1 ពេលដាវីឌនិយាយជាមួយព្រះ បាទសូលចប់ហើយ សម្តេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។ 2 នៅថ្ងៃនោះព្រះបាទសូលឃាត់ដាវីឌអោយនៅជាមួយ គឺទ្រង់មិនអោយលោកវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។ 3 សម្តេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយដាវីឌព្រោះទ្រង់ស្រឡាញ់ដាវីឌ ដូចខ្លួនឯង។ 4 សម្តេចយ៉ូណាថានបានដោះអាវធំរបស់សម្តេចមកបំពាក់អោយដាវីឌ ហើយក៏ប្រគល់អាវសឹកដាវ ធ្នូ និង ខ្សែក្រវ៉ាត់របស់សម្តេចអោយដាវីឌដែរ។ 5 គ្រប់សមរភូមិដែលព្រះបាទសូលចាត់អោយទៅដាវីឌតែងតែទទួលជោគជ័យជានិច្ច។ ព្រះបាទសូលតែងតាំងដាវីឌអោយធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និង រាជបំរើរបស់ព្រះបាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។ 6 កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយដែលលោកដាវីឌបានប្រហារជនភីលីស្ទីនហើយស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រាអែល ចេញទៅទទួលព្រះបាទសូលទាំងស្រែកច្រៀង និង រាំតាមចង្វាក់ស្គរ និង តូរ្យតន្ត្រីហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។ 7 ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក យ៉ាងរីករាយថា៖ «ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។ 8 ពាក្យទាំងនេះធ្វើអោយព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថាប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញ ត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។ 9 ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។ 10 លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្តាលអោយស្តេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្តេចដូចសព្វដង ពេលនោះព្រះបាទសូលកាន់លំពែង 11 ទ្រង់ចោលលំពែងទៅ ដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។ 12 ព្រះបាទសូលខ្លាចលោកដាវីឌ ព្រោះព្រះអម្ចាស់បានបោះបង់ចោលស្តេច ហើយទៅគង់នៅជាមួយលោកដាវីឌ។ 13 ហេតុនេះហើយ ទើបព្រះរាជាអោយលោកដាវីឌចេញឆ្ងាយពីស្តេច ដោយតែងតាំងលោកជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ លោកដាវីឌក៏ដឹកនាំកងទ័ពទៅច្បាំង 14 ហើយលោកតែងតែបានទទួលជ័យជំនះគ្រប់ពេលទាំងអស់ ដ្បិតព្រះអម្ចាស់គង់នៅជាមួយ។ 15 ពេលឃើញលោកដាវីឌមានជ័យជំនះជាច្រើនដូច្នេះ ព្រះបាទសូលខ្លាចលោកក្រៃលែង។ 16 ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រាអែល និង ប្រជាជនយូដាទាំងមូលស្រឡាញ់លោកដាវីឌ ព្រោះលោកដឹកនាំពួកគេចេញទៅច្បាំង។ 17 ព្រះបាទសូលនឹកថា៖ «អញមិនចង់សម្លាប់ដាវីឌដោយផ្ទាល់ឡើយ គឺទុកអោយពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះស្តេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «យើងនឹងលើកនាងម៉្រាមជាកូនច្បងរបស់យើងអោយអ្នក។ ចូរមានចិត្តក្លាហានបំរើយើង ហើយចេញទៅច្បាំងថ្វាយព្រះអម្ចាស់»។ 18 លោកដាវីឌទូលថា៖ «បពិត្រព្រះករុណា!តើទូលបង្គំជានរណា ហើយគ្រួសារ និង អំបូររបស់ឪពុកទូលបង្គំមានឋានៈអ្វី នៅក្នុងស្រុកអ៊ីស្រាអែលបានជាទូលបង្គំអាចធ្វើជាកូនប្រសារស្តេចដូច្នេះ?»។ 19 ប៉ុន្តែ នៅពេលកំណត់ដែលលោកដាវីឌត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងម៉្រាម នោះព្រះបាទសូលបែរជាលើកនាងទៅអោយលោកអទ្រីអែលជាអ្នកក្រុងមេហូឡាទៅវិញ។ 20 ពេលនោះ ព្រះនាងមិកាល់ ជាបុត្រីរបស់ស្តេចសូល ក៏ចាប់ចិត្តស្រឡាញ់លោកដាវីឌដែរ។ មានគេយករឿងនេះទៅទូលព្រះបាទសូល ស្តេចគាប់ព្រះហប្ញទ័យណាស់។ 21 ព្រះបាទសូលនឹកថា៖ «អញនឹងលើកនាងអោយដាវីឌធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់អោយដាវីឌធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ព្រះបាទសូលស្នើជាលើកទីពីរ អោយលោកដាវីឌធ្វើជាកូនប្រសារ។ 22 ព្រះបាទសូលបញ្ជារាជបំរើថា៖ «ចូរទៅប្រាប់លោកដាវីឌជាសម្ងាត់ថា " ព្រះរាជាគាប់ព្រះហប្ញទ័យនឹងលោកណាស់ហើយរាជបំរើទាំងអស់ក៏ស្រឡាញ់លោកដែរ។ ដូច្នេះ សូមយល់ព្រមធ្វើជាកូនប្រសារស្តេចទៅ"»។ 23 ពួករាជបំរើនាំពាក្យទាំងនោះ ទៅប្រាប់លោកដាវីឌជាសម្ងាត់។ លោកដាវីឌឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសារស្តេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេសមនុស្សក្រីក្រដូចខ្ញុំហើយគ្មានឋានៈសមរម្យផង!»។ 24 ពួករាជបំរើនាំពាក្យសំដីរបស់លោកដាវីឌទៅទូលស្តេចវិញ។ 25 ព្រះបាទសូលមានរាជឱង្ការថា៖ «សូមអស់លោកទៅនិយាយប្រាប់ដាវីឌថា"ស្តេចមិនចង់បានបណ្តាការអ្វីក្រៅពីស្បែកអង្គជាតិរបស់ពួកភីលីស្ទីនចំនួនមួយរយ ដើម្បីសងសឹកខ្មាំងសត្រូវប៉ុណ្ណោះ"»។ ព្រះបាទសូលមានគោលបំណងធ្វើអោយលោកដាវីឌ ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកភីលីស្ទីន។ 26 ពួករាជបំរើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌ ហើយលោកដាវីឌក៏យល់ឃើញថា សំណើនេះជាការសមរម្យ ដើម្បីធ្វើជាកូនប្រសាររបស់ស្តេច។ មុនពេលកំណត់ត្រូវរៀបអភិសេក 27 លោកដាវីឌ និង ទាហានរបស់លោកនាំគ្នាចេញទៅច្បាំង លោកសម្លាប់ជនជាតិភីលីស្ទីនពីររយនាក់។ លោកដាវីឌបានកាត់យកស្បែកអង្គជាតរបស់ពួកគេ ហើយនាំយកមករាប់ថ្វាយព្រះរាជា ដើម្បីធ្វើជាកូនប្រសារស្តេច។ ពេលនោះ ព្រះបាទសូលក៏លើកព្រះនាងមិកាល់ជាបុត្រី អោយធ្វើជាភរិយា។ 28 ព្រះបាទសូលយល់ឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោកដាវីឌ ហើយឃើញថាព្រះនាងមិកាល់ជាបុត្រីស្រឡាញ់លោកដែរ 29 ដូច្នេះស្តេចខ្លាចលោកដាវីឌរឹតតែខ្លាំងឡើង ហើយចាត់ទុកលោកជាគូសត្រូវចាប់ពីពេលនោះតទៅ។ 30 ពួកមេទ័ពរបស់ជនជាតិភីលីស្ទីនតែងតែនាំគ្នាចេញមកទន្ទ្រាន ប៉ុន្តែ គ្រប់ពេលប្រយុទ្ធ លោកដាវីឌទទួលជ័យជំនះច្រើន ជាងរាជបំរើឯទៀតៗរបស់ព្រះបាទសូល ជាហេតុនាំអោយលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង។