1 គ្រានោះ សម្តេចអប៊ីយា ជាបុត្ររបស់ព្រះបាទយេរ៉ូបោម ប្រឈួន។ 2 ព្រះបាទយេរ៉ូបោមមានរាជឱង្ការទៅកាន់មហេសីថា៖ «ចូរក្រោកឡើង ក្លែងខ្លួនដើម្បីកុំអោយគេស្គាល់ថា នាងជាមហេសីយើងរួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានព្យាការីម្នាក់ឈ្មោះអហ៊ីយ៉ា គឺលោកហើយដែលប្រាប់យើងថាយើងនឹងសោយរាជ្យលើប្រជាជននេះ។ 3 ចូរយកនំបុ័ងដប់ដុំ និង នំខ្លះព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោកលោកមុខជាប្រាប់អោយនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។ 4 មហេសីរបស់ព្រះបាទយេរ៉ូបោមក៏ធ្វើតាម។ ព្រះនាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកលោកងងឹតដោយលោកចាស់ជរា។ 5 មុនពេលព្រះនាងមកដល់ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអហ៊ីយ៉ាថា៖ «មហេសីរបស់យេរ៉ូបោមនឹងមកសួរអ្នក អំពីកូនដែលកំពុងឈឺ។ កាលនាងចូលមកជួបអ្នក នាងនឹងក្លែងខ្លួនធ្វើជាស្ត្រីម្នាក់ផ្សេងទៀត។ ត្រូវនិយាយជាមួយនាងតាមពាក្យដែលយើងនឹងប្រាប់អ្នក»។ 6 កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់ព្រះនាងមកដល់មាត់ទ្វារលោកពោលថា៖ «សូមយាងចូលមក! មហេសីរបស់ព្រះបាទយេរ៉ូបោមហេតុអ្វីបានជាព្រះនាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? ព្រះជាម្ចាស់ចាត់ទូលបង្គំ អោយនាំដំណឹងដ៏អាក្រក់មកទូលព្រះនាង។ 7 សូមយាងទៅទូលព្រះបាទយេរ៉ូបោមដូចតទៅ : ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានលើកតម្កើងអ្នកនៅចំពោះមុខប្រជាជន និង តែងតាំងអ្នកអោយធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ 8 យើងបានដកហូតរាជសម្បត្តិពីពូជពង្សដាវីឌ ហើយប្រគល់អោយអ្នក។ ក៏ប៉ុន្តែ អ្នកមិនបានកាន់តាមបទបញ្ជារបស់យើង និង គោរពបំរើយើងដោយចិត្តស្មោះឡើយ ហើយអ្នកក៏មិនបានប្រព្រឹត្តអំពើសុចរិតដែលគាប់ចិត្តយើង ដូចដាវីឌជាអ្នកបំរើរបស់យើងដែរ។ 9 អ្នកបានប្រព្រឹត្តអាក្រក់ជាងអស់អ្នកមុនៗទៅទៀត គឺអ្នកបានធ្វើរូបព្រះផ្សេងៗ ព្រមទាំងសិតធ្វើរូបបដិមាករ ដើម្បីបញ្ឆេះកំហឹងរបស់យើង ហើយអ្នកបានបែរខ្នងដាក់យើងថែមទៀត។ 10 ហេតុនេះ យើងនឹងធ្វើអោយទុក្ខវេទនាកើតមាន ចំពោះពូជពង្សរបស់យេរ៉ូបោម។ យើងនឹងប្រហារកូនប្រុសៗក្នុងក្រុមគ្រួសាររបស់យេរ៉ូបោម ទាំងអ្នកងារទាំងអ្នកជា អោយអស់ពីស្រុកអ៊ីស្រាអែល។ យើងនឹងបោសពូជពង្សរបស់យេរ៉ូបោម ដូចគេបោសសំរាម ទាល់តែអស់ដែរ។ 11 ក្នុងក្រុមគ្រួសារយេរ៉ូបោមអ្នកដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយអ្នកដែលស្លាប់នៅតាមវាល នឹងត្រូវត្មាតចឹកស៊ី"។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 12 រីឯព្រះនាងវិញសូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលព្រះនាងយាងចូលដល់ទីក្រុង បុត្រនោះនឹងសោយទិវង្គត។ 13 ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយបញ្ចុះសពបុត្រនោះ។ ក្នុងរាជវង្សរបស់ព្រះបាទយេរ៉ូបោម មានតែបុត្រនេះមួយអង្គប៉ុណ្ណោះ ដែលគេបញ្ចុះសពក្នុងផ្នូរ ដ្បិតក្នុងរាជវង្សព្រះបាទយេរ៉ូបោមមានតែបុត្រអង្គនេះទេ ដែលបានប្រព្រឹត្តអំពើល្អខ្លះៗ ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ជាព្រះនៃប្រជាជនអ៊ីស្រាអែល។ 14 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងជ្រើសតាំងស្តេចមួយអង្គទៀត អោយសោយរាជ្យលើប្រជាជនអ៊ីស្រាអែល ស្តេចថ្មីនោះនឹងប្រហារពូជពង្សរបស់ព្រះបាទយេរ៉ូបោម អោយវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន! 15 ព្រះអម្ចាស់នឹងវាយជនជាតិអ៊ីស្រាអែល ពេលនោះពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក។ ព្រះអម្ចាស់នឹងដកជនជាតិអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អដែលព្រះអង្គប្រទានដល់បុព្វបុរសរបស់ពួកគេ ព្រះអង្គនឹងកំចាត់កំចាយពួកគេ អោយទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ាដែលបណ្តាលអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ 16 ព្រះអង្គបោះបង់ចោលអ៊ីស្រាអែល ព្រោះតែព្រះបាទយេរ៉ូបោមប្រព្រឹត្តអំពើបាប និង នាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តអំពើបាបដែរ»។ 17 មហេសីរបស់ព្រះបាទយេរ៉ូបោមក្រោកឡើងហើយយាងចេញទៅ។ ពេលព្រះនាងយាងដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារព្រះដំណាក់ បុត្រនោះក៏សោយទិវង្គត។ 18 គេបានបញ្ចុះសពបុត្រនោះ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា ជាអ្នកបំរើរបស់ព្រះអង្គ។ 19 រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេរ៉ូបោមដូចជាការធ្វើសង្គ្រាម ការគ្រងរាជ្យ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។ 20 ព្រះបាទយេរ៉ូបោមគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ កាលស្តេចសោយទិវង្គតផុតទៅ ព្រះបាទណាដាប់ជាបុត្រ បានឡើងស្នងរាជ្យ។ 21 ព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុសែសិបមួយវស្សា។ ស្តេចសោយរាជ្យបានដប់ប្រាំពីរវស្សា នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សំរាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្តេច មាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។ 22 ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហប្ញទ័យព្រះអម្ចាស់។ ពួកគេបានធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធ ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។ 23 ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្តូប និង បង្គោលព្រះអាសេរ៉ានៅតាមកំពូលភ្នំ និង នៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។ 24 នៅក្នុងស្រុកមានប្រុសៗប្រព្រឹត្តអំពើពេស្យាចារ សក្ការៈ គឺពួកគេធ្វើតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខកូនចៅអ៊ីស្រាអែល។ 25 នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ព្រះចៅស៊ីសាក់ជាស្តេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ 26 ស្តេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និង រាជទ្រព្យនៅក្នុងវាំង។ ស្តេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និង ខែលមាសទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ។ 27 ព្រះបាទរេហូបោមបានអោយគេធ្វើខែល ពីលង្ហិនជំនួសវិញ ហើយប្រគល់អោយមេក្រុមរបស់កងទាហានដែលយាមក្លោងទ្វារវាំងមើលថែរក្សា។ 28 គ្រប់ពេលដែលស្តេចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ រួចពួកគេប្រមូលយកទៅទុក ក្នុងបន្ទប់របស់មេក្រុមវិញ។ 29 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទរេហូបោម និង អ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 30 ព្រះបាទរេហូបោម និង ព្រះបាទយេរ៉ូបោមតែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមកជានិច្ច។ 31 កាលព្រះបាទរេហូបោមសោយទិវង្គតគេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ មាតារបស់ស្តេចមាននាមថា ណាអាម៉ាជាជនជាតិអាំម៉ូន។ ព្រះបាទអប៊ីយ៉ាជាបុត្របានឡើងស្នងរាជ្យ។