KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Chronicles - របាក្សត្រ ទី១ 18 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ក្រោយមក ព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដណ្តើមយកក្រុងកាថ និង ស្រុកភូមិនៅជុំវិញពីកណ្តាប់ដៃរបស់ពួកគេ។   2  ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ។ ជនជាតិម៉ូអាប់ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។   3  ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាស្តេចស្រុកសូបានៅក្រុងហាម៉ាត់ ក្នុងពេលដែលព្រះបាទ ហាដារេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។   4  ព្រះបាទដាវីឌរឹបអូសយកបានរទេះចំបាំងចំនួន១០០០គ្រឿងពីព្រះបាទហាដារេស៊ើរ ព្រមទាំងទ័ពសេះ ៧០០០ នាក់ និង ទ័ពថ្មើរជើងចំនួន២០០០០នាក់។ ស្តេចទុកសេះប្រមាណមួយរយក្បាល ហើយកាត់សរសៃកែងជើងសេះទាំងប៉ុន្មានទៀត។   5  ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស់ លើកគ្នាមកជួយព្រះបាទហាដារេស៊ើរ ជាស្តេចស្រុកសូបា។ ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួន២២ ០០០នាក់។   6  ព្រះបាទដាវីឌបានដាក់ទេសាភិបាលអោយត្រួតត្រាលើស្រុកស៊ីរី ហើយជនជាតិស៊ីរីធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានអោយព្រះបាទដាវីឌមានជ័យជំនះ នៅគ្រប់កន្លែងដែលស្តេចយាងទៅ។   7  ព្រះបាទដាវីឌរឹបអូសយកខែលមាស ពីពួកមេទ័ពរបស់ព្រះបាទហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។   8  ព្រះបាទដាវីឌរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និង ក្រុងគូន ដែលជាក្រុងរបស់ព្រះបាទហាដារេស៊ើរ។ ក្រោយមក ព្រះបាទសាឡូម៉ូនបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និង គ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងព្រះវិហារ។   9  កាលព្រះបាទថូអ៊ីជាស្តេចក្រុងហាម៉ាត់ ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដារេស៊ើរ ជាស្តេចក្រុងសូបា   10  ស្តេចក៏ចាត់សម្តេចយ៉ូរ៉ាមជាបុត្រ អោយចូលមកគាល់ព្រះបាទដាវីឌ ទាំងនាំយកវត្ថុអំពីមាសប្រាក់ និង លង្ហិនមកជាមួយផង ដើម្បីអបអរសាទរចំពោះជ័យជំនះលើព្រះបាទហាដារេស៊ើរ ព្រោះព្រះបាទថូអ៊ីធ្វើសឹកសង្គ្រាមទល់នឹងព្រះបាទហាដារេស៊ើរដែរ។   11  ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចមាសប្រាក់ដែលស្តេចយកបានពីប្រជាជាតិទាំងប៉ុន្មានដែរគឺមានជនជាតិអេដុម ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូនជនជាតិភីលីស្ទីន និង ជនជាតិអាម៉ាឡេក។   12  លោកអប៊ីសាយជាកូនរបស់អ្នកស្រីសេរូយ៉ាបានប្រហារជនជាតិអេដុមអស់ ១៨០០០នាក់នៅជ្រលងភ្នំអំបិល។   13  លោកដាក់ទេសាភិបាលអោយត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានអោយព្រះបាទដាវីឌមានជ័យជំនះនៅគ្រប់កន្លែងដែលស្តេចយាងទៅ។   14  ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ត្រដោយសុចរិត និង យុត្តិធម៌។   15  លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា ជាមេបញ្ជាការកងទ័ព។ លោកយេហូសាផាត កូនរបស់លោកអហ៊ីលូដជាអ្នកនាំពាក្យរបស់ស្តេច។   16  លោកសាដុកកូនរបស់លោកអហ៊ីតូប និង លោកអហ៊ីម៉ាឡេកកូនរបស់លោកអបៀថើរជាបូជាចារ្យ។ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្តេច។   17  លោកបេណាយ៉ាកូនរបស់លោកយេហូយ៉ាដាជាមេបញ្ជាការលើពួកកេរេធីម និង ពួកពេលេធីម។ រីឯបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ មាននាទីជាជំនួយការពិសេសរបស់ស្តេច។