KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Chronicles - របាក្សត្រ ទី១ 21 - Khmer, Central - Old Version - Bible.is - KMHKOV

  1  មារ សាតាំងបានក្រោកឡើងប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដោយជំរុញព្រះបាទដាវីឌអោយជំរឿនប្រជាជនអ៊ីស្រាអែល។   2  ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និង មន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រាអែលចាប់តាំងពីក្រុងបៀរសេបារ ហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍អោយយើងដ្បិតយើងចង់ដឹងចំនួនប្រជាជន»។   3  លោកយ៉ូអាប់ទូលថា៖ «បពិត្រព្រះករុណា ជាអម្ចាស់! សូមព្រះអម្ចាស់ប្រោសប្រទានអោយប្រជារាស្ត្ររបស់ព្រះអង្គកើនចំនួនឡើង មួយរយដងច្រើនជាងនេះ! ពួកគេសុទ្ឋតែជាអ្នកបំរើរបស់ព្រះករុណាទាំងអស់គ្នា ហើយហេតុអ្វីបានជាព្រះករុណាចង់ជ្រាបអំពីចំនួនរបស់ពួកគេទៀត? ធ្វើដូច្នេះក្រែងលោបណ្តាលអោយជនជាតិអ៊ីស្រាអែលមានទោស»។   4  ប៉ុន្តែ ដោយស្តេចចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ពេកលោកយ៉ូអាប់ត្រូវតែអនុវត្តតាម។ លោកយ៉ូអាប់ចាកចេញទៅ ហើយធ្វើដំណើរគ្រប់ទិសទីក្នុងស្រុកអ៊ីស្រាអែល រួចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។   5  លោកយ៉ូអាប់ចូលទៅទូលព្រះបាទដាវីឌអំពីចំនួនប្រជាជន គឺក្នុងស្រុកអ៊ីស្រាអែលទាំងមូល មានទាហានប្រដាប់អាវុធ១១០០ ០០០នាក់ ហើយនៅស្រុកយូដា មាន៤៧០ ០០០ នាក់។   6  លោកពុំបានជំរឿនប្រជាជនក្នុងកុលសម័ន្ធលេវី និង បេនយ៉ាមីនទេ ដ្បិតលោកមិនពេញចិត្តនឹងបញ្ជារបស់ស្តេចទាល់តែសោះ។   7  ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងហេតុការណ៍នេះទេ ព្រះអង្គក៏ប្រហារជនជាតិអ៊ីស្រាអែល។   8  ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសអោយទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មាតីទាំងស្រុង!»។   9  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកកាដជាគ្រូទាយរបស់ព្រះបាទដាវីឌថា៖   10  «ចូរទៅប្រាប់ដាវីឌដូចតទៅ"ព្រះអម្ចាស់មានព្រះបន្ទូលថា : យើងមានទណ្ឌកម្មបីយ៉ាង សំរាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ"»។   11  លោកកាដចូលគាល់ព្រះបាទដាវីឌ ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ : សូមជ្រើសរើសចុះ   12  តើព្រះករុណាចង់អោយស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬ ត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬ ចង់អោយជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺទេវតារបស់ព្រះអម្ចាស់បំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រាអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះសូមព្រះករុណាពិចារណាចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ដែលបានចាត់ទូលបង្គំមក»។   13  ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមអោយយើងធ្លាក់ក្នុងកណ្តាប់ដៃរបស់ព្រះអម្ចាស់ជាជាងធ្លាក់ក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។   14  ព្រះអម្ចាស់ធ្វើអោយជំងឺអាសន្នរោគកើតនៅស្រុកអ៊ីស្រាអែលហើយមានប្រជាជនស្លាប់អស់ ៧០ ០០០នាក់។   15  ព្រះជាម្ចាស់ចាត់ទេវតាអោយទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលព្រះអម្ចាស់ទតឃើញទេវតាបំផ្លាញក្រុងនោះព្រះអង្គក៏ប្រែព្រះហប្ញទ័យ មិនព្រមដាក់ទោសក្រុងនោះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតាដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។   16  ព្រះបាទដាវីឌងើបព្រះភ័ក្ត្រឡើង ទតឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះមេឃ និង ផែនដីដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតំរង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និង អស់លោកព្រឹទ្ធាចារ្យដែលស្លៀកបាវកាន់ទុក្ខក៏ក្រាបចុះអោនមុខដល់ដី។   17  ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំទេតើដែលបញ្ជាអោយជំរឿនប្រជាជន ទូលបង្គំបានប្រព្រឹត្តអំពើបាប និង អំពើអាក្រក់។ ប្រជាជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមដាក់ទោសតែទូលបង្គំ និង ក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះបានហើយ! សូមកុំអោយគ្រោះកាចនេះកើតមានដល់ប្រជារាស្ត្ររបស់ព្រះអង្គឡើយ!»។   18  ទេវតារបស់ព្រះអម្ចាស់បានប្រាប់លោកកាដអោយទូលព្រះបាទដាវីឌ ដើម្បីសូមស្តេចយាងឡើងទៅសង់អាសនៈមួយថ្វាយព្រះអម្ចាស់ នៅលានបោកស្រូវរបស់លោកអរ៉ៅណាជាជនជាតិយេប៊ូស។   19  ព្រះបាទដាវីឌក៏យាងទៅ តាមពាក្យដែលលោកកាដថ្លែង ក្នុងនាមព្រះអម្ចាស់។   20  ពេលនោះលោកអរ៉ៅណាកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញទេវតា កូនប្រុសរបស់គាត់ទាំងបួននាក់ដែលនៅជាមួយគាត់នាំគ្នារត់ពួន។   21  កាលព្រះបាទដាវីឌយាងទៅជិតលោកអរ៉ៅណាគាត់ក្រឡេកឃើញព្រះរាជា គាត់ក៏ចេញពីលានបោកស្រូវ មកទទួលក្រាបថ្វាយបង្គំអោនមុខដល់ដី។   22  ព្រះបាទដាវីឌមានរាជឱង្ការទៅគាត់ថា៖ «ចូរលក់លានបោកស្រូវនេះអោយយើងមកយើងនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដើម្បីអោយប្រជាជនរួចពីគ្រោះកាច។ ចូរលក់លានបោកស្រូវនេះអោយយើង យើងនឹងបង់ប្រាក់ពេញថ្លៃ»។   23  លោកអរ៉ៅណាទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់យកលានបោកស្រូវនេះ ធ្វើអ្វីតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ។ ទូលបង្គំក៏សូមថ្វាយគោ សំរាប់ធ្វើជាតង្វាយដុតទាំងមូល និង រនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាតង្វាយម្សៅ ទូលបង្គំសូមថ្វាយទាំងអស់!»។   24  ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអរ៉ៅណាថា៖«ទេ យើងចង់ទិញរបស់ទាំងនោះពីលោកពេញថ្លៃ ដ្បិត យើងមិនអាចយកអ្វីៗដែលជារបស់លោកទៅថ្វាយព្រះអម្ចាស់ជាតង្វាយដុតទាំងមូល ដោយមិនបង់ប្រាក់ឡើយ!»។   25  ព្រះបាទដាវីឌប្រគល់មាសសុទ្ធប្រាំមួយរយស្លឹងជូនលោកអរ៉ៅណា ដើម្បីទិញលានបោកស្រូវ។   26  ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះហើយថ្វាយតង្វាយដុតទាំងមូល និង យញ្ញបូជាមេត្រីភាព។ ស្តេចអង្វររកព្រះអម្ចាស់ព្រះអង្គតបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះតង្វាយដុតនៅលើអាសនៈនោះ។   27  បន្ទាប់មកព្រះអម្ចាស់បញ្ជាអោយទេវតាស៊កដាវទៅក្នុងស្រោមវិញ។   28  នៅគ្រានោះ ដោយព្រះបាទដាវីឌឃើញថា ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ស្តេចនៅលើទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូសស្តេចតែងតែថ្វាយយញ្ញបូជានៅទីនោះ។   29  រីឯព្រះពន្លារបស់ព្រះអម្ចាស់ ដែលលោកម៉ូសេបានសង់នៅវាលរហោស្ថានព្រមទាំងអាសនៈថ្វាយតង្វាយដុតស្ថិតនៅទីសក្ការៈទួលខ្ពស់ នៅក្រុងគីបៀន។   30  ប៉ុន្តែព្រះបាទដាវីឌពុំអាចយាងទៅកន្លែងនោះទេ ដើម្បីទូលសួរព្រះជាម្ចាស់ ដ្បិតស្តេចភ័យខ្លាចទេវតា របស់ព្រះអម្ចាស់ប្រហារដោយមុខដាវ។