Romans - រ៉ូម 14

1ចូរទទួលបងប្អូនណាដែលមានជំនឿទន់ខ្សោយ ដោយរាក់ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។ 2បើមាននរណាម្នាក់ជឿថាខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ 3មិនត្រូវអោយអ្នកបរិភោគអ្វីក៏បាន មើលងាយអ្នកដែលមិនបរិភោគនោះឡើយ រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគ ដ្បិតព្រះជាម្ចាស់ទទួលអ្នកនោះដែរ។ 4តើអ្នកមានឋានៈអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបំរើរបស់គេដូច្នេះ? អ្នកបំរើនោះឈរក្ដីដួលក្ដីស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ក៏ប៉ុន្ដែ អ្នកបំរើនោះមុខជាឈរមាំមិនខាន ដ្បិតព្រះអម្ចាស់មានអំណាចជួយគាត់អោយឈរបាន។ 5មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយតែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនអោយបានដិតដល់ទៅ!។ 6ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬ មិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពព្រះអម្ចាស់។ អ្នកដែលបរិភោគអ្វី ទាំងអស់ គេបរិភោគដើម្បីគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណព្រះអង្គ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពព្រះអម្ចាស់ហើយគេក៏អរព្រះគុណ ព្រះអង្គដែរ 7ព្រោះក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬ ស្លាប់សំរាប់ខ្លួនឯងឡើយ 8ដ្បិតបើយើងរស់ យើងរស់សំរាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សំរាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដីស្លាប់ក្ដីយើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច 9ដ្បិតព្រះគ្រិស្ដបានសោយទិវង្គត និង មានព្រះជន្មរស់ឡើងវិញដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។ 10រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក?។ យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ 11ដ្បិតមានចែងទុកមកថាៈ ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់យ៉ាងនោះដែរ។ 12ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ដ។ 13ហេតុនេះ ហើយ បានជាយើងត្រូវតែឈប់ ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្ដថាមិនត្រូវធ្វើអ្វីដែលនាំអោយបងប្អូនជំពប់ដួល ឬ រវាតចិត្ដបាត់ជំនឿនោះឡើយ។ 14ដោយខ្ញុំរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំដឹង ហើយជឿជាក់ថាគ្មានអ្វីមួយមិនបរិសុទ្ធឯកឯងនោះទេគឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ ទើបក្លាយទៅជាមិនបរិសុទ្ធ ចំពោះអ្នកដែលថានោះ។ 15ប្រសិនបើអ្នកនាំអោយបងប្អូនអ្នកពិបាកចិត្ដព្រោះតែរឿងអាហារ នោះបានសេចក្ដីថាអ្នកមិនប្រព្រឹត្ដតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើអោយនរណាម្នាក់វិនាសបាត់បង់អោយសោះព្រោះព្រះគ្រិស្ដបានសោយទិវង្គតសំរាប់គេហើយ។ 16អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកអោយគេមានឱកាសនិយាយនិន្ទាបានឡើយ 17ដ្បិតព្រះរាជ្យរបស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិតសេចក្ដីសុខសាន្ដ និង អំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ 18អ្នកណាបំរើព្រះគ្រិស្ដរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ 19ដូច្នេះយើងត្រូវស្វែងរកអ្វីដែលនាំអោយមានសេចក្ដីសុខ និង អោយមានការអប់រំគ្នាទៅវិញទៅមក។ 20មិនត្រូវបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះតែរឿងអាហារនោះឡើយ។ តាមពិតអ្វីៗទាំងអស់សុទ្ធតែល្អបរិសុទ្ធ ក៏ប៉ុន្ដែ បើយើងបរិភោគអ្វីមួយដែលបណ្ដាលអោយអ្នកផ្សេងជំពប់ចិត្ដ បាត់ជំនឿនោះ គឺយើងបែរជាប្រព្រឹត្ដការអាក្រក់ទៅវិញ។ 21ប្រសិនបើយើងមិនបរិភោគសាច់ មិនពិសាស្រា និង មិនប៉ះពាល់របស់ណាដែលធ្វើអោយបងប្អូនជំពប់ចិត្ដបាត់ជំនឿនោះ ជាការល្អប្រពៃហើយ។ 22អ្វីៗដែលអ្នកជឿថាត្រឹមត្រូវ ចូររក្សាទុកតែម្នាក់ឯងនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ទៅ។ អ្នកណាមិនដាក់ទោសខ្លួនឯង ចំពោះការយល់ឃើញរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ! 23ផ្ទុយទៅវិញ អ្នកណាមានចិត្ដសង្ស័យពីអាហារដែលខ្លួនបរិភោគ អ្នកនោះមានទោសហើយ ព្រោះការយល់ឃើញរបស់គេនោះ មិនមែនមកពីជំនឿទេ។ ការអ្វីដែលមិនមែនមកពីជំនឿសុទ្ធតែជាអំពើបាបទាំងអស់។

will be added

X\