KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Kings - ពង្សាវតារក្សត្រ ទី ១ 12 - Khmer, Central - Old Version - Bible.is - KMHKOV

  1  សម្តេចរេហូបោមបានយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្តេចជាព្រះមហាក្សត្រ។   2  កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮ ដំណឹងនេះលោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីព្រះបាទសាឡូម៉ូនទៅស្នាក់នៅស្រុកអេស៊ីប។   3  ពេលនោះ គេបានចាត់មនុស្ស អោយទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និង ជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយទូលព្រះបាទរេហូបោមថា៖   4  «បិតារបស់ព្រះករុណា បានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសំរាលនឹមដ៏ធ្ងន់ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបំរើព្រះករុណា»។   5  ព្រះរាជាមានរាជឱង្ការថា៖«ចូរទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។   6  ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតាក្នុងគ្រាទ្រង់នៅមានព្រះជន្មនៅឡើយដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្តេចចំពោះប្រជាជននេះ?»។   7  អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យបំរើប្រជាជនបើព្រះករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេដោយព្រះហប្ញទ័យសប្បុរស នោះពួកគេនឹងបំរើព្រះករុណារហូតតទៅ»។   8  ប៉ុន្តែ ព្រះបាទរេហូបោមមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ តែស្តេចបានសួរយោបល់ពីមន្ត្រីជំនិតដែលធ្លាប់នៅជាមួយស្តេច តាំងពីកុមារមក។   9  ស្តេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនបានសុំអោយយើងសំរាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្តេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្តេចចំពោះប្រជាជននេះ?»។   10  មន្ត្រីក្មេងៗដែលធ្លាប់នៅជាមួយស្តេច តាំងពីកុមារមកនាំគ្នាទូលស្តេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជនដែលមកសុំអោយព្រះករុណាសំរាលនឹមបិតារបស់ព្រះករុណានោះវិញថា "កូនដៃរបស់យើងមានកម្លាំងជាងដៃបិតារបស់យើងទៅទៀត។   11  បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញយើងនឹងធ្វើអោយនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើងវិញយើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី"»។   12  លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និង ប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរេហូបោម តាមពេលកំណត់ដែលស្តេចបានប្រាប់ថា"ចាំបីថ្ងៃទៀតសឹមវិលមក ជួបយើងវិញ"។   13  ព្រះរាជាមានរាជឱង្ការទៅកាន់ប្រជាជនយ៉ាងតឹងរ៉ឹង គឺស្តេចមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ។   14  ព្រះរាជាមានរាជឱង្ការទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតារបស់យើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើអោយនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នាដោយប្រើខ្យាដំរី"»។   15  ស្តេចមិនព្រមស្តាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់បណ្តាលអោយមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងមកកាន់លោកយេរ៉ូបោមជាកូនរបស់លោកនេបាតតាមរយៈព្យាការីអហ៊ីយ៉ានៅស៊ីឡូ។   16  ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្តេចពុំព្រមស្តាប់តាមសំណូមពររបស់ខ្លួនទេពួកគេក៏ទូលស្តេចថា៖ «ពួកយើងគ្មានជាប់ជំញក់អ្វីនឹង ព្រះបាទដាវីឌទេ! ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ កូនរបស់លោកអ៊ីសាយដែរ! ប្រជាជនអ៊ីស្រាអែលអើយ ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ។ រាជវង្សរបស់ព្រះបាទដាវីឌអើយ ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។ ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់លំនៅរបស់ខ្លួនវិញ។   17  ព្រះបាទរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។   18  ព្រះបាទរេហូបោមចាត់លោកអដូរ៉ាមជាអ្នកទទួលខុសត្រូវលើកំណែន អោយទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរេហូបោមក៏ប្រញាប់ប្រញាល់ឡើងរាជរថ ភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។   19  គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរ ប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។   20  កាលប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថាលោកយេរ៉ូបោមវិលត្រឡប់មកវិញ គេក៏ជួបជុំគ្នាហើយចាត់មនុស្សអោយទៅអញ្ជើញលោកមក។ គេអភិសេកលោកជាស្តេចលើប្រជាជនអ៊ីស្រាអែលទាំងមូល។ មានតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សព្រះបាទដាវីឌ។   21  ពេលព្រះបាទរេហូបោមយាងមកដល់ក្រុងយេរូសាឡឹម ទ្រង់ក៏ប្រមូលទាហានក្នុងពូជពង្សយូដា និង កុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល បានចំនួនមួយសែនប្រាំបីម៉ឺននាក់ ដែលសុទ្ធតែជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញ។ ពួកគេលើកទ័ពចេញទៅច្បាំងនឹងកូនចៅអ៊ីស្រាអែលឯទៀតៗ ដើម្បីដណ្តើមយកអាណាចក្រទាំងមូល មកថ្វាយព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនវិញ។   22  ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖   23  «ចូរប្រាប់រេហូបោម បុត្រសាឡូម៉ូន ជាស្តេចនៅស្រុកយូដា ព្រមទាំងកុលសម្ព័ន្ធយូដាកុលសម្ព័ន្ធបេនយ៉ាមីន និង ប្រជាជនឯទៀតៗថា   24  ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ : កុំចេញទៅច្បាំងនឹងជនជាតិអ៊ីស្រាអែលជាបងប្អូនរបស់ខ្លួនឡើយ។ ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើអោយសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្តាប់តាមបង្គាប់ព្រះអម្ចាស់ ហើយនាំគ្នាវិលត្រឡប់ទៅវិញ តាមព្រះបន្ទូលរបស់ព្រះអង្គ។   25  ព្រះបាទយេរ៉ូបោមបានសង់ក្រុងស៊ីគែម នៅលើភ្នំអេប្រាអ៊ីម ដើម្បីគង់នៅទីនោះ។ បន្ទាប់មកស្តេចបានចេញពីស៊ីគែម ទៅសង់ក្រុងពេនួល។   26  ព្រះបាទយេរ៉ូបោមរិះគិតថា៖ «យោលតាមសភាពការណ៍ពេលនេះ អាណាចក្រខ្ញុំអាចធ្លាក់ទៅក្នុង កណ្តាប់ដៃរបស់រាជវង្សព្រះបាទដាវីឌមិនខាន។   27  ប្រសិនបើប្រជាជនរបស់ខ្ញុំនៅតែទៅថ្វាយយញ្ញបូជាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹមដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករេហូបោម ជាស្តេចស្រុកយូដា និង ជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំ រួចវិលទៅរករេហូបោមជាស្តេចស្រុកយូដាមិនខាន»។   28  ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺអោយគេសិតធ្វើរូបគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹម ជាច្រើនដងហើយអ៊ីស្រាអែលអើយ!នេះនែ៎ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។   29  ស្តេចតម្កល់រូបគោមួយនៅបេតអែល និង មួយទៀតនៅក្រុងដាន់។   30  ស្តេចបាននាំប្រជាជនអោយប្រព្រឹត្តអំពើបាប ព្រោះតែរូបគោនោះ។ ប្រជាជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។   31  ព្រះបាទយេរ៉ូបោមសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរួចជ្រើសរើសមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពួកលេវី អោយធ្វើជាបូជាចារ្យ ។   32  ព្រះបាទយេរ៉ូបោមបានកំណត់យកថ្ងៃទីដប់ប្រាំនៃខែទីប្រាំបី សំរាប់ប្រារព្ធពិធីបុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះស្តេចយាងទៅថ្វាយយញ្ញបូជានៅលើអាសន:។ ស្តេចបានប្រព្រឹត្តរបៀបនេះនៅបេតអែលដែរ គឺថ្វាយយញ្ញបូជាចំពោះរូបគោដែលស្តេចបានធ្វើ ព្រមទាំងយកបូជាចារ្យដែលស្តេចតែងតាំង សំរាប់បំរើការងារនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ អោយមកបំរើការនៅបេតអែលផង។   33  នៅថ្ងៃទីដប់ប្រាំ នៃខែប្រាំបីជាថ្ងៃដែលស្តេចកំណត់ខ្លួនឯង ទ្រង់យាងទៅអាសនៈ ដែលទ្រង់បានសង់នៅបេតអែលដើម្បីប្រារព្ធពិធីបុណ្យជាមួយប្រជាជនអ៊ីស្រាអែល។ ក្នុងឱកាសនោះ ស្តេចឡើងទៅដុតគ្រឿងក្រអូបនៅលើអាសន:។