KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Kings - ពង្សាវតារក្សត្រ ទី ១ 10 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះមហាក្សត្រិយានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បីល្បាញដែលព្រះបាទសាឡូម៉ូនទទួលពីព្រះអម្ចាស់។ ដូច្នេះព្រះនាងក៏យាងមកគាល់ព្រះបាទសាឡូម៉ូន ដើម្បីល្បងប្រាជ្ញាដោយចោទសួរប្រស្នាផ្សេងៗ។   2  ព្រះនាងយាងមកដល់ក្រុងយេរូសាឡឹម ដោយមានរាជបំរើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ធជាច្រើនដឹកគ្រឿងក្រអូបមាស និង ត្បូងយ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះនាងចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។   3  ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំនួររបស់ព្រះនាងត្រូវទាំងអស់ឥតមានសំនួរណាមួយ ដែលព្រះរាជាឆ្លើយពុំរួចនោះឡើយ។   4  ព្រះមហាក្សត្រិយានីស្រុកសេបាសង្កេតឃើញប្រាជ្ញាដ៏ឈ្លាសវៃរបស់ព្រះបាទសាឡូម៉ូន និង ឃើញវាំងដែលស្តេចបានសង់   5  ព្រមទាំងឃើញព្រះស្ងោយនៅលើតុស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និង ឯកសណ្ឋានរបស់ពួករាជបំរើពួកមហាតលឹក និង ឃើញតង្វាយដុតទាំងមូល ដែលស្តេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។   6  ព្រះនាងមានសវនីយ៍ទៅកាន់ព្រះបាទសាឡូម៉ូនថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្តីអំពីព្រះករុណា និង អំពីប្រាជ្ញារបស់ព្រះករុណានោះពិតជាត្រឹមត្រូវមែន!   7  មុនពេលខ្ញុំម្ចាស់មកដល់ និង មុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថាអ្វីៗដែលគេរៀបរាប់នោះ បានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញា ហើយចំរុងចំរើន លើសពីសេចក្តីដែលខ្ញុំម្ចាស់បានឮទៅទៀត។   8  ពួករាជបំរើ និង ពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណា ពិតជាមានសុភមង្គល ហើយព្រោះពួកគេបានស្តាប់រាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។   9  សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណាអោយឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែលជានិច្ច ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាអោយធ្វើជាស្តេច ដើម្បីគ្រប់គ្រងដោយសុចរិត និង យុត្តិធម៌»។   10  ព្រះមហាក្សត្រិយានីស្រុកសេបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និង ត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកថ្វាយព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានីស្រុកសេបាឡើយ។   11  កាលសំពៅរបស់ព្រះបាទហ៊ីរ៉ាម ដឹកមាសពីស្រុកអូភារមកនោះ គេក៏ដឹកឈើខ្លឹមចន្ទន៍ និង ត្បូងយ៉ាងច្រើនមកជាមួយដែរ។   12  ព្រះបាទសាឡូម៉ូនបានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើបង្កាន់ដៃព្រះដំណាក់របស់ព្រះអម្ចាស់ និង ដំណាក់របស់ស្តេច ព្រមទាំងធ្វើឧបករណ៍ភ្លេង គឺមានពិណ និង ឃឹមសំរាប់ក្រុមអ្នកចំរៀង។ រហូតដល់សព្វថ្ងៃគេពុំដែលឃើញមាននរណាម្នាក់នាំឈើខ្លឹមចន្ទន៍យ៉ាងច្រើនបែបនេះ ចូលមកស្រុកអ៊ីស្រាអែលឡើយ។   13  រីឯព្រះបាទសាឡូម៉ូនវិញ អ្វីៗដែលព្រះមហាក្សត្រិយានីស្រុកសេបាចង់បាន និង ទូលសូមស្តេចប្រគល់អោយទាំងអស់។ លើសពីនេះ ព្រះរាជាក៏បានថ្វាយរាជទ្រព្យទៅព្រះនាង សមនឹងឋានៈទ្រង់ជាស្តេចដ៏ឧត្តុង្គឧត្តម។ បន្ទាប់មកព្រះមហាក្សត្រិយានី និង រាជបំរើវិលត្រឡប់ទៅកាន់ស្រុកសេបាវិញ។   14  ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលបានមាស ទម្ងន់ម្ភៃបីតោន។   15  លើសពីនោះ មានចំណូលដែលបានមកពីពន្ធដារនៃទំនិញនាំចូល ការធ្វើជំនួញ ព្រមទាំងសួយអាកររបស់ស្តេចទាំងឡាយនៃស្រុកអារ៉ាប់ និង ពួកចៅហ្វាយខេត្តថែមទៀតផង។   16  ព្រះបាទសាឡូម៉ូនអោយគេធ្វើខែលធំៗពីមាសចំនួនពីររយខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម   17  និង ខែលតូចៗពីមាស ចំនួនបីរយខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ។ ស្តេចយកខែលទាំងនោះទៅទុកក្នុង «ដំណាក់ព្រៃស្រុកលីបង់»។   18  ព្រះបាទសាឡូម៉ូនធ្វើបល្ល័ង្កមួយដ៏ធំពីភ្លុក ព្រមទាំងស្រោបមាសសុទ្ធផង។   19  បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយដែលមានជណ្តើរប្រាំមួយថ្នាក់ បង្អែករបស់បល្ល័ង្កមានរាងមូល ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សឹង្ហពីរឈរនៅជាប់នឹងដៃទាំងសងខាងនោះ។   20  មានរូបចម្លាក់សឹង្ហដប់ពីរ ឈរអមសងខាងជណ្តើរទាំងប្រាំមួយថ្នាក់នោះ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។   21  រីឯពែងទាំងប៉ុន្មានរបស់ស្តេចសុទ្ធតែធ្វើពីមាស ហើយចានដែលប្រើប្រាស់ក្នុងដំណាក់ព្រៃស្រុកលីបង់ ក៏ធ្វើពីមាសសុទ្ធទាំងអស់។ គេពុំបានធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលព្រះបាទសាឡូម៉ូនប្រាក់គ្មានតម្លៃឡើយ។   22  ព្រះបាទសាឡូម៉ូនមានសំពៅដើរសមុទ្រសំរាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ព្រះបាទហ៊ីរ៉ាម។ បីឆ្នាំម្តងសំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និង ក្ងោកមកផង។   23  ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និង ប្រាជ្ញាលើសស្តេចទាំងប៉ុន្មាននៅលើផែនដី។   24  មនុស្សទាំងអស់តែងតែចង់ចូលគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្តាប់រាជឱង្ការប្រកបដោយប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានមកស្តេច។   25  រៀងរាល់ឆ្នាំ គេតែងតែនាំយកតង្វាយមកថ្វាយព្រះបាទសាឡូម៉ូន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់សម្លៀកបំពាក់គ្រឿងសាស្ត្រាវុធគ្រឿងក្រអូប សេះ និង លា។   26  ព្រះបាទសាឡូម៉ូនប្រមូលរទេះចំបាំង និង ពលទ័ពសេះទាំងអស់មកឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និង ពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្តេចទុកមួយចំនួនអោយនៅជាមួយស្តេចក្នុងក្រុងយេរូសាឡឹម និង មួយចំនួនទៀតអោយទៅនៅតាម ក្រុងនានាដែលស្តេចបំរុងសំរាប់ទ័ពទាំងនោះ។   27  ព្រះរាជាបានធ្វើអោយក្រុងយេរូសាឡឹម មានប្រាក់សម្បូណ៌ដូចដុំថ្ម និង មានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។   28  ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និង គីលីគាមកថ្វាយព្រះបាទសាឡូម៉ូន។   29  រទេះមួយមកពីស្រុក អេស៊ីបមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និង សេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និង រទេះទៅលក់ថ្វាយស្តេចទាំងប៉ុន្មាននៃជនជាតិហេត និង ស្តេចនៃជនជាតិស៊ីរីដែរ។