1 ព្រះបាទសូលបានឡើងរាជ្យនៅពេលស្តេចមានព្រះជន្មាយុ ...វស្សា។ លុះគ្រង រាជ្យលើជនជាតិអ៊ីស្រាអែលបានពីរឆ្នាំហើយ 2 ព្រះបាទសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រាអែលគឺពីរពាន់នាក់ទុកអោយនៅជាមួយស្តេច ត្រង់ភូមិមីកម៉ាស់ និង តំបន់ភ្នំបេតអែលហើយមួយពាន់នាក់ទៀតអោយនៅជាមួយសម្តេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ ទ្រង់បញ្ជូនអោយវិលទៅផ្ទះរៀងៗខ្លួនវិញ។ 3 ថ្ងៃមួយ សម្តេចយ៉ូណាថានបានវាយទីតាំងរបស់ជនជាតិភីលីស្ទីននៅភូមិគីបៀរ ហើយជនជាតិភីលីស្ទីនទទួលដំណឹងនេះ។ ពេលនោះ ព្រះបាទសូលចាត់គេអោយផ្លុំស្នែងនៅក្នុងស្រុកទាំងមូលដោយប្រកាសថា៖ «ជនជាតិហេប្រឺអើយ ចូរនាំគ្នាស្តាប់!»។ 4 ប្រជាជនអ៊ីស្រាអែលទាំងមូលទទួលដំណឹងថា ព្រះបាទសូលបានវាយទីតាំងទ័ពរបស់ជនជាតិភីលីស្ទីនធ្វើអោយជនជាតិភីលីស្ទីនខឹងនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ ប្រជាជនក៏មកប្រមូលផ្តុំគ្នាជុំវិញ ព្រះបាទសូលនៅគីលកាល់។ 5 ជនជាតិភីលីស្ទីនប្រមូលទ័ព ចេញមកច្បាំងតទល់នឹងជនជាតិអ៊ីស្រាអែល។ ពួកគេមានរទេះចំបាំងចំនួនបីម៉ឺនគ្រឿង មានទ័ពសេះ ប្រាំមួយញន់ និង មានពលទាហានច្រើនកុះករដូចខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានលើកទ័ពមកបោះជំរំនៅមីកម៉ាស់ ខាងកើតបេតអាវេន។ 6 កាលប្រជាជនអ៊ីស្រាអែលឃើញថាខ្លួនស្ថិតក្នុងភាពអាសន្ន ព្រោះទ័ពអ៊ីស្រាអែលត្រូវខ្មាំងឡោមព័ទ្ធជិតដូច្នេះពួកគេក៏នាំគ្នារត់ទៅពួននៅតាមរអាងភ្នំ តាមគុហា តាមក្រហែងថ្ម តាមរូងភ្នំ និង នៅតាមជ្រោះ។ 7 មានជនជាតិហេប្រឺខ្លះឆ្លងទន្លេយ័រដាន់រត់ទៅស្រុកកាដ និង ស្រុកកាឡាដ។ រីឯព្រះបាទសូលវិញ ទ្រង់គង់នៅគីលកាល់នៅឡើយ ហើយកងទ័ពទាំងប៉ុន្មានដែលនៅជាមួយស្តេចញ័ររន្ធត់យ៉ាងខ្លាំង។ 8 ព្រះបាទសូលរង់ចាំជួបលោកសាំយូអែល អស់រយៈពេលប្រាំពីរថ្ងៃតែមិនឃើញ លោកអញ្ជើញមកគីលកាល់ដូចបានកំណត់ទេ។ ពួកទាហានក៏នាំគ្នារត់គេចខ្លួន ចេញឆ្ងាយពីស្តេច។ 9 ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរយកតង្វាយដុតទាំងមូល និង យញ្ញបូជាមេត្រីភាពមកអោយខ្ញុំ»។ ស្តេចក៏ថ្វាយតង្វាយដុតទាំងមូលនោះទៅ។ 10 នៅពេលស្តេចថ្វាយតង្វាយដុតរួចស្រេចហើយ លោកសាំយូអែលអញ្ជើញមកដល់។ ព្រះបាទសូលក៏យាងទៅទទួល និង ជំរាបសួរលោក។ 11 លោកសាំយូអែលមានប្រសាសន៍ថា៖ «តើព្រះករុណាធ្វើអ្វីហ្នឹង?»។ ព្រះបាទសូលឆ្លើយថា ៖«កាលខ្ញុំឃើញពលទាហានរត់គេចខ្លួនចេញឆ្ងាយពីខ្ញុំ រីឯលោកសោត ក៏ពុំឃើញអញ្ជើញមកដូចកំណត់។ ខ្ញុំឃើញពួកភីលីស្ទីនប្រមូលផ្តុំគ្នានៅមីកម៉ាស់ 12 នោះខ្ញុំគិតថា"ពួកភីលីស្ទីននឹងចុះមកវាយខ្ញុំនៅគីលកាល់ជាមិនខានតែខ្ញុំមិនបានទូលអង្វរព្រះអម្ចាស់"។ ដូច្នេះ ខ្ញុំក៏បង្ខំចិត្តថ្វាយតង្វាយដុតនេះទៅ»។ 13 លោកសាំយូអែលទូលព្រះបាទសូលថា៖ « ព្រះករុណាបានប្រព្រឹត្ត ដោយឥតពិចារណា! គឺព្រះករុណាមិនធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា បានបង្គាប់មកទេ។ បើព្រះករុណាធ្វើតាមនោះ ម៉្លេះសមព្រះអម្ចាស់ពង្រឹងរាជ្យរបស់ព្រះករុណាអោយនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រាអែលមិនខាន។ 14 ឥឡូវនេះ រាជ្យរបស់ព្រះករុណាមិនអាចគង់វង្សបានឡើយ ព្រះអម្ចាស់ស្វែងរកមនុស្សម្នាក់ដែលគាប់ព្រះហឫទ័យព្រះអង្គ រួចតែងតាំងអោយធ្វើជាមេដឹកនាំលើប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះព្រះករុណាមិនបានធ្វើតាមបទបញ្ជា ដែលព្រះអម្ចាស់បានបង្គាប់មកទេ»។ 15 លោកសាំយូអែលចាកចេញពីគីលកាល់ ឆ្ពោះទៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ ព្រះបាទសូលរាប់ចំនួនទាហានដែលនៅជាមួយ ឃើញថាមានប្រហែលប្រាំមួយរយនាក់។ 16 ព្រះបាទសូល និង សម្តេចយ៉ូណាថាន ជាបុត្រា ព្រមទាំងទាហានដែលនៅជាមួយ បោះទ័ពនៅភូមិកេបាក្នុងស្រុកបេនយ៉ាមីន រីឯពួកភីលីស្ទីនបោះទ័ពនៅមីកម៉ាស់។ 17 ពេលនោះមានកងទ័ពស្រួចបីក្រុមចេញពីជំរំភីលីស្ទីនក្រុមទីមួយសំដៅទៅក្រុងអូប្រា នៅស្រុកស៊ូអាល 18 ក្រុមទីពីរទៅតាមផ្លូវក្រុងបេតហូរ៉ូន និង ក្រុមទីបីទៅតាមផ្លូវព្រំប្រទល់ ដែលចុះទៅច្រកភ្នំសេបោម ប៉ែកខាងវាលរហោស្ថាន។ 19 នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មានជាងដែកទេ ដ្បិតជនជាតិភីលីស្ទីនបានបញ្ជាថា៖ «មិនត្រូវអោយពួកហេប្រឺធ្វើដាវ ឬលំពែងឡើយ»។ 20 ដូច្នេះ ជនជាតិអ៊ីស្រាអែលគ្រប់ៗរូប តែងតែទៅរកជាងភីលីស្ទីនដើម្បីច្រុងផាលនង្គ័ល ចបពូថៅ ឬ ដឹង។ 21 តម្លៃច្រុងផាលនង្គ័ល និង ចបគឺពីរស្លឹង ហើយតម្លៃសំលៀងពូថៅ និង តំរង់រនាស់ គឺមួយស្លឹង។ 22 ហេតុនេះ នៅថ្ងៃប្រយុទ្ធ ក្នុងកងទ័ពអ៊ីស្រាអែលគ្មាននរណាមានដាវឬលំពែងទេ លើកលែងតែព្រះបាទសូល និង សម្តេចយ៉ូណាថានជាបុត្រប៉ុណ្ណោះដែលមានអាវុធ។ 23 ជនជាតិភីលីស្ទីនបញ្ជូនទាហានមួយក្រុមអោយទៅត្រៀមនៅច្រកមីកម៉ាស់។