1 កាលដង្ហែហិបរបស់ព្រះជាម្ចាស់ទៅដល់ហើយ គេក៏តម្កល់នៅកណ្តាលព្រះពន្លា ដែលព្រះបាទដាវីឌបានបំរុងទុករួចគេថ្វាយតង្វាយដុតទាំងមូល និង យញ្ញបូជាមេត្រីភាពនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ 2 កាលព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និង យញ្ញបូជាមេត្រីភាពចប់សព្វគ្រប់ហើយ ស្តេចក៏ប្រទានពរដល់ប្រជាជនក្នុងនាមព្រះអម្ចាស់។ 3 បន្ទាប់មក ព្រះរាជាប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុសទាំងស្រីម្នាក់ៗទទួលបាននំបុ័ងមួយដុំដំណាប់លម៉ើមួយដុំ និង នំទំពំាងបាយជូរក្រៀមមួយដុំ។ 4 ព្រះបាទដាវីឌចាត់ក្រុមលេវីខ្លះអោយបំរើការងារនៅខាងមុខហិបរបស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីរំលឹក លើកតម្កើង និង ច្រៀងសរសើរព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល 5 គឺមានលោកអេសាភ ជាមេដឹកនាំ បន្ទាប់មក មានលោកសាការី ជាមេដឹកនាំរងព្រមទាំងលោកយីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាធិធា លោកអេលាប លោកបេណាយ៉ា លោកអូបេដ-អេដុម និង លោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និង ពិណ ហើយលោកអេសាភជាអ្នកវាយឈិង។ 6 លោកបូជាចារ្យបេណាយ៉ា និង លោកយ៉ាហាសៀលផ្លុំត្រែនៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជានិច្ច។ 7 គឺថ្ងៃនោះហើយ ដែលព្រះបាទដាវីឌបានចាត់លោកអេសាភ ព្រមទាំងបងប្អូនរបស់គាត់អោយប្រារព្ធពិធីលើកតម្កើងព្រះអម្ចាស់ជាលើកដំបូងបង្អស់។ 8 «ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ! ចូរថ្លែងអំពីស្នាព្រះហស្តរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា! 9 ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ! 10 ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នាជា ប្រជារាស្ត្ររបស់ព្រះដ៏វិសុទ្ធ! អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ! 11 ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្តា ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គ ឥតឈប់ឈរឡើយ! 12 ចូរនឹកដល់ការអស្ចារ្យផ្សេងៗ ដែលព្រះអង្គបានធ្វើ ចូរនឹកដល់ប្ញទ្ធិបាដិហារិយ៍ និង ការជំនុំជំរះ ទាំងប៉ុន្មានដែលព្រះអង្គបានសំរេច។ 13 អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែល ដែលជាអ្នកបំរើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើស! 14 មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើង ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។ 15 ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេររហូតដល់មួយពាន់តំណ 16 គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយលោកអ៊ីសាក។ 17 ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រី អស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។ 18 គឺព្រះអង្គមានព្រះបន្ទូលថា : «យើងនឹងប្រគល់ស្រុកកាណានអោយអ្នក ទុកជាចំណែកមត៌ក»។ 19 នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូច ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។ 20 អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ពីនគរមួយទៅនគរមួយទៀត។ 21 ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតអោយនរណាម្នាក់ សង្កត់សង្កិនអ្នករាល់គ្នាទេ ដើម្បីការពារអ្នករាល់គ្នា ព្រះអង្គបានបន្ទោសស្តេចនានាថា : 22 «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេង អភិសេកនេះឡើយ កុំធ្វើបាបព្យាការីរបស់យើងអោយសោះ!»។ 23 មនុស្សនៅលើផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះអង្គ។ 24 ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជាតិនានា ហើយប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់! 25 ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។ 26 ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។ 27 មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី ព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ ប្ញទ្ធិបារមី និង អំណរសប្បាយ។ 28 ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ហើយថ្លែងអំពីប្ញទ្ធានុភាពរបស់ព្រះអង្គ 29 ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់! ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់នៅពេល ព្រះអង្គសំដែងភាពវិសុទ្ធរបស់ព្រះអង្គ! 30 មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ! ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ 31 ចូរអោយផ្ទៃមេឃមានអំណរសប្បាយ និង អោយផែនដីបានរីករាយដ៏លើសលប់! ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ! 32 ចូរអោយសមុទ្រ និង អ្វីៗនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! ចូរអោយស្រែចំការ និង អ្វីៗនៅទីនោះ ត្រេកអរសប្បាយ! 33 ចូរអោយព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់! ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី។ 34 ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! 35 ចូរទូលព្រះអង្គថា : ព្រះសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្តុំយើងខ្ញុំ ហើយយកយើងខ្ញុំ ចេញពីចំណោមប្រជាជាតិនានា ដើម្បីអោយយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ និង បានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ! 36 សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ!»។ ពេលនោះប្រជាជនទាំងមូលឆ្លើយថា«អាម៉ែនសូមសរសើរតម្កើងព្រះជាម្ចាស់!»។ 37 ព្រះបាទដាវីឌចាត់លោកអេសោភ និង បងប្អូនរបស់គាត់អោយបំពេញមុខងារនៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ឥតដែលអាក់ខានដូចបានកំណត់ទុក។ 38 ស្តេចចាត់លោកអូបេឌ-អេដុមជាកូនរបស់លោកយេឌូថិន និង លោកហូសា ព្រមទាំងបងប្អូនរបស់គាត់ហុកសិបប្រាំបីនាក់អោយធ្វើជាឆ្មាំទ្វារ។ 39 ស្តេចក៏ចាត់លោកបូជាចារ្យសាដុក និង បូជាចារ្យឯទៀតៗ ជាបងប្អូនរបស់គាត់ អោយបំពេញមុខងារនៅមុខព្រះពន្លារបស់ព្រះអម្ចាស់ ដែលស្ថិតលើទួលខ្ពស់ នៅគីបៀន 40 ដើម្បីថ្វាយដង្វាយដុតជាអចិន្ត្រៃយ៍ចំពោះព្រះអម្ចាស់ លើអាសនៈសំរាប់ថ្វាយតង្វាយដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្តីទាំងប៉ុន្មាន មានចែងទុកក្នុងក្រឹត្យវិន័យ ដែលព្រះអម្ចាស់បានបង្គាប់ដល់ប្រជាជនអ៊ីស្រាអែល។ 41 លោកហេម៉ាន និង លោកយេឌូថិន ព្រមទាំងអ្នកឯទៀតៗ ដែលគេបានជ្រើសរើស តាមឈ្មោះដើម្បីលើកតម្កើងព្រះអម្ចាស់ក៏មកចូលរួមជាមួយបូជាចារ្យទាំងនោះដែរ ដ្បិតព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! 42 លោកហេម៉ាន និង លោកយេឌូថិនក៏ទទួលខុសត្រូវលើត្រែ និង ឈិងរបស់ពួកតន្ត្រីករ ព្រមទាំងឧបករណ៍ឯទៀតៗសំរាប់ប្រគុំបទចំរៀងថ្វាយព្រះជាម្ចាស់។ កូនចៅរបស់លោកយេឌូថិនក៏មានមុខងារជាឆ្មាំនៅមាត់ទ្វារដែរ។ 43 ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ហើយព្រះបាទដាវីឌក៏វិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់រាជវង្ស។