KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Kings - ពង្សាវតារក្សត្រ ទី ១ 7 - Khmer, Central - Old Version - Bible.is - KMHKOV

  1  រីឯវាំងរបស់ស្តេចវិញ ព្រះបាទសាឡូម៉ូនចំណាយពេលអស់ដប់បីឆ្នាំទើបសង់ដំណាក់ទាំងអស់រួចជាស្រេច។   2  ដំបូងបង្អស់ ព្រះរាជាសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្តោយប្រវែងមួយរយហត្ថទទឹងហាសិបហត្ថ និង កំពស់សាមសិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។   3  រីឯពិដានវិញ ក៏ធ្វើពីឈើតាត្រៅដែរ ទ្រដោយធ្នឹមធ្វើពីឈើតាត្រៅសែសិបប្រាំដើម តំរៀបជាបីជួរ គឺក្នុងមួយជួរ មានដប់ប្រាំដើមដែលទ្រដោយសសរទាំងនោះ។   4  នៅតាមជញ្ជាំងសងខាងដំណាក់ មានបង្អួចម្ខាងបីៗនៅមុខទល់គ្នា។   5  មេ និង ក្របរបស់វា មានរាងបួនជ្រុង ម្ខាងបីៗនៅមុខទល់គ្នា។   6  ស្តេចសង់បន្ទប់ល្វែងមួយ មានបណ្តោយហាសិបហត្ថ ទទឹងសាមសិបហត្ថ ដែលមានតែសសរ។ នៅពីមុខបន្ទប់ល្វែងនោះ មានសសរ និង ថែវ។   7  ព្រះរាជាសង់បន្ទប់ល្វែងមួយ ជាកន្លែងគ្រងរាជ្យ និង កាត់ក្តីមានឈ្មោះថា «ទីនាំងវិនិច្ឆ័យ» ដែលពាសឈើតាត្រៅពីក្រោមរហូតដល់លើ។   8  រីឯដំណាក់សំរាប់ស្តេចគង់ ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ព្រះបាទសាឡូម៉ូនសង់ដំណាក់មួយសំរាប់ព្រះមហេសីដែលត្រូវជាបុត្រីរបស់ព្រះចៅផារ៉ោនដំណាក់នោះ ក៏សង់ដូចដំណាក់មុនដែរ។   9  ដំណាក់ទាំងអស់ សុទ្ធតែធ្វើអំពីថ្មសំរាំងដ៏ល្អៗដែលបានដាប់តំរូវតាមទំហំ និង អារតំរឹម តាមមុខជ្រុងទាំងខាងក្នុង ទាំងខាងក្រៅ។ គេសង់ដំណាក់ទាំងនោះពីថ្មទាំងអស់ តាំងពីគ្រឹះរហូតដល់ដំបូល ហើយផ្នែកខាងក្រៅរហូតដល់ទីធ្លាធំផង។   10  គេរើសសុទ្ធតែថ្មដ៏ល្អប្រណីត និង ផ្ទាំងធំៗ យកមកធ្វើជាគ្រឹះថ្មខ្លះមានប្រវែងដល់ទៅប្រាំបីឬដប់ហត្ថ។   11  គេយកថ្មសំរាំងដ៏ល្អៗដែលបានដាប់តំរូវតាមទំហំ និង ឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។   12  នៅជុំវិញទីធ្លាធំគេសង់ជញ្ជាំងពីថ្មសំរាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និង បន្ទប់ល្វែងរបស់ព្រះដំណាក់ដែរ។   13  ព្រះបាទសាឡូម៉ូនចាត់គេអោយទៅអញ្ជើញលោកហ៊ីរ៉ាមនៅក្រុងទីរ៉ុស។   14  គាត់ជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ ក្នុងកុលសម្ព័ន្ធណែបថាលី ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ លោកហ៊ីរ៉ាម ជាជាងលង្ហិនមួយរូបដ៏ចំណានដែលមានប្រាជ្ញាឈ្លាសវៃ ហើយមានថ្វីដៃខាងផលិតវត្ថុគ្រប់យ៉ាងពីលង្ហិន។ គាត់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយទទួលធ្វើកិច្ចការទាំងអស់ថ្វាយស្តេច។   15  លោកហ៊ីរ៉ាមធ្វើសសរលង្ហិនពីរ កំពស់ដប់ប្រាំបីហត្ថហើយគេយកខ្សែមកវាស់ជុំវិញសសរនោះ ឃើញមានប្រវែងដប់ពីរហត្ថ។   16  គាត់ធ្វើក្បាលសសរលង្ហិនពីរជាក្បាច់ដាក់នៅលើសសរទាំងពីរ ក្បាលសសរនីមួយៗមានកំពស់ប្រាំហត្ថ។   17  គាត់សិតលង្ហិនធ្វើជាក្បាច់ក្រឡាអួន និង ច្រវាក់តុបតែងលំអក្បាលសសរ។ ក្បាលសសរនីមួយៗមានកំរងច្រវាក់ប្រាំពីរខ្សែ។   18  គាត់សិតក្បាច់ផ្លែទទឹមពីរជួរ លំអជុំវិញក្បាច់ក្រឡាអួនដែលស្ថិតនៅលើក្បាលសសរនីមួយៗ។   19  នៅលើសសរនីមួយៗនៃបន្ទប់ល្វែង គាត់ធ្វើក្បាលសសរមួយជាន់ទៀតបន្តុបពីលើ មានកំពស់បួនហត្ថ ហើយមានឆ្លាក់ជាក្បាច់ផ្កាម្លិះ។   20  នៅផ្នែកខាងលើក្បាលសសរទីមួយ មានក្បាច់ផ្លែទទឹមចំនួនពីររយត្រង់គែមក្បាច់ក្រឡាអួន ហើយនៅលើក្បាលសសរទីពីរមានក្បាច់ផ្លែទទឹមពីររយទៀតតំរៀបគ្នាជាជួរដែរ។   21  គាត់លើកសសរទាំងពីរនោះបញ្ឈរ នៅខាងមុខបន្ទប់ល្វែងរបស់ព្រះវិហារ។ សសរនៅខាងស្តាំ មានឈ្មោះថាយ៉ាគីនរីឯសសរនៅខាងឆ្វេងមានឈ្មោះថា បូអូស។   22  ក្បាលសសរទាំងពីរនេះមានរាងដូចផ្កាម្លិះ។ លោកហ៊ីរ៉ាមបានធ្វើសសរទាំងពីរចប់រួចរាល់។   23  លោកហ៊ីរ៉ាមធ្វើអាងមួយយ៉ាងធំ ពីលង្ហិនដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថមានកំពស់ប្រាំហត្ថ និង ជុំវិញរង្វង់សាមសិបហត្ថ។   24  នៅក្រោមគែមមាត់អាង មានឆ្លាក់ក្បាច់ផ្កាក្រពុំពីរជួរ ហើយក្នុងប្រវែងមួយហត្ថ មានក្បាច់ផ្កាក្រពុំដប់ ព័ទ្ធជុំវិញអាង។ ក្បាច់ទាំងនោះសិតជាប់ជាមួយអាងដែរ។   25  អាងនេះទ្រដោយគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និង គោបីទៀតបែរទៅខាងកើត។ ខ្លួនរបស់វាបែរចូលក្នុង ដើម្បីទ្រអាង។   26  អាងនេះមានកំរាស់មួយទះមាត់របស់វារីកចេញដូចមាត់ពែង និង មានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណពីរញន់អំរែក។   27  លោកហ៊ីរ៉ាមបានធ្វើរទេះលង្ហិន ចំនួនដប់។ រទេះនីមួយៗ មានបណ្តោយបួនហត្ថ ទទឹងបួនហត្ថ និង កំពស់បីហត្ថ។   28  គាត់ធ្វើរទេះដូចតទៅ : គាត់សិតបន្ទះលង្ហិនជាច្រើន រួចតំរៀបគ្នានៅលើគ្រោង។   29  នៅលើបន្ទះលង្ហិនទាំងនោះ មានឆ្លាក់រូបសឹង្ហ គោ ចេរូប៊ីន។ នៅផ្នែកខាងលើ និង ផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសឹង្ហ គោ និង មានឆ្លាក់ក្បាច់រំយោលលំអដែរ។   30  រទេះនីមួយៗមានកង់បួនធ្វើពីលង្ហិន ហើយភ្ជាប់ទៅនឹងតួដោយភ្លៅធ្វើពីលង្ហិន។ នៅត្រង់មុមទាំងបួនមានជើងសំរាប់ទ្រមុម ធ្វើពីលង្ហិន ភ្ជាប់ទៅនឹងតួរទេះ នៅខាងក្រោមក្បាច់រំយោល។   31  ផ្នែកខាងលើតួរទេះ មានកំណល់មួយរាងមូល សំរាប់ទ្រអាង។ កំណល់នេះខ្ពស់ផុតពីតួ រទេះមួយហត្ថមានអង្កត់ផ្ចិតមួយហត្ថកន្លះ។ នៅលើកំណល់នេះក៏មានឆ្លាក់ជាក្បាច់ដែរ។ រីឯតួរទេះវិញ មានរាងបួនជ្រុងគឺមិនមែនមូលទេ។   32  រីឯកង់ទាំងបួនវិញ ស្ថិតនៅក្រោមតួរទេះ ហើយភ្ជាប់ទៅនឹងតួដោយសារភ្លៅ។ កង់នីមួយៗមានអង្កត់ផ្ចិតមួយហត្ថកន្លះ។   33  កង់ទាំងនោះមានរាងដូចកង់រទេះដែរ គឺមានភ្លៅខ្នងកាំ និង ដុំធ្វើអំពីលង្ហិនទាំងអស់។   34  ជើងសំរាប់ទ្រមុមទាំងបួនរបស់រទេះសិតភ្ជាប់ទៅនឹងតួ។   35  ផ្នែកខាងលើរទេះមានរង្វង់មូលមួយដែលមានកន្លះហត្ថ។ នៅផ្នែកខាងលើនេះក៏មានជើងកំណល់ សិតភ្ជាប់ទៅនឹងតួរទេះដែរ។   36  គាត់ឆ្លាក់ក្បាច់ចេរូប៊ីន សឹង្ហ និង ដើមចាកនៅលើផ្ទៃរាបស្មើ លើជើងកំណល់ព្រមទាំងឆ្លាក់ក្បាច់រំយោលព័ទ្ធជុំវិញផង។   37  គាត់ធ្វើរទេះទាំងដប់នេះមានទំហំ និង ទ្រង់ទ្រាយដូចគ្នារទេះនីមួយៗសិតធ្វើអំពីលោហធាតុតែមួយដុំ។   38  លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់សំរាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកំពស់បួនហត្ថ និង មានចំណុះសែសិបអំរែក។   39  គាត់ដាក់រទេះប្រាំនៅខាងស្តាំព្រះដំណាក់ និង ប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្តាំព្រះដំណាក់ ត្រង់ទិសអគ្នេយ៍។   40  កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និង ផើងដាក់ឈាមរួចរាល់ហើយ លោកក៏បញ្ចប់កិច្ចការទាំងអស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថ្វាយព្រះបាទសាឡូម៉ូន   41  គឺមាន : សសរពីរក្បាលសសររាងមូលពីរ សំរាប់ដាក់លើសសរ និង ក្បាច់ក្រឡាអួនស្ថិតលើក្បាលសសររាងមូលទាំងពីរផង។   42  ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាអួនទាំងពីរ គឺផ្លែទទឹមពីរជួរសំរាប់ក្រឡាអួននីមួយៗ ដែលស្ថិតនៅលើក្បាលសសរ។   43  រទេះចំនួនដប់ និង អាងដប់ដាក់នៅលើរទេះទាំងនោះ។   44  អាងធំមួយ និង គោចំនួនដប់ពីរសំរាប់ទ្រអាង។   45  ធុងសំរាប់ដាក់ផេះប្រដាប់ចូកផេះ និង ផើងសំរាប់ដាក់ឈាម។ គ្រឿងប្រដាប់ទាំងអស់ ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះបាទសាឡូម៉ូន សំរាប់ដាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើពីលង្ហិនខាត់យ៉ាងរលោង។   46  ព្រះរាជាអោយគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ត្រង់ចន្លោះសិកូត និង សារថាន។   47  ព្រះបាទសាឡូម៉ូនអោយគេធ្វើគ្រឿងប្រដាប់ទាំងនោះ ដោយពុំគិតពីទម្ងន់លង្ហិនទេ ព្រោះមានចំនួនច្រើនពេក។   48  ព្រះបាទសាឡូម៉ូនបានអោយគេធ្វើគ្រឿងប្រដាប់ឯទៀតៗអំពីមាសសំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានអាសនៈមាស តុមាស សំរាប់ដាក់នំបុ័ងថ្វាយព្រះអម្ចាស់   49  ជើងចង្កៀងធ្វើអំពីមាសសុទ្ធ ដាក់នៅមុខទីសក្ការៈ ជើងចង្កៀងប្រាំនៅខាងស្តាំ ប្រាំនៅខាងឆ្វេង។ ផ្នែកដាក់ប្រេង តួចង្កៀង និង ឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដែរ។   50  ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និង ភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុង ហៅថាទីសក្ការៈបំផុត និង ត្រចៀកទ្វារនៅច្រកចូលព្រះដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។   51  ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ចប់សព្វគ្រប់។ បន្ទាប់មក ស្តេចនាំយកវត្ថុជាមាស ប្រាក់ និង គ្រឿងប្រដាប់ឯទៀតៗ ដែលព្រះបាទដាវីឌជាបិតាបានថ្វាយដល់ព្រះអម្ចាស់ មកទុកនៅក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់។