KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Corinthians - ១ កូរិនថូស 8 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ដែលគេបានសែនព្រះក្លែងក្លាយ រួចហើយ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំអោយអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់រមែងតែងតែជួយកសាង។   2  ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថា អ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។   3  ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះជាម្ចាស់ ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។   4  ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ យើងដឹងហើយថាក្នុងលោកនេះក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មានព្រះឯណាទៀតសោះឡើយ។   5  ទោះបីមានអ្វីៗ ដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬ នៅលើផែនដីក៏ដោយ (ដ្បិតគេជឿថាព្រះក៏មានច្រើនម្ចាស់ក៏មានច្រើន)   6  ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សំរាប់ព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រិស្ដ ។ អ្វីៗសព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតរស់ក៏ដោយសារព្រះអង្គដែរ។   7  ប៉ុន្ដែ មិនមែនគ្រប់គ្នាទេ ដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្ដនឹងព្រះក្លែងក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះទុកដូចជាសំណែន ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង។   8  តាមពិត មិនមែនចំណីអាហារទេ ដែលធ្វើអោយយើងបានខិតចូលជិតព្រះជាម្ចាស់។ បើយើងមិនបានបរិភោគយើងក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។   9  ហេតុនេះសូមបងប្អូនប្រុងប្រយ័ត្នខ្លួន កុំអោយសិទ្ធិសេរីភាពរបស់បងប្អូននាំអោយអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។   10  បងប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះក្លែងក្លាយជាមិនខាន។   11  ព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីសង្គ្រោះអ្នកទន់ខ្សោយនោះ ប៉ុន្ដែ ការចេះដឹងរបស់បងប្អូន បែរជានាំគេអោយវិនាសអន្ដរាយទៅវិញ!   12  ដោយបងប្អូនប្រព្រឹត្ដអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និង ធ្វើអោយមនសិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះបងប្អូនក៏ដូចជាបានប្រព្រឹត្ដអំពើបាបចំពោះព្រះគ្រិស្ដផ្ទាល់ដែរ។   13  ហេតុនេះ ប្រសិនបើចំណីអាហារណាមួយធ្វើអោយបងប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនបរិភោគសាច់ទៀតជាដាច់ខាតដើម្បីកុំអោយបងប្អូនខ្ញុំរវាតចិត្ដបាត់ជំនឿ។