ឌដ៏សន្ធឹកសន្ធាប់ ពីស្រុកភីលីស្ទីន និង ស្រុកយូដា។ 17 លោកដាវីឌវាយប្រហារពួកនោះ នៅថ្ងៃបន្ទាប់ តាំងពីព្រលឹមរហូតទល់ព្រលប់។ គ្មាននរណាម្នាក់រត់រួចឡើយលើកលែងតែពួកយុវជនបួនរយនាក់ ដែលជិះអូដ្ឋគេច ខ្លួនចេញទៅ។ 18 លោកដាវីឌរំដោះអ្វីៗទាំងប៉ុន្មានដែលពួកអាម៉ាឡេកប្លន់យកទៅ ហើយលោកក៏រំដោះភរិយាទាំងពីររបស់លោក មកវិញដែរ។ 19 លោកដាវីឌបានដណ្តើមយកអ្វីៗទាំងអស់មកវិញ។ ពួកលោកមិនបាត់បង់នរណាម្នាក់សោះឡើយ គឺគេបាននាំក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស ទាំងកូនស្រី ហើយដណ្តើមជ័យភ័ណ្ឌ និង អ្វីៗដែលខ្មាំងសត្រូវនាំយកទៅនោះមកវិញដែរ។ 20 លោកដាវីឌរឹបអូសយកបានហ្វូងចៀម និង ហ្វូងគោទាំងអស់។ អស់អ្នកដែលដឹកនាំហ្វូងសត្វទាំងនោះពោលថា៖ «នេះហើយជាជ័យភ័ណ្ឌរបស់លោកដាវីឌ»។ 21 លោកដាវីឌវិលមកជួបទាហានទាំងពីររយនាក់ ដែលហេវហត់ខ្លាំងពេក មិនអាចទៅតាមលោក ហើយដែលគេបានទុកអោយសំរាកនៅក្បែរទឹកជ្រោះបេសោរនោះ។ ពួកគេរត់មកទទួលលោកដាវីឌ និង អ្នកដែលនៅជាមួយលោកផង។ លោកដាវីឌចូលទៅជិត ហើយសួរសុខទុក្ខពួកគេ។ 22 នៅក្នុងចំណោមទាហានរបស់លោកដាវីឌមានអ្នកខ្លះមានចិត្តអាក្រក់ និង ចិត្តពាលនាំគ្នាពោលឡើងថា៖ «អ្នកទាំងនេះមិនបានទៅជាមួយពួកយើងទេ ដូច្នេះមិនត្រូវចែកជ័យភ័ណ្ឌដែលដណ្តើមបានមកវិញអោយពួកគេទេ គឺប្រគល់ត្រឹមតែប្រពន្ធ និង កូនរបស់គេអោយគេនាំចេញទៅវិញប៉ុណ្ណោះបានហើយ»។ 23 ប៉ុន្តែ លោកដាវីឌមានប្រសាសន៍ថា៖ «បងប្អូនអើយមិនត្រូវប្រព្រឹត្តដូច្នេះចំពោះទ្រព្យសម្បត្តិដែលព្រះអម្ចាស់ប្រទានមកយើងនោះឡើយ ដ្បិតព្រះអង្គបានការពារយើង ព្រមទាំងប្រគល់ពួកចោរដែលបានវាយប្រហារយើងមកក្នុងកណ្តាប់ដៃរបស់យើងដែរ។ 24 មិនត្រូវអោយនរណាម្នាក់ធ្វើតាមពាក្យរបស់បងប្អូនឡើយ ដ្បិតអ្នកទៅច្បាំងបានទទួលប៉ុនណា អ្នកដែលនៅចាំឥវ៉ាន់ក៏ទទួលប៉ុណ្ណោះដែរ គឺត្រូវចែកអោយដូចៗគ្នា»។ 25 ពាក្យដែលលោកដាវីឌថ្លែងនេះ ជាច្បាប់និង ជាវិន័យមួយ ដែលជនជាតិអ៊ីស្រាអែលអនុវត្តតាមចាប់តាំងពីថ្ងៃនោះតរៀងមក រហូតដល់សព្វថ្ងៃ។ 26 កាលមកដល់ក្រុងស៊ីគឡាក់វិញ លោកដាវីឌបានផ្ញើចំណែកជ័យភ័ណ្ឌខ្លះ ទៅជូនពួកព្រឹទ្ធាចារ្យនៅស្រុកយូដាដែលជាមិត្តភក្តិរបស់លោកដោយផ្តាំថា៖ «ជំនូនដែលខ្ញុំផ្ញើមកជូនអស់លោកនេះ ជាចំណែកជ័យភ័ណ្ឌដែលយើងដណ្តើមបានពីខ្មាំងសត្រូវរបស់ព្រះអម្ចាស់»។ 27 លោកបានផ្ញើជំនូនទាំងនោះ ទៅជូនអស់លោកព្រឹទ្ធាចារ្យនៅបេតអែល ព្រឹទ្ធាចារ្យនៅរ៉ាម៉ូតក្នុងតំបន់ណេកិបព្រឹទ្ធាចារ្យនៅយ៉ាទៀរ 28 ព្រឹទ្ធាចារ្យនៅអារ៉ូអ៊ើរព្រឹទ្ធាចារ្យនៅស៊ីភម៉ូតព្រឹទ្ធាចារ្យនៅអែលធេម៉ូ 29 ព្រឹទ្ធាចារ្យនៅរ៉ាកាលព្រឹទ្ធាចារ្យនៅភូមិរបស់ពួកយេរ៉ាម្អែលព្រឹទ្ធាចារ្យនៅភូមិរបស់ពួកកែន 30 ព្រឹទ្ធាចារ្យនៅហោម៉ា ព្រឹទ្ធាចារ្យនៅកោរ-អាសាន ព្រឹទ្ធាចារ្យនៅអាថាក 31 ព្រឹទ្ធាចារ្យហេប្រូន ព្រមទាំងអស់លោកព្រឹទ្ធាចារ្យនៅគ្រប់ទីកន្លែងដែលលោក និង ទាហានរបស់លោកធ្លាប់ឆ្លងកាត់។