KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Samuel - សំាយូអែល ទី ១ 12 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ខ្ញុំបានយល់ព្រមតាមសំណូមពរទាំងប៉ុន្មានរបស់អ្នករាល់គ្នាហើយ គឺខ្ញុំបានតែងតាំងស្តេចមួយអង្គ អោយសោយរាជ្យលើអ្នករាល់គ្នា។   2  អំណើះតទៅស្តេចនោះនឹងដឹកនាំអ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំចាស់ជរាហើយ កូនប្រុសរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាដែរ។ ខ្ញុំបានដឹកនាំអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។   3  ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយសូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និង នៅចំពោះស្តេច ដែលព្រះអង្គចាក់ប្រេងអភិសេកចុះថា តើខ្ញុំដែលយកគោឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និង សង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណាហើយបិទភ្នែកបណ្តោយអោយគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។   4  ប្រជាជនស្រែកឡើងថា៖ «លោកមិនបានកេងប្រវ័ញ្ចសង្កត់សង្កិនយើងខ្ញុំឬក៏ទទួលសំណូកពីនរណាម្នាក់ឡើយ»។   5  លោកសាំយូអែលមានប្រសាសន៍ទៅពួកគេទៀតថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ធ្វើជាសាក្សីហើយស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេកក៏ធ្វើជាសាក្សីដែរថា អ្នករាល់គ្នាគ្មានអ្វីចោទប្រកាន់ខ្ញុំទេ»។ ពួកគេស្រែកឡើងថា៖ «ពិតមែនហើយយើងមានព្រះអង្គជាសាក្សី!»។   6  លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ព្រះអម្ចាស់បានប្រើលោកម៉ូសេ និង លោកអើរ៉ុន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។   7  ឥឡូវនេះ ចូរបង្ហាញខ្លួនមក ខ្ញុំនឹងកាត់ក្តីអោយអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ខ្ញុំសូមរំលឹកអ្នករាល់គ្នានូវអំពើដ៏សុចរិតទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រព្រឹត្តចំពោះអ្នករាល់គ្នា និង បុព្វបុរសរបស់អ្នករាល់គ្នា។   8  ក្រោយពេលដែលលោកយ៉ាកុបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកព្រះអម្ចាស់។ ព្រះអង្គក៏ចាត់លោកម៉ូសេ និង លោកអើរ៉ុនអោយទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីបមករស់នៅក្នុងស្រុកនេះ។   9  ប៉ុន្តែ ពួកគេបានភ្លេចព្រះអម្ចាស់ជាព្រះរបស់ខ្លួន ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និង ក្នុងកណ្តាប់ដៃរបស់ស្តេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ។   10  ពេលនោះ ពួកគេស្រែកអង្វររកព្រះអម្ចាស់ជាថ្មីទៀតថា "យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលព្រះអម្ចាស់ទៅគោរពបំរើព្រះបាល និង ព្រះអាស្តារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំអោយរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបំរើព្រះអង្គវិញ"។   11  ព្រះអម្ចាស់ក៏ចាត់លោកយេរូបាល លោកបេដាន លោកយ៉ែបថា និង ខ្ញុំសាំយូអែលអោយមក។ ព្រះអង្គរំដោះអ្នករាល់គ្នា អោយរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដែលនៅជុំវិញ ហើយអ្នករាល់គ្នាក៏បានរស់នៅក្នុងស្រុកនេះប្រកបដោយសេចក្តីសុខសាន្ត។   12  ពេលអ្នករាល់គ្នាឃើញព្រះបាទណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូន មកច្បាំងនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាទាមទារអោយខ្ញុំតែងតាំងស្តេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា គឺអ្នករាល់គ្នាហាក់ដូចជាបដិសេធមិនទទួលព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់អ្នករាល់គ្នាទេ។   13  ដូច្នេះ នេះនែ៎ស្តេចដែលអ្នករាល់គ្នាបានជ្រើសរើស ស្តេចដែលអ្នករាល់គ្នាសុំ! ព្រះអម្ចាស់ប្រទានស្តេចនោះមកអ្នករាល់គ្នាហើយ!   14  ប្រសិនបើអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ប្រសិនបើអ្នករាល់គ្នាគោរពបំរើព្រះអង្គ ប្រសិនបើអ្នករាល់គ្នាស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ដោយឥតប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ ហើយប្រសិនបើអ្នករាល់គ្នា និង ស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នៅតែដើរតាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានោះអ្នករាល់គ្នានឹងបានសេចក្តីសុខសប្បាយ។   15  ប៉ុន្តែប្រសិនអ្នករាល់គ្នាមិនស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយបែរជាប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងដាក់ទោសអ្នករាល់គ្នាដូចព្រះអង្គបានដាក់ទោសបុព្វបុរសរបស់អ្នករាល់គ្នាដែរ។   16  ឥឡូវនេះ ចូរបង្ហាញខ្លួនមក ហើយមើលការអស្ចារ្យមួយយ៉ាងធំដែលព្រះអម្ចាស់នឹងសំដែងអោយអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែក។   17  ពេលនេះ ជារដូវចំរូតមែនឬទេ? ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ព្រះអង្គធ្វើអោយមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងព្រះហប្ញទ័យព្រះអម្ចាស់ ដោយសុំអោយមានស្តេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា»។   18  លោកសាំយូអែលទូលអង្វរព្រះអម្ចាស់ ហើយនៅថ្ងៃដដែលនោះ ព្រះអង្គធ្វើអោយមានផ្គរ មានភ្លៀង។ ប្រជាជនទាំងមូលស្ញែងខ្លាចព្រះអម្ចាស់ និង លោកសាំយូអែលយ៉ាងខ្លាំង។   19  ប្រជាជនទាំងនោះជំរាបលោកសាំយូអែលថា៖ «សូមលោកជួយអង្វរព្រះអម្ចាស់ ជាព្រះរបស់លោកក្នុងនាមយើងខ្ញុំផង ដើម្បីកុំអោយយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំអោយមានស្តេច»។   20  លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ!អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពីព្រះអម្ចាស់ គឺត្រូវគោរពបំរើព្រះអម្ចាស់អោយអស់ពីចិត្ត។   21  កុំងាកចេញពីព្រះអង្គ ទៅគោរពព្រះក្លែងក្លាយឡើយ ព្រះទាំងនោះពុំអាចផ្តល់ផលប្រយោជន៍ ឬជួយរំដោះអ្នករាល់គ្នាបានទេ ព្រោះសុទ្ធតែជាព្រះឥតបានការ។   22  ដោយយល់ដល់ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គព្រះអម្ចាស់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គទេ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យអោយអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។   23  ម៉្យាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះព្រះអម្ចាស់ដោយឈប់ទូលអង្វរអោយអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាអោយដើរតាមផ្លូវល្អ និង ទៀងត្រង់។   24  ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយបំរើព្រះអង្គយ៉ាងស្មោះអស់ពីដួងចិត្ត។ ចូរពិចារណាមើលកិច្ចការដ៏ធំធេងដែលព្រះអង្គបានធ្វើចំពោះអ្នករាល់គ្នា!   25  ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តអំពើអាក្រក់ នោះអ្នករាល់គ្នាមុខជាត្រូវវិនាសរួមជាមួយស្តេចរបស់អ្នករាល់គ្នាមិនខាន។