KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Samuel - សំាយូអែល ទី ១ 21 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកដាវីឌទៅរកលោកបូជាចារ្យ អហ៊ីម៉ាឡេកនៅភូមិណូប។ លោកអហ៊ីម៉ាឡេកចេញមកទទួលទាំងញ័ររន្ធត់ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង គ្មាននរណាមកជាមួយដូច្នេះ?»។   2  លោកដាវីឌឆ្លើយទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «ព្រះករុណាបានបង្គាប់មកខ្ញុំថា "កុំអោយអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នកព្រមទាំងចាត់អ្នកអោយទៅបំពេញនេះឡើយ"។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។   3  ឥឡូវនេះតើលោកមានអ្វីខ្លះ? សូមលោកផ្តល់នំបុ័ងប្រាំឬអ្វីផ្សេងទៀតដែលលោកមានមកអោយខ្ញុំផង»។   4  លោកបូជាចារ្យតបទៅលោកដាវីឌវិញថា៖ «ខ្ញុំគ្មាននំបុ័ងធម្មតាទេមានតែនំបុ័ងសក្ការៈប្រសិនបើទាហានរបស់លោកមិនបានរួមរស់ជាមួយស្រីៗទើបគេបរិភោគបាន»។   5  លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យវិញថា៖ «ពិតមែនហើយតាំងពីដើមរៀងមកកាលណាចេញទៅច្បាំងយើងតែងតែទទួលការហាមឃាត់មិនអោយរួមរស់ជាមួយស្ត្រីឡើយ។ អ្វីៗ របស់ពួកទាហានសុទ្ធតែបានញែកជាសក្ការៈអស់ហើយ។ ប៉ុន្តែ ថ្ងៃនេះទោះបីយើងធ្វើដំណើរធម្មតាក៏ដោយក៏យើងបានបរិសុទ្ធដោយសារកិច្ចការដែលកំពុងតែបំពេញនេះដែរ»។   6  ពេលនោះ លោកបូជាចារ្យប្រគល់នំបុ័ងដែលគេតាំងថ្វាយព្រះអម្ចាស់ជូនលោកដាវីឌ ដ្បិតគ្មាននំបុ័ងណាផ្សេងក្រៅពីនំបុ័ងនេះឡើយ។ គេបានដកនំបុ័ងនេះចេញពីទីសក្ការៈរបស់ព្រះអម្ចាស់នៅថ្ងៃដែលដាក់នំបុ័ងថ្មីជំនួស។   7  ថ្ងៃនោះរាជបំរើម្នាក់របស់ព្រះបាទសូលស្ថិតនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ដើម្បីបំពេញកិច្ចការខាងសាសនា គឺគាត់ឈ្មោះដូអេកជាជនជាតិអេដុមដែលទទួលខុសត្រូវលើពួកគង្វាលរបស់ស្តេច។   8  លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «នៅទីនេះ តើលោកមានលំពែង ឬ ដាវទេ? កិច្ចការដែលព្រះរាជាចាត់អោយខ្ញុំទៅបំពេញនេះ បន្ទាន់ពេក ខ្ញុំមិនបានយកដាវឬអាវុធផ្សេងទៀតមកជាមួយឡើយ»។   9  លោកបូជាចារ្យមានប្រសាសន៍ថា៖ «មានតែដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីនដែលលោកបានសម្លាប់នៅជ្រលងភ្នំអេឡា។ ដាវនោះរុំដោយសំពត់នៅខាងក្រោយអាវអេផូដ ។ ប្រសិនបើលោកចង់បានសូមអញ្ជើញយកទៅចុះ ព្រោះនៅទីនេះគ្មានអាវុធណាផ្សេងទៀតទេ»។ លោកដាវីឌមានប្រសាសន៍ថា៖ «សូមប្រគល់ដាវនោះមកខ្ញុំចុះ ដ្បិតគ្មានដាវណាដូចដាវនេះទេ»។   10  នៅថ្ងៃដដែលនោះ លោកដាវីឌរត់គេចខ្លួនចេញពីព្រះបាទសូល ហើយទៅជួបព្រះបាទអគីស នៅក្រុងកាថ។   11  ពួករាជបំរើរបស់ព្រះបាទអគីសទូលស្តេចថា៖ «អ្នកនេះគឺដាវីឌជាស្តេចស្រុកអ៊ីស្រាអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និង ច្រៀងសរសើរថា : ព្រះបាទសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។   12  ពាក្យទាំងនេះបានធ្វើអោយលោកដាវីឌរន្ធត់ចិត្ត ហើយខ្លាចព្រះបាទអគីស ជាស្តេចក្រុងកាថយ៉ាងខ្លាំង។   13  លោកធ្វើជាវិកលចរិតនៅចំពោះមុខជនជាតិភីលីស្ទីន។ ពេលពួកគេចាប់លោក លោកសំដែងអាការៈលេលាដោយលើកដៃគូសវាសជាសញ្ញានៅតាមសន្លឹកទ្វារ ព្រមទាំងបង្ហៀរទឹកមាត់លើពុកចង្កាទៀតផង។   14  ព្រះបាទអគីសមានរាជឱង្ការទៅកាន់ពួករាជបំរើថា៖ «អស់លោកបានឃើញច្បាស់ថាមនុស្សនេះឡប់សតិហើយ ហេតុអ្វីបានជាអស់លោកនាំគេមកជួបយើងដូច្នេះ?   15  តើយើងខ្វះមនុស្សឆ្កួតឬបានជាអស់លោកនាំជននេះមកអោយសំដែងភាពវិកលនៅចំពោះមុខយើងដូច្នេះ? ជននេះគួរចូលមកក្នុងដំណាក់យើងទេ!»។