KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Chronicles - របាក្សត្រ ទី១ 29 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូល ថា៖ «ព្រះជាម្ចាស់បានជ្រើសរើសសាឡូម៉ូនជាបុត្ររបស់ខ្ញុំតែម្នាក់គត់ ដែលនៅក្មេងខ្ចី។ រីឯការងារដែលត្រូវបំពេញធំធេងណាស់ ដ្បិតព្រះដំណាក់ដែលយើងសង់នេះមិនមែនសំរាប់មនុស្សទេ គឺថ្វាយព្រះជាអម្ចាស់។   2  ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ គឺខ្ញុំបានប្រមូលមាស សំរាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សំរាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់លង្ហិនសំរាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសំរាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសំរាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិរស ត្បូងសំរាប់ដាំលំអ ត្បូងចំរុះពណ៌ ពេជ្រគ្រប់ប្រភេទ និង ថ្មកែវដ៏ច្រើនឥតគណនា។   3  មួយវិញទៀត ខ្ញុំបានយកមាសប្រាក់ដែលជាសម្បត្តិរបស់ខ្ញុំផ្ទាល់មកថ្វាយ សំរាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ បន្ថែមពីលើរបស់របរទាំងប៉ុន្មានដែលខ្ញុំត្រៀមសំរាប់ព្រះដំណាក់ដ៏វិសុទ្ធ ព្រោះខ្ញុំជំពាក់ចិត្តនឹងព្រះដំណាក់របស់ព្រះជាម្ចាស់ខ្លាំងណាស់   4  គឺខ្ញុំប្រគល់មាសពីស្រុកអូភារចំនួនបីពាន់ហាប និង ប្រាក់សុទ្ធចំនួនប្រាំពីរពាន់ហាបសំរាប់ពាសជញ្ជាំងអាគារទាំងប៉ុន្មាន។   5  ថ្ងៃនេះ តើនរណាខ្លះស្ម័គ្រចិត្តថ្វាយមាស ប្រាក់ដល់ព្រះអម្ចាស់ ដើម្បីអោយពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាសអំពីប្រាក់?»។   6  ពេលនោះ មេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល មេកងមេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្តេចនាំគ្នាស្ម័គ្រចិត្ត   7  ថ្វាយជាតង្វាយសំរាប់ការងារនៃព្រះដំណាក់របស់ព្រះជាម្ចាស់ គឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និង ដែកមួយសែនហាប។   8  អស់អ្នកដែលមានត្បូងពេជ្រ ក៏បានយកទៅប្រគល់អោយលោកយេហ៊ីអែល ជាពូជពង្សរបស់លោកគើរសុនដើម្បីយកទៅទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់។   9  ប្រជាជនមានអំណរសប្បាយ ព្រោះគេបានថ្វាយតង្វាយដល់ព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្តហើយព្រះបាទដាវីឌក៏មានព្រះហប្ញទ័យរីករាយជាខ្លាំងដែរ។   10  ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់ នៅចំពោះមុខអង្គប្រជុំទាំងមូល ស្តេចមានរាជាឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើងតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!   11  ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្តមប្រកបដោយឫទ្ធានុភាព ព្រះបារមីតេជានុភាព និង សិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និង នៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។   12  ព្រះអង្គជាប្រភពនៃទ្រព្យសម្បត្តិ និង សិរីរុងរឿង ហើយព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ ព្រះចេស្តា និង ប្ញទ្ធានុភាពស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយដោយសារព្រះបារមីរបស់ព្រះអង្គព្រះអង្គអាចពង្រីក និង ពង្រឹងអ្វីៗទាំងអស់អោយបានរឹងមាំ។   13  បពិត្រព្រះនៃយើងខ្ញុំអើយ! ឥឡូវនេះ យើងខ្ញុំសូមអរព្រះគុណ និង កោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។   14  តើទូលបង្គំជាអ្វី? តើប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំតង្វាយដោយស្ម័គ្រចិត្តបែបនេះមកថ្វាយព្រះអង្គ? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកថ្វាយព្រះអង្គក៏ជារបស់ដែលព្រះអង្គប្រទានមកយើងខ្ញុំដែរ។   15  នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ យើងខ្ញុំគ្រាន់តែជាជនបរទេស និង ជាអ្នកដែលស្នាក់នៅបណ្តោះអាសន្នដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះប្រៀបដូចជាស្រមោលគ្មានអ្វីនៅស្ថិតស្ថេរឡើយ។   16  ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ទ្រព្យសម្បត្តិដ៏ច្រើនបរិបូណ៌ដែលយើងខ្ញុំត្រៀមទុកសង់ព្រះដំណាក់សំរាប់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ សុទ្ឋតែជាព្រះអំណោយទានរបស់ព្រះអង្គ។ អ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។   17  ឱព្រះនៃទូលបង្គំអើយទូលបង្គំដឹងថា ព្រះអង្គស្ទង់មើលចិត្តមនុស្ស ហើយសព្វព្រះហឫទ័យនឹងសេចក្តីស្មោះត្រង់។ ហេតុនេះ ទូលបង្គំស្ម័គ្រចិត្តយកតង្វាយទាំងនេះមកថ្វាយព្រះអង្គដោយចិត្តស្មោះហើយទូលបង្គំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលជួបជុំនៅទីនេះនាំយកតង្វាយដោយស្ម័គ្រចិត្តមកថ្វាយព្រះអង្គដែរ។   18  ឱព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំលោកអ៊ីសាក និង លោកអ៊ីស្រាអែលជាបុព្វបុរសរបស់យើងខ្ញុំ សូមប្រោសប្រទានអោយប្រជារាស្ត្ររបស់ព្រះអង្គ ប្រកាន់ខ្ជាប់នូវចិត្តគំនិតស្មោះត្រង់ចំពោះព្រះអង្គជានិច្ចផង។   19  សូមប្រោសប្រទានអោយសាឡូម៉ូន ជាកូនរបស់ទូលបង្គំមានចិត្តស្មោះត្រង់ កាន់តាមបទបញ្ជាដំបូន្មាន និង ច្បាប់របស់ព្រះអង្គ ហើយប្រតិបត្តិតាមឥតងាករេឡើយ ដើម្បីអោយគេសង់ព្រះដំណាក់ដែលទូលបង្គំត្រៀមទុកនេះ»។   20  បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំព្រះអម្ចាស់ និង គោរពស្តេច។   21  លុះស្អែកឡើងពួកគេនាំគ្នាថ្វាយយញ្ញបូជា និង តង្វាយដុតទាំងមូល ចំពោះព្រះអម្ចាស់ គឺមានគោបា ១០០០ ក្បាលចៀមឈ្មោល ១០០០ក្បាលនិង កូនចៀម ១០០០ ក្បាលដោយមានស្រាដែលត្រូវច្រួចថ្វាយជាមួយ ព្រមទាំងយញ្ញបូជាយ៉ាងច្រើនទៀតសំរាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។   22  នៅថ្ងៃនោះ ពួកគេបរិភោគ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងសម្តេចសាឡូម៉ូនជាបុត្ររបស់ព្រះបាទដាវីឌ ជាព្រះមហាក្សត្រព្រមទាំងចាក់ប្រេងអភិសេកស្តេចអោយធ្វើជាមេដឹកនាំរបស់ពួកគេនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រួចចាក់ប្រេងតែងតាំងលោកសាដុក ជាបូជាចារ្យ។   23  ព្រះបាទសាឡូម៉ូនបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះអម្ចាស់ ដើម្បីស្នងរាជ្យសម្បត្តិរបស់ព្រះបាទដាវីឌជាបិតា ប្រកបដោយជោគជ័យ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏នាំគ្នាស្តាប់បង្គាប់ព្រះបាទសាឡូម៉ូន។   24  មេដឹកនាំទាំងអស់ ព្រមទាំងកងទ័ព និង បុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទសាឡូម៉ូន។   25  ព្រះអម្ចាស់លើកតម្កើងព្រះបាទសាឡូម៉ូនអោយកាន់តែឧត្តុង្គឧត្តមនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ហើយប្រោសប្រទានរាជ្យរបស់ស្តេចបានថ្កុំថ្កើងលើសស្តេចស្រុកអ៊ីស្រាអែលមុនៗ។   26  ព្រះបាទដាវីឌជាបុត្ររបស់លោកអ៊ីសាយបានសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។   27  ស្តេចសោយរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺ ប្រាំពីរឆ្នាំនៅក្រុងហេប្រូន និង សាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។   28  ព្រះបាទដាវីឌសោយទិវង្គតក្នុងវ័យជរា គឺបន្ទាប់ពីមានអាយុវែងសម្បូណ៌សប្បាយមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ និង ប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ព្រះបាទសាឡូម៉ូនជាបុត្របានឡើងស្នងរាជ្យ តពីបិតា។   29  រាជកិច្ចរបស់ព្រះបាទដាវីឌតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកសាំយូអែល ជាគ្រូទាយសៀវភៅកិច្ចការរបស់លោកយ៉ូណាថានជាព្យាការី និង សៀវភៅកិច្ចការរបស់លោកកាដជាគ្រូទាយដែរ។   30  គេក៏រៀបរាប់អំពីរាជសម្បត្តិ និង វិរភាពដ៏អង់អាចរបស់ស្តេច ព្រមទាំងហេតុការណ៍ផ្សេងៗដែលកើតមាននៅរជ្ជកាលរបស់ស្តេច ក្នុងស្រុកអ៊ីស្រាអែល និង ក្នុងអាណាចក្រដទៃទៀត។