2 Samuel - សំាយូអែល ទី ២ 21

1ក្នុងរជ្ជកាលព្រះបាទដាវីឌ មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ព្រះអង្គមានព្រះបន្ទូលមកកាន់ស្តេចថា៖ «ហេតុការណ៍ទាំងនេះបណ្តាលមកពីសូល និង ពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។ 2ព្រះរាជាបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ(អ្នកស្រុកពុំមែនជាជនជាតិអ៊ីស្រាអែលទេ គឺជាជនជាតិអាម៉ូរីដែលនៅសេសសល់។ ជនជាតិអ៊ីស្រាអែលបានស្បថថាទុកជីវិតអោយពួកគេ ប៉ុន្តែ ព្រះបាទសូលរកសម្លាប់ពួកគេអោយផុតពូជ ដើម្បីសំដែងអោយជនជាតិអ៊ីស្រាអែល និង ជនជាតិយូដាឃើញថាស្តេចស្នេហាជាតិ)។ 3ព្រះបាទដាវីឌមានរាជឱង្ការសួរពួកគេថា៖«តើអោយយើងធ្វើដូចម្តេចចំពោះអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមពិធីណា ដើម្បីអោយអ្នករាល់គ្នាជូនពរដល់ប្រជារាស្ត្ររបស់ព្រះអម្ចាស់ »។ 4អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលព្រះបាទសូល និង រាជវង្សានុវង្សជំពាក់យើងខ្ញុំពុំអាចសងដោយមាសឬប្រាក់ទេ ឬដោយសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ឡើយ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្វីៗដែលអ្នករាល់គ្នាចង់បានយើងនឹងធ្វើតាម»។ 5អ្នកស្រុកគីបៀនទូលស្តេចថា៖ «ព្រះបាទសូលមានគោលបំណងកំទេច និង ប្រល័យយើងខ្ញុំអោយផុតពូជ ដោយពុំចង់ទុកអោយនរណាម្នាក់រស់រាន នៅលើទឹកដីអ៊ីស្រាអែលឡើយ។ 6ដូច្នេះ សូមព្រះករុណាប្រគល់មនុស្សប្រាំពីរនាក់ ក្នុងចំណោមពូជពង្សរបស់ព្រះបាទសូលមកអោយយើងខ្ញុំយើងខ្ញុំនឹងយកពួកគេទៅចង កនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅគីបៀរជាក្រុងរបស់ព្រះបាទសូលជាស្តេចដែលព្រះអម្ចាស់បានជ្រើសរើស»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងប្រគល់ពួកគេដល់អ្នករាល់គ្នា»។ 7ព្រះបាទដាវីឌសន្តោសប្រណីដល់លោកមភីបូសែត ជាបុត្ររបស់សម្តេចយ៉ូណាថាន និង ជាចៅរបស់ព្រះបាទសូល ព្រោះតែពាក្យដែលព្រះរាជាបានស្បថ ជាមួយសម្តេចយ៉ូណាថាននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ 8ព្រះរាជាបង្គាប់គេអោយទៅចាប់លោកអើម៉ូនី និង លោកមភីបូសែតជាកូនរបស់នាងរីសប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា គឺបុត្រដែលនាងបានបង្កើតថ្វាយព្រះបាទសូល។ ព្រះរាជាក៏អោយគេចាប់កូនប្រុសទាំងប្រាំរបស់នាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល គឺជាកូនដែលនាងបានបង្កើតជូនលោកអទ្រីអែលជាកូនរបស់លោកបាស៊ីឡៃជាអ្នកស្រុកមហូឡា។ 9ព្រះរាជាប្រគល់ពួកគេទៅអោយអ្នកស្រុកគីបៀន ដើម្បីយកទៅចង កនៅលើភ្នំចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ពួកគេទាំងប្រាំពីរនាក់បានស្លាប់ជាមួយគ្នា នៅដើមរដូវចំរូត។ 10នាងរីសប៉ា ជាកូនស្រីរបស់លោកអយ៉ាបានយកបាវទៅក្រាលលើផ្ទាំងថ្មមួយ ហើយស្ថិតនៅទីនោះ តាំងពីដើមរដូវចំរូត រហូតដល់ពេលមានភ្លៀងធ្លាក់មកលើសាកសព។ នៅពេលថ្ងៃនាងដេញសត្វមិនអោយហើរមកទំលើសាកសព នៅពេលយប់ នាងបានដេញសត្វព្រៃដែរ។ 11គេនាំដំណឹងទៅទូលព្រះបាទដាវីឌ ពីការដែលនាងរីសប៉ា ជាកូនរបស់លោកអយ៉ា និង ជាស្នំរបស់ព្រះបាទសូលបានប្រព្រឹត្ត។ 12ពេលនោះ ព្រះបាទដាវីឌយាងទៅយកអដ្ឋិធាតុរបស់ព្រះបាទសូល និង សម្តេចយ៉ូណាថានពីអ្នកក្រុងយ៉ាបេសនៅស្រុកកាឡាដ។ ក្រោយពេលព្រះបាទសូលទទួលបរាជ័យ នៅគីលបោជនជាតិភីលីស្ទីនបានយកសពរបស់ព្រះបាទសូល និង សម្តេចយ៉ូណាថានជាបុត្រ ទៅព្យួរនៅទីធ្លាក្រុងបេតសាន ហើយអ្នកក្រុងយ៉ាបេសនាំគ្នាលួចយកមកវិញ។ 13ព្រះបាទដាវីឌនាំយកអដ្ឋិធាតុរបស់ព្រះបាទសូល និង សម្តេចយ៉ូណាថាន ព្រមទាំងប្រមូលយកអដ្ឋិធាតុរបស់អ្នកទាំងប្រាំពីរដែលគេចងកនោះមកដែរ។ 14គេបានបញ្ចុះអដ្ឋិធាតុរបស់ព្រះបាទសូល និង សម្តេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាបិតារបស់ព្រះបាទសូលនៅសេឡាក្នុងស្រុកបេនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្តេច ហើយព្រះជាម្ចាស់ទ្រង់សំដែងព្រះហឫទ័យមេត្តាករុណាដល់ស្រុកនោះវិញ។ 15ពេលនោះ ជនជាតិភីលីស្ទីនបានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី។ ព្រះបាទដាវីឌនាំពលទាហានចេញទៅវាយជនជាតិភីលីស្ទីន។ ព្រះបាទដាវីឌនឿយហត់ជាខ្លាំង។ 16ជនជាតិភីលីស្ទីនម្នាក់ឈ្មោះយីសប៊ី-បេណូប ជាកូនចៅហារ៉ាផា គាត់មានលំពែងលង្ហិនមួយ ទម្ងន់ជាងបីគីឡូក្រាម និង ប្រដាប់ដោយអាវុធថ្មី។ គាត់មានបំណងនឹងធ្វើគុតព្រះបាទដាវីឌ។ 17ប៉ុន្តែ លោកអប៊ីសាយ ជាកូនរបស់លោកស្រីសេរូយ៉ាទៅជួយព្រះបាទដាវីឌ ហើយសម្លាប់ជនជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរព្រះបាទដាវីឌ សូមកុំអោយស្តេចយាងចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំអោយជនជាតិអ៊ីស្រាអែលបាត់បង់ស្តេច។ 18ក្រោយមក ជនជាតិភីលីស្ទីនច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី នៅកូប។ ពេលនោះលោកស៊ីបបាកាយជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភជាកូនចៅហារ៉ាផា។ 19បន្ទាប់មកទៀតមានកើតចំបាំងសាជាថ្មីជាមួយជនជាតិភីលីស្ទីននៅកូបដែរ។ ពេលនោះ លោកអែលហាណានជាកូនរបស់លោកយារេ-អូរេគីមជាអ្នកភូមិបេថ្លេហិម បានសម្លាប់កូលីយ៉ាត ជាអ្នកក្រុងកាថ។ ដងលំពែងរបស់កូលីយ៉ាតមានរាងដូចផ្សំរបស់កីតម្បាញ។ 20បន្ទាប់មក ក៏កើតមានចំបាំងសាជាថ្មីនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មានមាឌមាំមានម្រាមដៃ និង ម្រាមជើងម្ខាងៗប្រាំមួយសរុបទាំងអស់គាត់មានម្រាមម្ភៃបួន ហើយគាត់ជាកូនចៅរបស់ហារ៉ាផាដែរ។ 21គាត់បានបបួលជនជាតិអ៊ីស្រាអែលអោយចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណាថានជាកូនរបស់លោកសំាម៉ា និង ជាក្មួយរបស់ព្រះបាទដាវីឌបានសម្លាប់អ្នកនោះចោលទៅ។ 22ទាហានភីលីស្ទីនទាំងបួននាក់ដែលព្រះបាទដាវីឌ និង ពលទាហានបានសម្លាប់នោះ សុទ្ធតែជាកូនចៅហារ៉ាផា ជាអ្នកក្រុងកាថ។

will be added

X\