1 មួយឆ្នាំក្រោយមក នៅរដូវដែលស្តេចនានា មានទម្លាប់ចេញទៅធ្វើសឹក លោកយ៉ូអាប់បានដឹកនាំទ័ពចេញទៅកំទេចស្រុកអាំម៉ូន ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះបាទដាវីឌទ្រង់គង់នៅក្រុងយេរូសាឡឹម។ លោកយ៉ូអាប់វាយយកបានក្រុងរ៉ាបាត រួចបំផ្លាញក្រុងនោះចោល។ 2 ព្រះបាទដាវីឌយកមកុដដែលស្ថិតនៅលើសិរសាស្តេចរបស់ជនជាតិអាំម៉ូនមកុដនោះធ្វើអំពីមាស ទម្ងន់សាមសិបគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះ មកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏បានរឹបអូសយកជ័យភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។ 3 រីឯប្រជាជននៅក្នុងក្រុងនោះវិញ ព្រះបាទដាវីឌបានជន្លៀសយកមកជាឈ្លើយ ហើយបង្ខំអោយអារឈើ ដាប់ថ្មកាប់អុស។ ព្រះបាទដាវីឌប្រព្រឹត្តដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្តេចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ជាមួយកងទ័ពទាំងមូល។ 4 ក្រោយមក ជនជាតិអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយជនជាតិភីលីស្ទីននៅកេស៊ើរ។ នៅគ្រានោះ លោកស៊ីបាកាយជាអ្នកស្រុកហ៊ូសាយ សម្លាប់លោកស៊ីផាយ ជាមនុស្សម្នាក់ក្នុងចំណោមកូនចៅរេផែម ហើយជនជាតិភីលីស្ទីនត្រូវបរាជ័យ។ 5 បន្ទាប់មក មានកើតសង្គ្រាមជាថ្មីជាមួយជនជាតិភីលីស្ទីន។ លោកអែលហាណានជាកូនរបស់លោកយ៉ាអៀរ បានសម្លាប់លោកឡាមី ជាអ្នកក្រុងកាថ ដែលត្រូវជាប្អូនរបស់លោកកូលីយ៉ាត។ ដងលំពែងរបស់លោកឡាមី មានរាងដូចផ្សំកីតម្បាញ។ 6 ក្រោយមក មានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះមានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើងម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។ 7 គាត់បានហៅជនជាតិអ៊ីស្រាអែល អោយចេញមកតទល់នឹងគាត់។ ដូច្នេះលោកយ៉ូណាថាន ជាកូនរបស់លោកសាំម៉ា និង ជាក្មួយរបស់ព្រះបាទដាវីឌ បានសម្លាប់អ្នកនោះចោល។ 8 ទាហានភីលីស្ទីន ដែលព្រះបាទដាវីឌ និង ពលទាហានបានសម្លាប់នោះ សុទ្ធតែជាកូនចៅរបស់លោករ៉ាផានៅក្រុងកាថ។