Daniel - ដានីយ៉ែល 11

1រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាទេវតាមីកែលដើម្បីជួយគាំទ្រលោក។ 2ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្តីពិតជូនលោកដូចតទៅ : ស្តេចបីអង្គនឹងឡើងគ្រងរាជ្យលើចក្រភពពែរ្ស បន្ទាប់មក មានស្តេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្តេចឯទៀតៗ។ ពេលស្តេចនោះមានអំណាចរឹងប៉ឹង ដោយសារទ្រព្យសម្បត្តិដ៏ច្រើន ស្តេចក៏ប្រើគ្រប់មធ្យោបាយធ្វើសឹកនឹងអាណាចក្រក្រិក។ 3ប៉ុន្តែ នឹងមានស្តេចមួយអង្គទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយប្ញទ្ធិអំណាចជាខ្លាំង ហើយស្តេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។ 4ពេលស្តេចបានថ្កុំថ្កើងឡើង ចក្រភពរបស់ស្តេចត្រូវបាក់បែកជាបួនចំណែក។ ព្រះរាជវង្សរបស់ស្តេចនឹងមិនស្នងរាជ្យសម្បត្តិឡើយ ដ្បិតរាជ្យសម្បត្តិនោះត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់អ្នកផ្សេង តែអ្នកទាំងនោះពុំមានប្ញទ្ធិអំណាចដូចស្តេចមុនទេ។ 5ស្តេចរបស់អាណាចក្រខាងត្បូងនឹងមានប្ញទ្ធិអំណាចយ៉ាងខ្លាំង តែមេទ័ពមួយរូបរបស់ស្តេចនឹងមានអំណាចខ្លាំងជាងក៏ឡើងគ្រប់គ្រងស្រុកដែរ ហើយអាណាចក្ររបស់លោកមានអំណាចខ្លាំងជាងអាណាចក្ររបស់ស្តេចនោះ។ 6ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្តេចអាណាចក្រខាងត្បូងនឹងទៅនៅជាមួយស្តេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្តេចខាងត្បូង និង រាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាងទាំងអស់អ្នកដែលហែហមនាងទាំងបិតាទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។ 7ពេលនោះ នឹងមានស្តេចមួយអង្គដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្តេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្តេចខាងជើង ហើយមានជ័យជំនះ។ 8ស្តេចនាំយកជ័យភ័ណ្ឌទៅស្រុកអេស៊ីប គឺមានរូបព្រះរូបសំណាកផ្សេងៗដែលធ្វើពីលោហធាតុដ៏ភ្លឺៗ និង វត្ថុដ៏មានតម្លៃធ្វើពីប្រាក់ពីមាសជាដើម។ បន្ទាប់មក ស្តេចនេះនឹងឈប់ធ្វើសឹកសង្គ្រាមជាមួយស្តេចខាងជើងមួយរយៈ។ 9ក្រោយមកស្តេចខាងជើងក៏ចេញទៅច្បាំងនឹងអាណាចក្ររបស់ស្តេចខាងត្បូង រួចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។ 10បុត្ររបស់ស្តេចនោះនាំគ្នាលើកទ័ពទៅច្បាំងដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែង នៅតាមផ្លូវផង។ 11ពេលនោះស្តេចខាងត្បូងក្តៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្តេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្តេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចខាងត្បូង។ 12ដោយឃើញខ្មាំងយ៉ាងច្រើនធ្លាក់ក្នុងកណ្តាប់ដៃខ្លួនដូច្នេះ ស្តេចក៏មានចិត្តអួតបំប៉ោង ហើយប្រហារជីវិតពួកគេរាប់ម៉ឺនរាប់សែន។ ទោះបីយ៉ាងនេះក៏ដោយ ក៏ស្តេចនៅតែយកជ័យជំនះពុំបានដែរ។ 13ស្តេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្តេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសាស្ត្រាវុធយ៉ាងច្រើនមកជាមួយផង។ 14នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្តេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់លោក លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសំរេចគំរោងការរបស់ខ្លួនបានឡើយ។ 15ទ័ពស្តេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្តេចខាងត្បូង និង កងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់បានឡើយ។ 16ស្តេចខាងជើងក៏វាយលុកពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើចិត្តគ្មាននរណាតទល់បានទាល់តែសោះ រួចស្តេចក៏ឈប់ត្រឹមស្រុកដ៏ស្អាត ហើយកំទេចអ្វីៗទាំងអស់ដែលស្តេចជួបប្រទះ។ 17ស្តេចខាងជើងមានបំណងទៅជួបស្តេចខាងត្បូង ដើម្បីបង្ហាញប្ញទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួននិង ចង់ចងស្ពានមេត្រីជាមួយស្តេចខាងត្បូង។ ទ្រង់លើកបុត្រីអោយធ្វើជាមហេសីស្តេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្តេចនោះ តែពុំបានសំរេចដូចបំណងឡើយ។ 18ដូច្នេះ ស្តេចនោះក៏បែរទៅរកកោះនានា ហើយវាយយកបានជាច្រើន។ ប៉ុន្តែ មានមេទ័ពម្នាក់មកបញ្ឈប់សកម្មភាពដ៏អាម៉ាស់របស់ស្តេច តែស្តេចមិនអាចធ្វើអោយគាត់ត្រូវអាម៉ាស់វិញទេ។ 19បន្ទាប់មកស្តេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្តេចត្រូវបរាជ័យហើយវិនាសសូន្យទៅ។ 20ស្តេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបអោយទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមកស្តេចនោះនឹងត្រូវវិនាសតែមិនមែនដោយការបះបោរឬដោយសង្គ្រាមទេ។ 21ពេលនោះ មានមនុស្សម្នាក់គួរអោយមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាអភិសេកជាស្តេច។ ស្តេចថ្មីនេះដណ្តើមយករាជ្យសម្បត្តិបានក្នុងគ្រាមានសុខសាន្តត្រាណដោយប្រើកលល្បិច។ 22កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្តេចនោះហើយសូម្បីតែមហាបូជាចារ្យរបស់ប្រជារាស្ត្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។ 23ស្តេចនោះនឹងចងសម្ពន្ធមិត្តជាមួយអ្នកឯទៀតៗដើម្បីបោកប្រាស់ពួកគេ ហើយពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ ទោះបីមានបក្សពួកតិចក៏ដោយ។ 24ក្នុងឱកាសដែលគេកំពុងតែមានសន្តិភាព ស្តេចនោះឆ្លៀតពង្រីកទឹកដីរហូតទៅដល់ស្រុកដែលមានជីជាតិច្រើនជាងគេក្នុងអាណាខេត្ត ហើយទ្រង់ប្រព្រឹត្តអំពើដែលពួកអយ្យកោពុំបានប្រព្រឹត្តគឺទ្រង់រឹបអូសរបស់របរ និង ទ្រព្យសម្បត្តិរបស់គេចែកអោយបក្សពួកខ្លួន។ ស្តេចប្រើល្បិចកិច្ចកលផ្សេងៗដើម្បីវាយលុកបន្ទាយនានា តែការនេះកើតមានមួយរយៈប៉ុណ្ណោះ។ 25ដោយអាងលើកម្លាំង និង ចិត្តក្លាហានរបស់ខ្លួន ស្តេចនោះលើកទ័ពទៅវាយស្តេចខាងត្បូង។ ស្តេចខាងត្បូងក៏លើកទ័ពយ៉ាងសន្ធឹកសន្ធាប់ និង ខ្លាំងពូកែមកតទល់ តែពុំអាចយកជ័យជំនះបានឡើយ ព្រោះស្តេចខាងជើងប្រើល្បិចកិច្ចកលផ្សេងៗប្រឆាំងស្តេចខាងត្បូង 26គឺពួកជំនិតរបស់ស្តេចផ្ទាល់នឹងនាំគ្នាក្បត់ស្តេច ធ្វើអោយទ័ពរបស់ស្តេចត្រូវបរាជ័យ ហើយទាហានមួយចំនួនធំត្រូវស្លាប់បាត់បង់ជីវិត។ 27បន្ទាប់មកស្តេចទាំងពីរអង្គុយចរចាជាមួយគ្នា តែដោយគំនិតរបស់គេសុទ្ធតែអាក្រក់គេពោលពាក្យកុហកគ្នាទៅវិញទៅមក។ ដូច្នេះ ការចរចារបស់គេពុំអាចបានផលអ្វីឡើយ ដ្បិតមិនទាន់ដល់គ្រាបញ្ចប់ដែលបានកំណត់ទុក។ 28ស្តេចខាងជើងក៏វិលត្រឡប់ទៅស្រុកវិញទាំងនាំទ្រព្យសម្បត្តិយ៉ាងច្រើន ទៅជាមួយផង។ ពេលនោះស្តេចនឹងធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ តាមគំរោងការរបស់ខ្លួន រួចបន្តដំណើរវិលទៅស្រុករបស់ខ្លួនវិញ។ 29លុះដល់ពេលកំណត់ ស្តេចខាងជើងក៏លើកទ័ពទៅវាយអាណាចក្រខាងត្បូងសាជាថ្មី ប៉ុន្តែ លើកនេះពុំដូចគ្រាមុនទេ 30គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្តេច ធ្វើអោយស្តេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវស្តេចខ្ញាល់ជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។ 31ពេលនោះកងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់ស្តេចនឹងនាំគ្នាបន្ថោកបន្ទាយដែលជាទីសក្ការៈ ហើយបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ ហើយយកវត្ថុចង្រៃដ៏គួរស្អប់ខ្ពើមមកតាំងជំនួសវិញ។ 32ស្តេចនោះនឹងពោលពាក្យបញ្ចើចបញ្ចើរ ល្បួងអស់អ្នកដែលក្បត់សម្ពន្ធមេត្រី។ ប៉ុន្តែប្រជាជនដែលស្គាល់ព្រះជាម្ចាស់នឹងកាន់ចិត្តរឹងប៉ឹង។ 33ពួកអ្នកមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងនាំគ្នាអប់រំមនុស្សជាច្រើន។ ក៏ប៉ុន្តែ ក្នុងពេលមួយរយៈក្នុងចំណោមអ្នកមានប្រាជ្ញាទាំងនោះមានអ្នកខ្លះត្រូវគេសម្លាប់ ត្រូវគេដុត ត្រូវគេកៀរយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិមួយរយៈ។ 34ក្នុងពេលដែលគេធ្វើបាបអ្នកទាំងនោះ នឹងមានអ្នកខ្លះមកជួយបន្តិចដែរ។ មនុស្សជាច្រើននឹងមកចូលរួមជាមួយអ្នកទាំងនោះតែដោយប្រើកលល្បិច។ 35ក្នុងចំណោមអ្នកមានប្រាជ្ញា នឹងមានអ្នកខ្លះបាត់បង់ជីវិត ដើម្បីអោយពួកគេបានស្អាតបរិសុទ្ធ និង បានសស្គុសរហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះ នឹងកើតមានតាមពេលកំណត់។ 36ស្តេចនោះ ធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោង លើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្តេចនោះនឹងចំរើនមំាមួនឡើងរហូតទាល់តែព្រះពិរោធកើនដល់កំរិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសំរេច។ 37ស្តេចនោះមិនយោគយល់ដល់ព្រះដែលអយ្យកោរបស់ខ្លួនធ្លាប់គោរព ហើយក៏មិនយោគយល់ដល់ព្រះដែលពួកស្ត្រីៗស្រឡាញ់ដែរ គឺស្តេចមិនយោគយល់ដល់ព្រះណាឡើយ ព្រោះទ្រង់តម្កើងខ្លួនឯងទុកជាធំ លើសអ្វីៗទាំងអស់។ 38ក៏ប៉ុន្តែ ស្តេចនោះគោរពព្រះមួយ ជាព្រះការពារបន្ទាយ ហើយយកមាស ប្រាក់ ត្បូងពេជ្រ និង របស់ដ៏មានតម្លៃទៅថ្វាយ។ អយ្យកោរបស់ស្តេចមិនដែលស្គាល់ព្រះនេះទេ។ 39ស្តេចទៅវាយទីតាំងទ័ពរបស់សាសន៍នានា ដោយពឹងផ្អែកលើព្រះនៃជនបរទេស។ ស្តេចលើកកិត្តិយសអស់អ្នកដែលទទួលស្គាល់ព្រះនេះ ហើយអោយពួកគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកទឹកដីអោយពួកគេជារង្វាន់ផង។ 40នៅគ្រាចុងក្រោយ ស្តេចខាងត្បូងនឹងទៅប្រយុទ្ធនឹងស្តេចខាងជើង។ ស្តេចខាងជើងក៏លើកទ័ពទៅវាយសំរុកស្តេចខាងត្បូងដោយប្រើរទេះចំបាំងទ័ពសេះ និង នាវាចំបាំងជាច្រើន។ ស្តេចនោះនាំពលទ័ពយ៉ាងគគ្រឹកគគ្រេងឆ្លងព្រំដែនចូលទៅក្នុងស្រុកនានាដូចទឹកជំនន់ 41គឺឆ្លងកាត់ស្រុកដែលស្អាតជាងគេ ហើយប្រហារជីវិតមនុស្សជាច្រើន តែជនជាតិអេដុម ជនជាតិម៉ូអាប់ ព្រមទាំងអ្នកដឹកនាំសំខាន់ៗរបស់ជនជាតិអាំម៉ូន នឹងគេចផុតពីកណ្តាប់ដៃរបស់ស្តេច។ 42ស្តេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។ 43ស្តេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាសប្រាក់ និង របស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និង ជនជាតិអេត្យូពីនឹងសុំធ្វើជាចំណុះរបស់ស្តេចនោះ។ 44បន្ទាប់មក មានលេចឮដំណឹងអំពីហេតុការណ៍ដែលកើតឡើងនៅបូព៌ាប្រទេស និង ស្រុកខាងជើងបណ្តាលអោយស្តេចបារម្ភក្រៃលែង។ ស្តេចពោរពេញដោយកំហឹងយ៉ាងខ្លាំង ក៏លើកទ័ពទៅកំទេចស្រុកនានា ព្រមទាំងសម្លាប់រង្គាលមនុស្សជាច្រើន។ 45ស្តេចនឹងសង់ពន្លានៅចន្លោះសមុទ្រ ទាំងពីរ គឺនៅជិតភ្នំដ៏រុងរឿងវិសុទ្ធ។ បន្ទាប់មកស្តេចនោះក៏បាត់បង់ជីវិតទៅ ដោយឥតមាននរណាជួយឡើយ។

will be added

X\