1 នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតព្រះបាទអប៊ីយ៉ា ឡើងសោយរាជ្យនៅស្រុកយូដា។ 2 ស្តេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេច មាននាមថាម៉ាកាជាបុត្រីរបស់សម្តេចអប៊ីសាឡុម ។ 3 ព្រះបាទអប៊ីយ៉ាប្រព្រឹត្តអំពើបាបគ្រប់យ៉ាង ដូចបិតាធ្លាប់ប្រព្រឹត្តដែរ។ ស្តេចពុំមានព្រះហប្ញទ័យស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួនដូចព្រះបាទដាវីឌជាអយ្យកោឡើយ។ 4 ដោយយល់ដល់ព្រះបាទដាវីឌ ព្រះអម្ចាស់ ជាព្រះរបស់ស្តេចបានប្រោសប្រទានអោយស្តេចមានបុត្រាមួយអង្គដើម្បីកុំអោយរាជវង្សនេះផុតរលត់ ហើយអោយក្រុងយេរូសាឡឹមនៅស្ថិតស្ថេរជាដរាប 5 ដ្បិតព្រះបាទដាវីឌបានប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ហើយពុំងាកចេញពីសេចក្តីដែលព្រះអង្គបានបង្គាប់អោយធ្វើឡើយ លើកលែងតែកំហុស ដែលស្តេចបានប្រព្រឹត្តចំពោះលោកអ៊ូរី ជាជនជាតិហេតមួយប៉ុណ្ណោះ។ 6 ព្រះបាទរេហូបោម និង ព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមកអស់មួយរជ្ជកាលព្រះបាទរេហូបោម។ 7 រីឯរាជកិច្ចផ្សេងៗទៀត ដែលព្រះបាទអប៊ីយ៉ាប្រព្រឹត្ត សុទ្ធ តែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ ព្រះបាទអប៊ីយ៉ាក៏ធ្វើសង្គ្រាមជាមួយព្រះបាទយេរ៉ូបោមដែរ។ 8 កាលព្រះបាទអប៊ីយ៉ាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទអេសា ជាបុត្របានឡើងស្នងរាជ្យ។ 9 នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយេរ៉ូបោមជាស្តេចអ៊ីស្រាអែល ព្រះបាទអេសាបានឡើងសោយរាជ្យនៅស្រុកយូដា។ 10 ស្តេចសោយរាជ្យបានសែសិបមួយឆ្នាំ នៅក្រុងយេរូសាឡឹម មាតា របស់ស្តេចមាននាមថាម៉ាកាជាបុត្រីរបស់សម្តេចអប៊ីសាឡុម។ 11 ព្រះបាទអេសាប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដូចព្រះបាទដាវីឌ ជាអយ្យកោដែរ។ 12 ស្តេចបានកំចាត់ពួកប្រុសៗដែលប្រព្រឹត្តអំពើពេស្យាចារសក្ការៈ ចេញពីស្រុក ហើយលុបបំបាត់ព្រះក្លែងក្លាយទាំងប៉ុន្មានដែលពួកអយ្យកោបានកសាងផង។ 13 ស្តេចបានហូតងារមហាក្សត្រិយានី ពីព្រះនាងម៉ាកា ជាមាតាព្រោះមាតាបានកសាងរូបដ៏គំរក់មួយជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអេសាកំទេចរូបដ៏គំរក់នោះ រួចយកទៅដុតចោលនៅជ្រោះកេដ្រូន។ 14 ក៏ប៉ុន្តែ ទោះបីស្តេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះក្តី ក៏ទ្រង់ពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ 15 ស្តេចបាននាំតង្វាយ ដែលបិតា និង ស្តេចផ្ទាល់បានញែកជារបស់សក្ការៈ គឺមានគ្រឿងមាសប្រាក់ និង វត្ថុផ្សេងៗទៀត ទៅទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 16 ព្រះបាទអេសា និង ព្រះបាទបាសាជាស្តេចស្រុកអ៊ីស្រាអែលតែងតែធ្វើសង្គ្រាមនឹងគ្នា ទៅវិញទៅមក អស់មួយរជ្ជកាលស្តេចទាំងពីរ។ 17 ព្រះបាទបាសាជាស្តេចស្រុកអ៊ីស្រាអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំអោយប្រជាជនរបស់ព្រះបាទអេសា ជាស្តេចស្រុកយូដាអាចចេញចូលបាន។ 18 ព្រះបាទអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និង ក្នុងឃ្លាំងព្រះរាជវាំង ប្រគល់ទៅអោយពួករាជបំរើ ហើយចាត់ពួកគេអោយទៅគាល់ព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្តេចស្រុកស៊ីរីដែលគង់នៅក្រុងដាម៉ាស ទូលថា៖ 19 «ទូលបង្គំសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និង ប្រាក់នេះមកថ្វាយព្រះករុណា។ សូមព្រះករុណាផ្តាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្តេចស្រុកអ៊ីស្រាអែលទៅ ដើម្បីកុំអោយស្តេចនោះលើកទ័ពមកវាយទូលបង្គំ»។ 20 ព្រះបាទបេនហាដាដយល់ព្រមតាមសំណូមពររបស់ព្រះបាទអេសា ហើយចាត់មេទ័ពអោយទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ក្រុងអេបិល-បេត-ម៉ាកា ព្រមទាំងតំបន់គីនេរ៉ែតទាំងមូល និង ស្រុកណែបថាលីទាំងមូល។ 21 កាលព្រះបាទបាសាជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយយាងមកគង់នៅក្រុងធើសាវិញ។ 22 ពេលនោះ ព្រះបាទអេសាប្រមូល ជនជាតិយូដាទាំងមូល ឥតខ្វះអ្នកណាម្នាក់ឡើយ ដើម្បីជញ្ជូនថ្ម និង ឈើ ដែលព្រះបាទបាសាប្រើសំរាប់សង់កំពែងក្រុងរ៉ាម៉ា។ ព្រះបាទអេសាយកថ្ម និង ឈើទាំងនោះទៅសង់កំពែងក្រុងកេបា ក្នុងទឹកដីបេនយាមីន និង ក្រុងមីសប៉ា។ 23 រាជកិច្ចទាំងប៉ុន្មានរបស់ព្រះបាទអេសា គឺវិរភាពដ៏អង់អាច និង អ្វីៗទាំងប៉ុន្មានដែលស្តេចបានប្រព្រឹត្តព្រមទាំងការសង់ទីក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ នៅគ្រាដែលស្តេចមានព្រះជន្មចាស់ជរានោះទ្រង់កើតរោគានៅព្រះបាទា។ 24 កាលព្រះបាទអេសាសោយទិវង្គតគេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌជាអយ្យកោ។ ព្រះបាទយ៉ូសាផាតជាបុត្រ បានឡើងស្នងរាជ្យ។ 25 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទអេសា ជាស្តេចស្រុកយូដា ព្រះបាទណាដាប់ជាបុត្រព្រះបាទយេរ៉ូបោមបានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទ្រង់សោយរាជ្យបានពីរឆ្នាំ។ 26 ស្តេចបានធ្វើអំពើអាក្រក់ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ និង ដើរតាមផ្លូវរបស់បិតា គឺទ្រង់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តអំពើបាបដែរ។ 27 លោកបាសាជាកូនរបស់លោកអហ៊ីយ៉ាក្នុងកុលសម្ព័ន្ធអ៊ីសាខារបានក្បត់ព្រះបាទណាដាប់ ហើយធ្វើគុតស្តេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្តេច និង កងទ័ពអ៊ីស្រាអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។ 28 លោកបាសាធ្វើគុតស្តេច នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសាជាស្តេចស្រុកយូដា ហើយឡើងសោយរាជ្យជំនួស។ 29 ពេលឡើងគ្រងរាជ្យហើយព្រះបាទបាសាប្រហារជីវិតរាជវង្សរបស់ព្រះបាទយេរ៉ូបោមទាំងអស់ គ្មានទុកអោយសល់អ្នកណាម្នាក់ឡើយ គឺបំផ្លាញអោយផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។ 30 ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបដែលព្រះបាទយេរ៉ូបោមប្រព្រឹត្ត ហើយនាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តអំពើបាបដែរ ជាហេតុបណ្តាលអោយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់ព្រះពិរោធ។ 31 រាជកិច្ចផ្សេងៗរបស់ព្រះបាទណាដាប់ និង អ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។ 32 ព្រះបាទអេសា និង ព្រះបាទបាសាជាស្តេចស្រុកអ៊ីស្រាអែលតែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្តេចទាំងពីរ។ 33 នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្តេចស្រុកយូដា ព្រះបាទបាសា ជាកូនរបស់លោកអហ៊ីយ៉ាបានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល នៅក្រុងធើសាអស់រយៈពេលម្ភៃបួនឆ្នាំ។ 34 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ និង ដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម គឺទ្រង់ប្រព្រឹត្តអំពើបាបហើយនាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តអំពើបាបដែរ។