1 គ្រានោះ ព្រះបាទសាឡូម៉ូនអញ្ជើញពួកព្រឹទ្ធា ចារ្យនៃជនជាតិអ៊ីស្រាអែលពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និង តំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែលអោយមកគាល់ស្តេចនៅក្រុងយេរូសាឡឹមដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីបុរីព្រះបាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះដំណាក់។ 2 ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមក គាល់ព្រះរាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ។ 3 ពេលអស់លោកព្រឹទ្ធាចារ្យមកដល់ ក្រុមបូជាចារ្យក៏លើកហិបនៃសម្ពន្ធមេត្រីសែង។ 4 ក្រុមបូជាចារ្យ និង ក្រុមលេវីនាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ព្រមទាំងនាំយកពន្លាជួបព្រះអម្ចាស់ និង វត្ថុសក្ការៈទាំងប៉ុន្មានដែលស្ថិតនៅក្នុងពន្លាមកជាមួយដែរ។ 5 ព្រះបាទសាឡូម៉ូន និង សហគមន៍អ៊ីស្រាអែលទាំងមូលដែលស្តេចបានអញ្ជើញមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និង គោយ៉ាងច្រើនឥតគណនាមកថ្វាយជាយញ្ញបូជា។ 6 បូជាចារ្យនាំគ្នាសែងហិបទៅតម្កល់ ត្រង់កន្លែងដែលគេបំរុងទុកក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុតនៅក្រោមស្លាបរបស់ចេរូប៊ីន។ 7 ចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិបដើម្បីបាំងហិប និង ឈើស្នែង។ 8 ដោយឈើស្នែងវែង គេអាចមើលឃើញចុងរបស់ឈើទាំងនោះពីទីសក្ការៈដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅគេពុំអាចមើលឃើញឡើយ។ អ្វីៗទាំងអស់ស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ 9 នៅក្នុងហិបគ្មានអ្វីក្រៅពីថ្មពីរបន្ទះដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហោរែប កាលព្រះអម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។ 10 កាលអស់លោកបូជាចារ្យ ចេញពីទីសក្ការៈមកវិញ នោះស្រាប់តែមានពពក ពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 11 ដោយសារតែពពកក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ 12 ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គសព្វព្រះហប្ញទ័យគង់ក្នុងពពកដ៏ក្រាស់! 13 ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ធ្វើជាព្រះដំណាក់ថ្វាយព្រះអង្គគង់ អស់កល្បជានិច្ច »។ 14 ព្រះរាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ 15 ព្រះរាជាមានរាជឱង្ការថា៖«សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គសំដែងព្រះបារមីដើម្បីសំរេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ 16 គឺព្រះអង្គមានព្រះបន្ទូលថា: "តាំងពីថ្ងៃដែលយើងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីបយើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយជាកន្លែងសំរាប់សំដែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសដាវីឌអោយធ្វើជាមេដឹកនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង"។ 17 ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។ 18 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតារបស់ខ្ញុំថា "អ្នកមានបំណងសង់ព្រះដំណាក់សំរាប់យើងដូច្នេះ ជាការប្រសើរណាស់ 19 តែមិនមែនអ្នកទេ ដែលនឹងសង់ព្រះដំណាក់នោះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ព្រះដំណាក់សំរាប់យើង"។ 20 ព្រះអម្ចាស់បានសំរេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ។ 21 ខ្ញុំបានរៀបចំកន្លែងមួយ សំរាប់តម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រី គឺសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយបុព្វបុរសរបស់យើង នៅពេលព្រះអង្គនាំពួកលោកចេញពីស្រុកអេស៊ីប »។ 22 ព្រះបាទសាឡូម៉ូនឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ទ្រង់លើកព្រះហស្តទៅលើមេឃហើយទូលថា៖ 23 «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និង នៅលើផែនដីគ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសំដែងព្រះហប្ញទ័យមេត្តាករុណាចំពោះអ្នកបំរើរបស់ព្រះអង្គ ដែលដើរតាមព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ 24 ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ និង ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសំរេចតាមព្រះបន្ទូលសន្យាដោយសារប្ញទ្ធិបារមីរបស់ព្រះអង្គ។ 25 បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបំរើព្រះអង្គគឺព្រះបាទដាវីឌជាបិតារបស់ទូលបង្គំស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ហើយប្រសិនគេដើរតាមយើង ដូចអ្នកបានដើរនៅចំពោះមុខយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើអ៊ីស្រាអែលនៅចំពោះមុខយើងជានិច្ច។ 26 បពិត្រព្រះនៃជនជាតិអ៊ីស្រាអែលឥឡូវនេះ សូមសំរេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកបំរើព្រះអង្គគឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ! 27 តើព្រះជាម្ចាស់ ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និង លំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទំរាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះតើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។ 28 បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋាននិង ពាក្យទូលអង្វររបស់ទូលបង្គំ ដែលជាអ្នកបំរើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្តាប់សំរែក និង ពាក្យអធិស្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង! 29 សូមទតមើលមកព្រះដំណាក់នេះ ទាំងយប់ ទាំងថ្ងៃគឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា "ទីនេះ ជាកន្លែងសំរាប់នាមយើង"។ ពេលទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គអធិស្ឋាននៅទីនេះ សូមទ្រង់ព្រះសណ្តាប់ផង។ 30 កាលទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ និង អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានឆ្ពោះមកទីនេះ សូមទ្រង់មេត្តាព្រះសណ្តាប់ផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ សូមមេត្តាព្រះសណ្តាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និង អត់ទោសអោយយើងខ្ញុំផង! 31 ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តខុសចំពោះអ្នកដទៃគេបង្ខំអោយអ្នកនោះស្បថហើយអ្នកនោះមកស្បថនៅមុខអាសនៈក្នុងព្រះដំណាក់របស់ព្រះអង្គ 32 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្តាប់ ហើយវិនិច្ឆ័យទោសអោយអ្នកបំរើរបស់ព្រះអង្គ។ សូមដាក់ទោសអ្នកដែលធ្វើខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្តល់យុត្តិធម៌ដល់មនុស្សសុចរិតតាមអំពើដែលគេបានប្រព្រឹត្ត។ 33 កាលណាអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវប្រសិនបើពួកគេវិលមករកព្រះអង្គ និង សរសើរតម្កើងព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និង ទូលអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ 34 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្តាប់ហើយលើកលែងទោសអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គអោយបានរួចពីបាបព្រមទាំងនាំពួកគេមករស់នៅលើទឹកដីដែលព្រះអង្គប្រទានដល់ដូនតារបស់គេវិញ។ 35 កាលណាមេឃរាំងស្ងួត គ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គដាក់ទារុណកម្មពួកគេ ប្រសិនបើពួកគេអធិស្ឋានឆ្ពោះមកទីនេះ រួចសរសើរតម្កើងព្រះនាមព្រះអង្គ និង លះបង់អំពើបាប 36 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្តាប់ហើយលើកលែងទោសពួកអ្នកបំរើរបស់ព្រះអង្គ អោយបានរួចពីបាបផងគឺអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ សូមបង្រៀនពួកគេអោយដើរតាមមាគ៌ាដ៏សុចរិត និង ប្រទានទឹកភ្លៀងមកលើទឹកដីរបស់ព្រះអង្គ គឺទឹកដីដែលព្រះអង្គប្រទានអោយប្រជារាស្ត្រព្រះអង្គទុកជាកេរមត៌ក។ 37 កាលណាស្រុកកើតទុរ្ភិក្សជំងឺរាតត្បាតស្រូវស្កកមានក្រាកណ្តូប និង ចង្រិតស៊ីបង្ហិនស្រូវ ឬ មានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រនៅក្នុងស្រុកនិងតាមទ្វារក្រុងរបស់គេហើយកាលណាមានគ្រោះកាច និង មានជំងឺផ្សេងៗ 38 ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រាអែលទាំងមូលដែលជាប្រជារាស្ត្ររបស់ព្រះអង្គមានទុក្ខខ្លោចផ្សាក្នុងចិត្តរួចអធិស្ឋាន និង ទូលអង្វរទាំងលើកដៃប្រណម្យឆ្ពោះមកព្រះដំណាក់ 39 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្តាប់និង លើកលែងទោសអោយពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែព្រះអង្គទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកទាំងអស់។ 40 ធ្វើដូច្នេះពួកគេនឹងគោរពកោតខ្លាចព្រះអង្គរហូតតទៅហើយពួកគេនឹងរស់នៅលើទឹកដីដែលព្រះអង្គប្រទានអោយដូនតារបស់យើងខ្ញុំ។ 41 ម៉្យាងទៀតប្រសិនបើជនបរទេស ដែលមិនមែនជាជនជាតិអ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គមកពីស្រុកឆ្ងាយដោយសារព្រះនាមរបស់ព្រះអង្គ 42 (ដ្បិតព្រះនាមដ៏ឧត្តុង្គឧត្តមឫទ្ធិបារមី និង តេជានុភាពរបស់ព្រះអង្គ នឹងល្បីខ្ចរខ្ចាយទៅក្នុងចំណោមប្រជាជាតិនានា )ប្រសិនបើជនបរទេសនោះមកអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ 43 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្តាប់ និង ប្រោសប្រទានតាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះទូលសូមពីព្រះអង្គដើម្បីអោយជាតិសាសន៍ទាំងអស់នៅផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គ ដូចអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។ 44 កាលណាប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ព្រះអង្គ រួចទូលអង្វរព្រះអម្ចាស់ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និង ឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ 45 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្តាប់ពាក្យអធិស្ឋាន និង ពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌អោយពួកគេផង។ 46 កាលណាជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ (ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ) ពេលនោះព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុករបស់ខ្លួន ទោះឆ្ងាយឬជិតក្តី 47 ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា"យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុសយើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!"។ 48 នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយ នោះប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្តអស់ពីគំនិត រួចទូលអង្វរព្រះអង្គឆ្ពោះមកស្រុកដែលព្រះអង្គប្រទានអោយដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និង ឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ 49 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខស្តាប់ពាក្យអធិស្ឋាន និង ពាក្យទូលអង្វររបស់ពួកគេហើយរំដោះពួកគេផង។ 50 សូមលើកលែងទោសអោយប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះពួកគេប្រព្រឹត្តអំពើបាប និង អំពើទុច្ចរិតទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ សូមបណ្តាលអោយខ្មាំងសត្រូវដែលចាប់ពួកគេទៅជាឈ្លើយនោះ មានចិត្តអាណិតអាសូរដល់ពួកគេផង។ 51 ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ គឺប្រជារាស្ត្រដែលព្រះអង្គនាំចេញពីទាសភាពនៅស្រុកអេស៊ីប។ 52 សូមព្រះអង្គទតមើលមកទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ ព្រមទាំងជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ សូមទ្រង់ព្រះសណ្តាប់ពាក្យទូលអង្វររបស់យើងខ្ញុំគ្រប់ពេលដែលយើងខ្ញុំអង្វររកព្រះអង្គ។ 53 ព្រះអង្គបានញែកយើងខ្ញុំពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ដើម្បីអោយយើងខ្ញុំធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេជាអ្នកបំរើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គនាំដូនតារបស់យើងខ្ញុំចាកចេញពីស្រុកអេស៊ីប»។ 54 ពេលព្រះបាទសាឡូម៉ូនទូលព្រះអម្ចាស់ នូវពាក្យអធិស្ឋាន និង អង្វរទាំងនេះ ចប់សព្វគ្រប់ហើយ ទ្រង់ក៏ក្រោកឈរឡើង នៅមុខអាសនៈរបស់ព្រះអម្ចាស់ ជាកន្លែងដែលស្តេចបានលុតជង្គង់នោះ។ ស្តេចលើកព្រះហស្តឡើងលើ 55 ហើយប្រទានពរអង្គប្រជុំនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺព្រះសូរសៀងខ្លាំងៗ ថា៖ 56 «សូមអរព្រះគុណព្រះអម្ចាស់ដែលប្រោសប្រទានអោយជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ បានសុខសាន្ត ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះអង្គសំរេចតាមព្រះបន្ទូលដ៏ថ្លៃថ្លា ដែលព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គឥតខ្វះត្រង់ណាឡើយ។ 57 សូមព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជាមួយពួកយើង ដូចព្រះអង្គគង់នៅជាមួយបុព្វបុរសរបស់ពួកយើងដែរ! សូមព្រះអង្គកុំបោះបង់ និង បំភ្លេចពួកយើងចោលឡើយ។ 58 សូមព្រះអង្គបង្វែរចិត្តពួកយើងទៅរកព្រះអង្គ ដើម្បីអោយពួកយើងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ព្រមទាំងគោរពប្រតិបត្តិតាមបទបញ្ជា ច្បាប់ និង វិន័យដែលព្រះអង្គប្រទានអោយបុព្វបុរសរបស់ពួកយើង។ 59 សូមព្រះអម្ចាស់ ជាព្រះនៃយើងនឹកចាំទាំងថ្ងៃទាំងយប់នូវពាក្យដែលខ្ញុំទូលអង្វរព្រះអង្គ ហើយសូមព្រះអង្គមេត្តាជួយដល់ខ្ញុំជាអ្នកបំរើរបស់ព្រះអង្គ និង អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គជារៀងរាល់ថ្ងៃ។ 60 ដូច្នេះ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថាមានតែព្រះអម្ចាស់ ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់ គឺគ្មានព្រះឯណាទៀតឡើយ។ 61 ចូរមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ និង កាន់តាមបទបញ្ជារបស់ព្រះអង្គដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ»។ 62 ព្រះបាទសាឡូម៉ូន និង ប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ 63 ព្រះរាជា និង ប្រជាជនអ៊ីស្រាអែលទាំងអស់ បានធ្វើពិធីឆ្លងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយក្នុងឱកាសនោះព្រះបាទសាឡូម៉ូនថ្វាយយញ្ញបូជាមេត្រីដល់ព្រះអម្ចាស់ គឺថ្វាយគោចំនួនពីរម៉ឺនពីរពាន់ក្បាល ចៀមមួយសែនពីរម៉ឺនក្បាល។ 64 ថ្ងៃនោះ ព្រះរាជាញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ ជាសក្ការៈសំរាប់ថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និង ខ្លាញ់របស់សត្វដែលជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិននៅមុខទ្វារចូលទីសក្ការៈនោះតូចពេក ពុំអាចដាក់តង្វាយទាំងអស់បាន។ 65 ក្នុងឱកាសនោះព្រះបាទសាឡូម៉ូនប្រារឰពិធីបុណ្យរួមជាមួយប្រជាជនអ៊ីស្រាអែលទាំងមូល ពួកគេធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំយ៉ាងធំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាព្រះនៃយើងអស់រយៈពេលប្រាំពីរថ្ងៃ រួចហើយប្រាំពីរថ្ងៃទៀត គឺ សរុបទាំងអស់ដប់បួនថ្ងៃ។ 66 នៅថ្ងៃទីប្រាំបីព្រះរាជាអោយប្រជាជនអ៊ីស្រាអែលវិលត្រឡប់ទៅវិញ។ លុះថ្វាយពរព្រះរាជារួចហើយ ប្រជាជនវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ព្រោះព្រះអម្ចាស់បានសំដែងព្រះហប្ញទ័យសប្បុរសចំពោះព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ និង ចំពោះអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។