1 ព្រះបាទសាឡូម៉ូនគ្រងរាជ្យ លើស្រុកអ៊ីស្រាអែលទាំងមូល។ 2 មន្ត្រីជាន់ខ្ពស់របស់ស្តេចមានរាយនាមដូចតទៅ : លោកអសារា ជាកូនរបស់លោកបូជាចារ្យសាដុក 3 លោកអេលីហូរែប និង លោកអហ៊ីយ៉ាជាកូនរបស់លោកស៊ីសា ជាលេខាធិការ។ លោកយេហូសាផាតជាកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។ 4 លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការរបស់កងទ័ពលោកសាដុក និង លោកអបៀថើរ ជាបូជាចារ្យ។ 5 លោកអសារា ជាកូនរបស់លោកណាថាន់ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដជាកូនរបស់លោកណាថានជាបូជាចារ្យ និង ជាមន្ត្រីជំនិតរបស់ស្តេច។ 6 លោកអហ៊ីសា ជាអ្នកទទួលខុសត្រូវលើព្រះរាជវាំង។ លោកអដូនីរ៉ាមជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។ 7 ព្រះបាទសាឡូម៉ូនតែងតាំងរាជប្រតិភូដប់ពីររូប អោយគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូលអស់លោកទាំងនោះមានភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច និង អស់អ្នកនៅក្នុងវាំង គឺម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារមួយខែក្នុងមួយឆ្នាំ។ 8 រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។ 9 កូនរបស់លោកបេន-ដេកើរ គ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេម៉េសហេឡូន និង បេតហាណាន។ 10 កូនរបស់លោកបេន-ហេសេឌគ្រប់គ្រងលើតំបន់អារូបូត ព្រមទាំងស្រុកសូកូ និង ស្រុកអេភើរទាំងមូល។ 11 កូនរបស់លោកបេន-អប៊ីណាដាប់ គ្រប់គ្រងលើស្រុកដោរទាំងមូលលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ ព្រះនាងថាផាតជាបុត្រីព្រះបាទសាឡូម៉ូន។ 12 លោកបាណាជាកូនរបស់លោកអហ៊ីលូដ គ្រប់គ្រងលើតំបន់តាណាក់ និង មេគីដោរ ព្រមទាំងតំបន់បេតសៀនទាំងមូល។ តំបន់បេតសៀនមានព្រំប្រទល់រហូតដល់សារថានដែលស្ថិតនៅខាងក្រោមយេសរាល។ តំបន់នេះលាតសន្ធឹងពីបេតសៀនរហូតដល់អេបិល-មហូឡា និង រហូតទៅដល់ខាងនាយយ៉ុកមាម។ 13 កូនរបស់លោកបេន-កេប៊ើរគ្រប់គ្រងនៅរ៉ាម៉ូតក្នុងស្រុកកាឡាដ។ លោកគ្រប់គ្រងភូមិទាំងប៉ុន្មានរបស់លោកយ៉ាអ៊ារ ជាកូនរបស់លោកម៉ាណាសេនៅស្រុកកាឡាដ និង តំបន់អើកុបក្នុងស្រុកបាសានដែលមានក្រុងធំៗចំនួនហុកសិបជាទីក្រុងមានកំពែងដ៏រឹងមាំ និង មានរនុកធ្វើពីលង្ហិន។ 14 លោកអហ៊ីណាដាប់ជាកូនរបស់លោកអ៊ីដោ គ្រប់គ្រងលើតំបន់ម៉ាហាណែម។ 15 លោកអហ៊ីម៉ាស់គ្រប់គ្រងលើទឹកដីណែបថាលី។ លោកបានរៀបអាពាហ៍ពិញហ៍ជាមួយព្រះនាងបាសមាត ជាបុត្រីរបស់ព្រះបាទសាឡូម៉ូន។ 16 លោកបាណាជាកូនរបស់លោកហ៊ូសាយគ្រប់គ្រងលើទឹកដីអេស៊ើរ និង អាឡុត។ 17 លោកយេហូសាផាត ជាកូនរបស់លោកបារូអាគ្រប់គ្រងលើទឹកដីអ៊ីសាខារ។ 18 លោកស៊ីម៉ៃជាកូនរបស់លោកអេឡា គ្រប់គ្រងលើទឹកដីបេនយ៉ាមីន។ 19 លោកកេប៊ើរ ជាកូនរបស់លោកអ៊ូរីគ្រប់គ្រងលើស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ព្រះបាទស៊ីហុន ស្តេចនៃជនជាតិអាម៉ូរី និង ស្រុករបស់ព្រះបាទអុក ស្តេចស្រុកបាសាន។ ក្នុងតំបន់នេះទាំងមូលមានរាជប្រតិភូ តែមួយរូបប៉ុណ្ណោះ។ 20 ប្រជាជននៅស្រុកយូដា និង ស្រុកអ៊ីស្រាអែលមានចំនួនច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ។ ពួកគេមានស្បៀងអាហារបរិបូណ៌ ហើយរស់នៅយ៉ាងសប្បាយរីករាយ។ 21 ព្រះបាទសាឡូម៉ូនគ្រប់គ្រងលើនគរទាំងប៉ុន្មានចាប់ពីទន្លេអឺប្រាតរហូតដល់ស្រុកភីលីស្ទីន និង ព្រំប្រទល់ស្រុកអេស៊ីបនគរទាំងនោះនាំសួយសារអាករមកថ្វាយព្រះបាទសាឡូម៉ូន ហើយនៅជាចំណុះស្តេចរហូតដល់ទ្រង់អស់ព្រះជន្ម។ 22 ស្បៀងអាហារប្រចាំថ្ងៃសំរាប់ផ្គត់ផ្គង់ក្នុងវាំងរបស់ព្រះបាទសាឡូម៉ូន មានដូចតទៅ : ម្សៅម៉ដ្ឋប្រាំបួនតោន ម្សៅធម្មតាដប់ប្រាំបីតោន 23 គោបំប៉នដប់ក្បាល គោធម្មតាម្ភៃក្បាល ចៀមមួយរយក្បាល ព្រមទាំងសត្វផ្សេងៗជាច្រើនទៀត ដូចជាប្រើសឈ្លូសក្តាន់ និង មាន់ទាបំប៉ន។ 24 ព្រះបាទសាឡូម៉ូនត្រួតត្រាលើទឹកដីទាំងប៉ុន្មាន ដែលស្ថិតនៅត្រើយខាងនាយទន្លេអឺប្រាត ចាប់ពីក្រុងធីពសារហូតដល់ក្រុងកាសា។ ស្តេចទាំងប៉ុន្មាននៅត្រើយខាងនាយទន្លេអឺប្រាត ស្ថិតនៅក្រោមអំណាចព្រះបាទសាឡូម៉ូនទាំងអស់។ ពេលនោះ មានសុខសន្តិភាពគ្រប់ទិសទី។ 25 ក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូនប្រជាជននៅស្រុកយូដា និង ស្រុកអ៊ីស្រាអែលចាប់ពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា រស់នៅដោយសុខសាន្តក្រោមដើមទំពាំងបាយជូរ និង ដើមឧទុម្ពររបស់ខ្លួន។ 26 ព្រះបាទសាឡូម៉ូនមានសេះបួនម៉ឺនក្បាល សំរាប់ទឹមរទេះចំបាំង និង សេះមួយម៉ឺនពីរពាន់ក្បាលទៀតសំរាប់ពលទ័ពសេះ។ 27 រៀងរាល់ខែ មានរាជប្រតិភូមួយរូប ទទួលភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារសំរាប់ព្រះបាទសាឡូម៉ូន និង អស់អ្នកដែលបរិភោគរួមតុជាមួយព្រះរាជា។ រាជប្រតិភូទាំងនោះពុំបានអោយស្តេចខ្វះខាតអ្វីឡើយ។ 28 រាជប្រតិភូទាំងនោះផ្តល់ស្រូវ និង ចំបើងសំរាប់សេះ ព្រមទាំងសត្វផ្សេងៗទៀតដែលជាជំនិះនៅតាមកន្លែងដែលគេត្រូវការ ដូចស្តេចបានកំណត់ទុក។ 29 ព្រះជាម្ចាស់ប្រទានប្រាជ្ញា និង សុភនិច្ឆ័យយ៉ាងលើសលប់ដល់ព្រះបាទសាឡូម៉ូន ធ្វើអោយស្តេចមានការយល់ដឹងទូលំទូលាយដូចខ្សាច់នៅតាមឆ្នេរសមុទ្រ។ 30 ព្រះរាជាមានប្រាជ្ញាឈ្លាសវៃ លើសអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកខាងកើត និង នៅស្រុកអេស៊ីប។ 31 ព្រះរាជាមានប្រាជ្ញាលើសមនុស្សផងទាំងពួង គឺលើសលោកអេថាន ពីអំបូរសេរ៉ាគីត លោកហេម៉ាន ព្រមទាំងលោកកាល់កូល និង លោកដារដា ជាកូនរបស់លោកម៉ាហូល។ កិត្តិនាមរបស់ព្រះរាជាល្បីសុសសាយ រហូតដល់ប្រជាជាតិនានាដែលនៅជុំវិញ។ 32 ព្រះបាទសាឡូម៉ូនថ្លែងសុភាសិត បីពាន់ឃ្លា និង តែងចំរៀងមួយពាន់ប្រាំបទ។ 33 ព្រះរាជារៀបរាប់អំពីរុក្ខជាតិគ្រប់ប្រភេទ តាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅតាមកំពែង។ ព្រះរាជារៀបរាប់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និង ត្រីផងដែរ។ 34 ស្តេចទាំងឡាយនៅលើផែនដី បានឮគេនិយាយអំពីប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន ក៏ចាត់មនុស្សម្នាពីគ្រប់ជាតិសាសន៍ អោយមកស្តាប់រាជឱង្ការរបស់ព្រះបាទសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។