KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Kings - ពង្សាវតារក្សត្រ ទី ១ 11 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះបាទសាឡូម៉ូនស្រឡាញ់ស្ត្រីសាសន៍ដទៃ ជាច្រើនរូប។ ក្រៅពីបុត្រីរបស់ព្រះចៅផារ៉ោន ស្តេចមានមហេសីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និង សាសន៍ហេត។   2  មហេសីទាំងនោះមានដើមកំណើតពីប្រជាជាតិដែលព្រះអម្ចាស់បានហាមដល់កូនចៅអ៊ីស្រាអែលថា «អ្នករាល់គ្នាមិនត្រូវរៀបការជាមួយស្ត្រីសាសន៍ទាំងនោះឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នា អោយទៅគោរពព្រះរបស់គេជាមិនខាន»។ ព្រះបាទសាឡូម៉ូនចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនោះ ដោយសារតែសេចក្តីស្នេហា។   3  ព្រះបាទសាឡូម៉ូនមានមហេសីដែលជាបុត្រីរបស់ស្តេចសាសន៍ដទៃ ចំនួនប្រាំពីររយអង្គ និង ស្រីស្នំចំនួនបីរយនាក់។ ពួកមហេសី និង ស្រីស្នំរបស់ស្តេច បានអូសទាញព្រះហប្ញទ័យស្តេចចេញពីព្រះជាម្ចាស់។   4  ពេលព្រះបាទសាឡូម៉ូនមានព្រះជន្មកាន់តែចាស់ជរាណាស់ហើយ មហេសី និង ស្រីស្នំបានអូសទាញព្រះហប្ញទ័យស្តេច អោយទៅគោរពព្រះដទៃ។ ព្រះបាទសាឡូម៉ូនលែងស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាបិតាទៀតហើយ។   5  ព្រះបាទសាឡូម៉ូនថ្វាយបង្គំព្រះអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន និង ព្រះមីលកូមជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។   6  ព្រះបាទសាឡូម៉ូនបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ហើយមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ទាំងស្រុង ដូចព្រះបាទដាវីឌ ជាបិតាឡើយ។   7  នៅគ្រានោះ ព្រះបាទសាឡូម៉ូនបានសង់កន្លែងសក្ការៈមួយនៅលើភ្នំ ដែលនៅទល់មុខក្រុងយេរូសាឡឹម ថ្វាយព្រះកេមូស ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និង ព្រះម៉ូឡុកជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។   8  ព្រះរាជាបានសង់ទីសក្ការៈជាច្រើនទៀត សំរាប់មហេសីទាំងអស់ដែលជាសាសន៍ដទៃដើម្បីអោយពួកនាងថ្វាយគ្រឿងក្រអូប និង ថ្វាយយញ្ញបូជាដល់ព្រះរបស់ខ្លួន។   9  ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទសាឡូម៉ូន ដ្បិតស្តេចបែកចិត្តចេញពីព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានយាងមកជួបស្តេចដល់ទៅពីរដង   10  ហើយហាមផ្តាច់មិនអោយស្តេចគោរពព្រះដទៃ។ ប៉ុន្តែព្រះបាទសាឡូម៉ូនមិនប្រតិបត្តិតាមបញ្ជារបស់ព្រះអម្ចាស់ឡើយ។   11  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមច្បាប់ដែលយើងបង្គាប់ដល់អ្នកដែរយើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅអោយអ្នកបំរើរបស់អ្នកវិញ។   12  ប៉ុន្តែ ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។   13  យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេ គឺយើងនឹងទុកកុលសម្ព័ន្ធមួយអោយកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ដាវីឌជាបិតារបស់អ្នក និង យល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។   14  ព្រះអម្ចាស់បានបណ្តាលអោយលោកហាដាឌ ជារាជវង្សរបស់ស្តេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ព្រះបាទសាឡូម៉ូន។   15  នៅគ្រាដែលព្រះបាទដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែលដែលស្លាប់ក្នុងចំបាំង យកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។   16  លោកយ៉ូអាប់ និង កងទ័ពអ៊ីស្រាអែលទាំងមូលបានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែរហូតទាល់តែពួកលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។   17  គ្រានោះ លោកហាដាឌនៅជាកុមារនៅឡើយលោកបានរត់គេចខ្លួនទៅស្រុកអេស៊ីបជាមួយជនជាតិអេដុម ខ្លះដែលជាអ្នកបំរើរបស់ឪពុកលោក។   18  ពួកគេចាកចេញពីស្រុកម៉ាឌាន ទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយហើយសុំជ្រកកោននឹងព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនប្រទានផ្ទះសម្បែង និង ផ្គត់ផ្តង់ស្បៀងអាហារដល់លោក ព្រមទាំងប្រទានដីធ្លីអោយលោកទៀតផង។   19  លោកហាដាឌបានទទួលការប្រោសប្រណីពីព្រះចៅផារ៉ោន។ ស្តេចបានលើកប្អូនថ្លៃ គឺប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នែសអោយធ្វើជាភរិយារបស់លោកផង។   20  ប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេស បង្កើតកូនប្រុសមួយរូបឈ្មោះកេនូបាតជូនលោកហាដាឌ។ ព្រះមហាក្សត្រិយានីថាផ្នេស យកកូននោះទៅចិញ្ចឹមនៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ ដូច្នេះ កេនូបាតបានរស់នៅក្នុងវាំង ជាមួយបុត្ររបស់ព្រះចៅផារ៉ោន។   21  នៅស្រុកអេស៊ីបលោកហាដាឌទទួលដំណឹងថាព្រះបាទដាវីឌសោយទិវង្គត ហើយលោកមេទ័ពយ៉ូអាប់ ក៏ទទួលមរណភាពដែរ។ លោកហាដាឌទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណារាជានុញ្ញាតអោយទូលបង្គំត្រឡប់ទៅស្រុករបស់ទូលបង្គំវិញផង»។   22  ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀតបានជាចង់ត្រឡប់ទៅស្រុកវិញ?»។ លោកទូលថា៖ «ទូលបង្គំគ្មានខ្វះអ្វីទេ ប៉ុន្តែសូមព្រះករុណាមេត្តារាជានុញ្ញាត អោយទូលបង្គំចាកចេញទៅផង!»។   23  ព្រះជាម្ចាស់បានបណ្តាលអោយលោករេសោនជាកូនរបស់លោកអេលីយ៉ាដាក្លាយទៅជាគូវិវាទម្នាក់ទៀតរបស់ព្រះបាទសាឡូម៉ូន។ គាត់រត់គេចពីម្ចាស់របស់ខ្លួន គឺព្រះបាទហាដា-រេស៊ើរជាស្តេចស្រុកសូបា។   24  គាត់បានប្រមែប្រមូលមនុស្សអោយមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលព្រះបាទដាវីឌសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។   25  លោករេសោនក្លាយទៅជាគូវិវាទរបស់អ៊ីស្រាអែល អស់មួយរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ដូចលោកហាដាឌ ដែលបានធ្វើទុក្ខបុកម្នេញអ៊ីស្រាអែលដែរ។ ព្រះបាទរេសោនបានឡើងសោយរាជ្យលើស្រុកស៊ីរី ហើយតែងតែស្អប់ជនជាតិអ៊ីស្រាអែល។   26  លោកយេរ៉ូបោម ជាកូនរបស់លោកនេបាតក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម នៅស្រុកសេរេដា ម្តាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោម ជារាជបំរើបស់ព្រះបាទសាឡូម៉ូន តែលោកបានបះបោរប្រឆាំងនឹងស្តេច។   27  មូលហេតុដែលបណ្តាលអោយលោកយេរ៉ូបោមបះបោរប្រឆាំងនឹងស្តេចមានដូចតទៅ :នៅពេលព្រះបាទសាឡូម៉ូនសង់ព្រលាននៅមីឡូ និង ជួសជុលកំពែងបាក់បែក នៅបុរីព្រះបាទដាវីឌជាបិតា   28  ទ្រង់សង្កេតឃើញលោកយេរ៉ូបោម ជាមនុស្សក្លាហានអង់អាច។ ដូច្នេះ ស្តេចក៏ចាត់លោកអោយមើលខុសត្រូវលើកំណែនរបស់កូនចៅលោកយ៉ូសែប។   29  ថ្ងៃមួយ លោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ព្យាការីអហ៊ីយ៉ាជាអ្នកភូមិស៊ីឡូ បានមកជួបលោក ទាំងពាក់អាវធំមួយថ្មីផង។ លោកទាំងពីរស្ថិតនៅទីវាល ដាច់ឆ្ងាយពីគេ។   30  លោកអហ៊ីយ៉ាដោះអាវធំថ្មីនោះ មកហែកជាដប់ពីរចំរៀក។   31  បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំរៀកនេះទៅ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា"យើងនឹងដកហូតអាណាចក្រពីសាឡូម៉ូន ប្រគល់អោយអ្នកយើងនឹងអោយអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។   32  យើងទុកកុលសម្ព័ន្ធតែមួយអោយសាឡូម៉ូន ដោយយល់ដល់ដាវីឌ ជាអ្នកបំរើរបស់យើង និង ដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល។   33  យើងធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រាអែលបោះបង់ចោលយើង ទៅថ្វាយបង្គំអាសថារ៉ូត ជាព្រះនៃជនជាតិស៊ីដូន កេម៉ូសជាព្រះនៃជនជាតិម៉ូអាប់ និង មីលកូមជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេពុំបានដើរតាមមាគ៌ារបស់យើង ហើយក៏មិនប្រព្រឹត្តអំពើសុចរិត នៅចំពោះមុខយើងមិនកាន់តាមច្បាប់ និង វិន័យរបស់យើង ដូចដាវីឌជាបិតារបស់សាឡូម៉ូនឡើយ។   34  យើងមិនដកយកអាណាចក្រទាំងមូលចេញពីសាឡូម៉ូនទេ យើងអោយគេកាន់អំណាចអស់មួយជីវិតដោយយល់ដល់ដាវីឌជាអ្នកបំរើ ដែលយើងបានជ្រើសរើសព្រោះដាវីឌបានកាន់តាមបទបញ្ជា និង ច្បាប់របស់យើង។   35  យើងនឹងដកអាណាចក្រពីកូនរបស់សាឡូម៉ូន ហើយប្រគល់អោយអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។   36  រីឯកូនរបស់សាឡូម៉ូនវិញ យើងទុកកុលសម្ព័ន្ធមួយអោយគេគ្រប់គ្រងដើម្បីអោយដាវីឌ ជាអ្នកបំរើរបស់យើងមានពូជពង្សសោយរាជ្យជាដរាបនៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹមដែលយើងបានជ្រើសរើសសំរាប់នាមយើង។   37  រីឯអ្នកវិញ យើងនឹងតែងតាំងអ្នកអោយធ្វើជាស្តេច លើស្រុកអ៊ីស្រាអែល អ្នកនឹងគ្រប់គ្រងលើទឹកដីនេះតាមបំណងប្រាថ្នារបស់អ្នក។   38  ប្រសិនបើអ្នកស្តាប់សេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមច្បាប់ និង បទបញ្ជារបស់យើង ដូចដាវីឌជាអ្នកបំរើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើអោយអ្នកមានពូជពង្សគ្រងរាជ្យជាដរាបដូចយើងបានធ្វើចំពោះដាវីឌដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រាអែលដល់អ្នក។   39  យើងនឹងធ្វើអោយពូជពង្សដាវីឌត្រូវអាម៉ស់ តែមិនមែនរហូតទេ»។   40  ព្រះបាទសាឡូម៉ូនរកសម្លាប់លោកយេរ៉ូបោមលោកក៏រត់ភៀសខ្លួនទៅជ្រកកោនជាមួយព្រះចៅស៊ីសាក ជាស្តេចស្រុកអេស៊ីប រហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។   41  រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន មានកត់ត្រាទុកក្នុងសៀវភៅដែលមានចំណងជើងថា «រាជកិច្ចរបស់ព្រះបាទសាឡូម៉ូន»។ សៀវភៅនោះរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលស្តេចបានធ្វើ និង អំពីប្រាជ្ញារបស់ស្តេច។   42  ព្រះបាទសាឡូម៉ូនសោយរាជ្យលើប្រជាជនអ៊ីស្រាអែលទាំងមូលនៅក្រុងយេរូសាឡឹមអស់រយៈពេលសែសិបឆ្នាំ។   43  កាលព្រះបាទសាឡូម៉ូនសោយទិវង្គតគេបានយកសពទៅបញ្ចុះ នៅបុរីព្រះបាទដាវីឌជាបិតា។ ព្រះបាទរេហូបោមជាបុត្រឡើងស្នងរាជ្យ។