1 ព្រះបាទសូលបានប្រាប់សម្តេចយ៉ូណា ថានជាបុត្រព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្តេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្តេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល ស្រឡាញ់លោកដាវីឌណាស់។ 2 សម្តេចយ៉ូណាថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះបាទសូលជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្នហើយរកកន្លែងលាក់ខ្លួនទៅ។ 3 ខ្ញុំនឹងចេញមក ហើយឈរជាមួយបិតារបស់ខ្ញុំ ជិតចំការដែលលោកប្អូនលាក់ខ្លួន។ ខ្ញុំនឹងទូលបិតាអំពីរឿងលោកប្អូនពេលណាខ្ញុំដឹងពីគោលបំណងរបស់បិតា ហើយខ្ញុំនឹងប្រាប់អោយលោកប្អូនដឹងដែរ»។ 4 សម្តេចយ៉ូណាថានទូលព្រះបាទសូល ជាបិតាអំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គឡើយ ដ្បិតគ្នាពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះបិតាទេ ផ្ទុយទៅវិញ ស្នាដៃអស្ចារ្យដែលដាវីឌធ្វើសុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់បិតា។ 5 ដាវីឌបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ ព្រះអម្ចាស់បានប្រោសប្រទានជ័យជំនះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រាអែលទាំងមូលដូចបិតាបានទតឃើញ និង សប្បាយព្រះហប្ញទ័យស្រាប់ហើយ។ ហេតុអ្វីបានជាបិតាចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ដាវីឌ ដោយគ្មានមូលហេតុដូច្នេះ?»។ 6 ព្រះបាទសូលទ្រង់ព្រះសណ្តាប់ពាក្យរបស់សម្តេចយ៉ូណាថាន ហើយមានរាជឱង្ការថា៖ « បិតាសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា ដាវីឌមិនត្រូវស្លាប់ឡើយ!»។ 7 បន្ទាប់មក សម្តេចយ៉ូណាថានទៅហៅលោកដាវីឌមក ហើយរៀបរាប់សេចក្តីទាំងនោះប្រាប់លោក រួចនាំលោកចូលមកគាល់ព្រះបាទសូល។ លោកដាវីឌក៏នៅបំរើព្រះបាទសូល ដូចពីដើម។ 8 សង្គ្រាមចេះតែកើតមាន តទៅមុខទៀត។ លោកដាវីឌចេញទៅច្បាំងជាមួយពួកភីលីស្ទីន ធ្វើអោយពួកគេបរាជ័យយ៉ាងធ្ងន់ ហើយបាក់ទ័ពរត់ចំពោះមុខលោក។ 9 ថ្ងៃមួយ ព្រះបាទសូលកំពុងគង់នៅក្នុងដំណាក់ទាំងកាន់លំពែងផង។ ពេលនោះ មានវិញ្ញាណអាក្រក់ពីព្រះអម្ចាស់ មកចូលស្តេច ក្នុងពេលដែលលោកដាវីឌកំពុងតែលេងពិណ។ 10 រំពេចនោះ ព្រះបាទសូលចង់ប្រហារលោកដាវីឌ ដោយគប់លំពែងភ្ជាប់លោកទៅនឹងជញ្ជាំង តែលោកដាវីឌគេចផុត ហើយលំពែងនោះដោតជាប់នឹងជញ្ជាំង។ លោកដាវីឌរត់គេចខ្លួននៅយប់នោះ។ 11 ព្រះបាទសូលចាត់ទាហាន អោយទៅផ្ទះលោកដាវីឌ ឃ្លាំចាំសម្លាប់លោកនៅពេលព្រឹក។ ប៉ុន្តែព្រះនាងមិកាល់ជាភរិយាជំរាបលោកថា៖ «បើសិនជាបងមិនរត់នៅយប់នេះទេ ស្អែកបងមុខជាស្លាប់មិនខាន»។ 12 ព្រះនាងសំរូតលោកចុះតាមបង្អួច ហើយលោករត់គេចខ្លួន ដើម្បីអោយរួចជីវិត។ 13 បន្ទាប់មក ព្រះនាងមិកាល់យករូបបដិមាករមួយមកដាក់លើគ្រែ ព្រមទាំងយកស្បែកពពែមកដាក់លើខ្នើយ និង យកភួយមកដណ្តប់អោយផង។ 14 នៅពេលដែលព្រះបាទសូលចាត់ទាហានអោយទៅចាប់លោកដាវីឌនោះ ព្រះនាងមិកាល់ប្រាប់ថា៖ «លោកឈឺ»។ 15 ព្រះបាទសូលចាត់ទាហានអោយវិលទៅរកលោកដាវីឌវិញដោយមានរាជឱង្ការថា៖ «ចូរសែងទាំងគ្រែនាំគេយកមកដើម្បីអោយយើងសម្លាប់ចោល!»។ 16 ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមាករនៅលើគ្រែ និង ស្បែកពពែនៅលើខ្នើយ។ 17 ព្រះបាទសូលសួរព្រះនាងមិកាល់ថា៖ «ហេតុដូចម្តេចបានជាឯងបញ្ឆោតបិតាបែបនេះ?ហេតុដូចម្តេចបានជាឯងទុកអោយសត្រូវរបស់បិតារត់រួច?»។ ព្រះនាងមិកាល់ទូលថា៖ «គឺគាត់ទេតើដែលប្រាប់ខ្ញុំម្ចាស់ថា"ទុកអោយអញទៅចុះ! បើមិនដូច្នោះទេអញនឹងសម្លាប់ឯងចោល"»។ 18 ពេលនោះ លោកដាវីឌរត់គេចខ្លួន ទៅជ្រកជាមួយលោកសាំយូអែល នៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មានដែលព្រះបាទសូលបានប្រព្រឹត្តចំពោះរូបលោក។ បន្ទាប់មក លោកទាំងពីរនាំគ្នាទៅនៅកន្លែងមួយឈ្មោះណាយ៉ូត។ 19 មានគេទូលព្រះបាទសូលថា លោកដាវីឌទៅនៅណាយ៉ូត ជិតភូមិរ៉ាម៉ា។ 20 ព្រះបាទសូលចាត់ទាហានអោយទៅចាប់លោកដាវីឌ។ កាលពួកគេទៅដល់ឃើញក្រុមព្យាការីដែលមានលោកសាំយូអែលជាអ្នកនាំមុខកំពុងស្លុងស្មារតីស្រែកច្រៀង និង រាំ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើទាហានទាំងនោះធ្វើអោយពួកគេស្លុងស្មារតីស្រែកច្រៀង និង រាំដែរ។ 21 មានគេនាំដំណឹងនេះទៅទូលព្រះបាទសូល ស្តេចក៏ចាត់ទាហានមួយក្រុមទៀតអោយទៅ ប៉ុន្តែ ពួកគេស្លុងស្មារតីស្រែកច្រៀង និង រាំដែរ។ ព្រះបាទសូលចាត់ក្រុមទីបីអោយទៅ តែពួកនេះស្លុងស្មារតីស្រែកច្រៀង និង រាំដូចពួកមុនៗ។ 22 ដូច្នេះ ព្រះបាទសូលក៏យាងទៅភូមិរ៉ាម៉ាដោយផ្ទាល់។ កាលទៅដល់ស្រះធំ នៅភូមិសេគូវស្តេចសួរគេថា៖ «តើលោកសាំយូអែលនិង ដាវីឌនៅឯណា?»។ គេទូលថា៖ «លោកនៅឯណាយ៉ូត ជិតភូមិរ៉ាម៉ា»។ 23 ស្តេចក៏យាងទៅទីនោះ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើស្តេច ហើយស្តេចយាងរហូតដល់ណាយ៉ូតនៅភូមិរ៉ាម៉ាទាំងស្លុងស្មារតីស្រែកច្រៀង និង រាំ។ 24 ស្តេចដោះព្រះភូសាចេញដូចគេឯងដែរ ហើយស្លុងស្មារតី ស្រែកច្រៀង និង រាំ នៅចំពោះមុខលោកសាំយូអែល។ ស្តេចដួលដេក ទាំងអាក្រាតនៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើព្រះបាទសូលចូលក្រុមព្យាការីដែរឬ?»។