1 នេះជាកូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល- លោករូបេននេះជាកូនច្បងមែនតែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បង ត្រូវបានផ្ទេរទៅអោយកូនៗរបស់លោកយ៉ូសែបជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេនជាកូនច្បងបានទេ។ 2 រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិតស្តេចដែលគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលកើតចេញពីគាត់តែសិទ្ធិជាកូនច្បង នៅតែបានទៅលើលោកយ៉ូសែបដដែលភ។ 3 កូនរបស់លោករូបេន ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែល មាន ហេណុក ប៉ាលូវ ហេស្រុន និង កើមី។ 4 រីឯកូនចៅរបស់លោកយ៉ូអែល មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ : គឺសេម៉ា-យ៉ាកុកស៊ីម៉ាយ 5 មីកា រីអាយ៉ាបាល 6 និង បេរ៉ាដែលត្រូវព្រះចៅទីកឡាត-ពីលេស៊ើរជាស្តេចស្រុកអាស៊្សីរី នាំទៅជាឈ្លើយ។ លោកបេរ៉ាជាមេដឹកនាំកុលសម្ព័ន្ធរូបេន។ 7 បងប្អូនរបស់គាត់ មានឈ្មោះក្នុងបញ្ជីរាយនាមតាមអំបូរតាមវង្សត្រកូលដូចតទៅ : អ្នកទីមួយ គឺលោកយីអែល បន្ទាប់មក លោកសាការី 8 លោកបេឡាជាកូនរបស់លោកអសាស ជាចៅរបស់លោកសេម៉ា និង ជាចៅទួតរបស់លោកយ៉ូអែល។ កុលសម្ព័ន្ធរូបេនរស់នៅក្នុងតំបន់ ដែលគិតចាប់ពីក្រុងអារ៉ូអ៊ើរ រហូតដល់ក្រុងនេបូ និង បាល-មេយ៉ូន។ 9 នៅទិសខាងកើត ពួកគេលាតសន្ធឹងចាប់តាំងពីទន្លេអឺប្រាត រហូតដល់វាលរហោស្ថាន ដ្បិតគេមានហ្វូងសត្វជាច្រើននៅស្រុកកាឡាដ។ 10 នៅរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូល។ 11 ពូជពង្សរបស់លោកកាដ រស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និង រហូតដល់សាលកា។ 12 លោកយ៉ូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និង លោកសាផាត់នៅស្រុកបាសាន។ 13 បងប្អូនពួកគេប្រាំពីរនាក់ទៀតមានឈ្មោះតាមក្រុមគ្រួសារដូចតទៅ :គឺ មីកែលមស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និង ហេប៊ើរ។ 14 អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអប៊ីហែល។ លោកអប៊ីហែលជាកូនរបស់លោកហ៊ូរី លោកហ៊ូរី ជាកូនរបស់លោកយ៉ារ៉ូអា លោកយ៉ារ៉ូអាជាកូនរបស់លោកកាឡាដ លោកកាឡាដជាកូនរបស់លោកគឺមីកែល លោកមីកែលជាកូនរបស់លោកយេស៊ីសាយ លោកយេស៊ីសាយជាកូនរបស់លោកយ៉ាដោ លោកយ៉ាដោជាកូនរបស់លោកប៊ូស។ 15 លោកអហ៊ី ជាកូនរបស់លោកអ័បឌាល និង ជាចៅរបស់លោកគូនី ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។ 16 អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និង វាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។ 17 អ្នកទាំងនោះមានឈ្មោះក្នុងបញ្ជីជំរឿនប្រជាជន នៅរជ្ជកាលព្រះបាទយ៉ូថាម ជាស្តេចស្រុកយូដា និង រជ្ជកាលព្រះបាទយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រាអែល។ 18 កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល មានទាហានចំនួន ៤៤៧៦០នាក់ ដែលអាចចេញទៅធ្វើសឹកសង្គ្រាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែលប្រើដាវបាញ់ធ្នូនិង ថ្នឹកខាងចំបាំង។ 19 ពួកគេលើកគ្នាទៅច្បាំងនឹងជនជាតិហាការេន យេធើរណាភីស និង ណូដាប់។ 20 នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះព្រះអង្គក៏ជួយពួកគេអោយមានជ័យជំនះ លើកងទ័ពហាការេន និង បក្សពួក។ 21 ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមាន អូដ្ឋ៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និង លា២ ០០០ ក្បាល ព្រមទាំងចាប់បានមនុស្សមួយសែននាក់។ 22 ខ្មាំងសត្រូវក៏ខាតបង់ជីវិតមនុស្សជាច្រើននាក់ដែរ ដ្បិតចំបាំងនោះកើតពីព្រះជាម្ចាស់។ ពួកគេតាំងទីលំនៅលើទឹកដីរបស់ខ្មាំង រហូតដល់គ្រាដែលពួកគេជាប់ជាឈ្លើយសឹក។ 23 កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ និង ភ្នំហើរម៉ូន ហើយពួកគេកើនចំនួនឡើងជាច្រើន។ 24 រីឯមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ មានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាលលោកយេរេមី លោកហូដាវា និង លោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និង មានល្បីឈ្មោះ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។ 25 ក៏ប៉ុន្តែ ពួកគេពុំបានស្មោះត្រង់នឹងព្រះនៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបំរើព្រះរបស់ជាតិសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះគឺជាតិសាសន៍ដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។ 26 ហេតុនេះព្រះរបស់ជនជាតិអ៊ីស្រាអែលបានបណ្តាលចិត្តព្រះបាទពូល និង ព្រះបាទទីកឡាត-ពីលេស៊ើរជាស្តេចស្រុកអាស៊្សីរី អោយវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលេស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៅជាឈ្លើយសឹកនៅតំបន់ហាឡាហាបោរ និង ហារ៉ាដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះ រហូតដល់សព្វថ្ងៃ។